អន្តរជាតិ
រុស្ស៊ី បញ្ចូលសិង្ហបុរី ជប៉ុន កូរ៉េខាងត្បូងក្នុងបញ្ជីរដ្ឋអមិត្ត
08, Mar 2022 , 11:04 am        
រូបភាព
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាព៖ AFP
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាព៖ AFP
រដ្ឋាភិបាលរុស្ស៊ី នៅថ្ងៃទី៧ ខែមីនា បានអនុម័តបញ្ជីមួយបញ្ចូលរដ្ឋ និងដែនដីមួយចំនួន ដែលបានប្រព្រឹត្តិសកម្មភាពអមិត្តចំពោះរដ្ឋាភិបាល ក្រុមហ៊ុន និងប្រជាជនរុស្ស៊ី។ ប្រទេស និងដែនដីដែលស្ថិតក្នុង «បញ្ជីអមិត្ត» នេះ សុទ្ធតែបានដាក់ទណ្ឌកម្មលើរុស្ស៊ី ដែលបានឈ្លានពានអ៊ុយក្រែន។ សិង្ហបុរី ក៏ជាប្រទេសមួយ ស្ថិតក្នុងបញ្ជីរដ្ឋ និងដែនដីអមិត្តដែរ។

 
អាម៉េរិក កាណាដា សហភាពអឺរ៉ុប អង់គ្លេស អ៊ុយក្រែន ស្វ៊ីស ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី អូស្រ្តាលី តៃវ៉ាន់ និងបណ្តាប្រទេសជាច្រើនផ្សេងទៀត ត្រូវបានរុស្ស៊ីដាក់ក្នុងបញ្ជីនៃប្រទេស និងដែនដីរដ្ឋអមិត្ត បន្ទាប់ពីប្រទេសទាំងនោះ បានដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។ 
 
តាមរយៈបញ្ជីមួយនេះ រដ្ឋាភិបាលក្រុងមូស្គូ បានអនុញ្ញាតឱ្យរដ្ឋាភិបាល ក្រុមហ៊ុន និងប្រជាជនរុស្ស៊ី ដែលមានកាតព្វកិច្ចបង់បំណុលទៅប្រទេសស្ថិតក្នុងបញ្ជីអមិត្តនោះ ត្រូវប្រើប្រាស់ជារូបិយវត្ថុរូប្លិ៍ (ruble)។ នីតិវិធីបណ្តោះអាសន្នថ្មីនេះ នឹងអនុញ្ញាតឱ្យអនុវត្តចំពោះការបង់ប្រាក់ដែលមានទំហំលើសពី៧៦០៤៦ដុល្លារ ឬ១០លានរូប្ល ក្នុងមួយខែ។
 
ទន្ទឹមនេះ រាល់កិច្ចព្រមព្រៀងសារជីវកម្ម ដែលធ្វើឡើងរវាងក្រុមហ៊ុន និងប្រជាជនរុស្ស៊ី ជាមួយបណ្តាប្រទេស ដែលស្ថិតក្នុងបញ្ជីរដ្ឋ និងដែនដីអមិត្ត ត្រូវមានការឯកភាពដោយគណៈកម្មការរដ្ឋាភិបាលរុស្ស៊ីផងដែរ។ 
 
កន្លងមក រុស្ស៊ី បានអនុម័តក្រឹត្យមួយចំនួន ដើម្បីឆ្លើយតបនឹងទណ្ឌកម្មរបស់បរទេស។   នៅថ្ងៃទី១ ខែមីនា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយស្តីពីវិធានការសេដ្ឋកិច្ចពិសេស ដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុរបស់រុស្ស៊ី។ ក្រឹត្យនេះ បានហាមឃាត់លំហូរប្រាក់របស់បរទេស មកក្នុងរុស្ស៊ី លើសពី ១ម៉ឺនដុល្លារ។ មិនតែប៉ុណ្ណោះ រុស្ស៊ីបានរឹតបន្តឹងការអនុវត្តលើជនបរទេស ពាក់ព័ន្ធនឹង​ ​មូលបត្រ អចលនទ្រព្យ និង​កម្ចីថែមទៀត។ 
 
សូមបញ្ជាក់ថា បន្ទាប់ពីប្រកាសប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន រុស្ស៊ី បានរងទណ្ឌកម្មជាច្រើនសន្ធឹកសន្ធាប់ពីបស្ចិមប្រទេស និងប្រទេសផ្សេងទៀតដូចជា កូរ៉េខាងត្បូង ជប៉ុន និងសិង្ហបុរីជាដើម។ នេះ គឺជាការដាក់សម្ពាធលើរុស្ស៊ី ដើម្បីឱ្យផ្អាកប្រតិបត្តិការយោធានៅអ៊ុយក្រែន ដែលបានសម្លាប់ប្រជាជនស៊ីវិលជាច្រើននាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន៕ 
 

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com