អន្តរជាតិ
មន្ទីរបញ្ចកោណ៖ រុស្ស៊ីជ្រើសរើសអ្នកប្រយុទ្ធពីស៊ីរីឱ្យទៅប្រយុទ្ធនៅអ៊ុយក្រែន
08, Mar 2022 , 12:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
មន្ត្រីមន្ទីរបញ្ចកោណនៅថ្ងៃទី៧ ខែមីនា អះអាងថា រុស្ស៊ីជ្រើសរើសក្រុមប្រយុទ្ធពីស៊ីរី និងប្រទេស​ផ្សេង​ៗ​ទៀតដើម្បីទៅប្រយុទ្ធនៅសមរភូមិអ៊ុយក្រែន។ ទោះមិនច្បាស់ពីចំនួន មន្ទីរបញ្ចកោណ​នៅតែអះអាង​ថា ទាហានស៊ីឈ្នួលមួយចំនួនបានតៀមខ្លួនរួចរាល់ក្នុងការតតាំងនៅអ៊ុយក្រែន។

 
ភាពតានតឹងនៅអ៊ុយក្រែននៅតែបន្ត ហើយទ័ពរុស្ស៊ីនៅតែវាយប្រហារទីក្រុងធំៗនៅអ៊ុយក្រែន។ មក​ទល់ពេលនេះជនស៊ីវិលអ៊ុយក្រែនជាង ៤០០​ នាក់បានបាត់បង់ជីវិត និង​ទាហាន​រុស្ស៊ីជា​ង​១​ម៉ឺន​នាក់​បានស្លាប់។ នេះបើតាមទិន្នន័យពីយោធាអ៊ុយក្រែន។
 
ខណៈប្រតិបត្តិការពិសេសនៅតែបន្ត មន្ត្រីមន្ទីរបញ្ចកោណជឿថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន កំពុងជ្រើសរើសទាហានពីបរទេសមួយចំនួនឱ្យចូលទៅតតាំងក្នុងជម្លោះនៅអ៊ុយក្រែន។ មន្ត្រីទាំងនោះ​ក៏បានបន្តថា ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ រុស្ស៊ីបានជ្រើសរើសអ្នកប្រយុទ្ធ មកពីស៊ីរីដោយ​សង្ឃឹម​ថា​ក្រុមអ្នកប្រយុទ្ធទាំងនោះនឹងអាចជួយទាហានរុស្ស៊ីវាយក្ដោបក្ដាប់ទីក្រុងកៀវបាន។ នេះបើតាមកាសែត Wall Street Journal។
 
បើតាមកាសែតដដែល ក្រុមអ្នកប្រយុទ្ធមួយចំនួនបានទៅដល់ រុស្ស៊ីហើយពួកគេបានត្រៀមខ្លួនរួចរាល់​ចូលរួមការប្រយុទ្ធនៅអ៊ុយក្រែន។ ប៉ុន្តែមន្ត្រីរូបនោះមិនបានបញ្ជាក់ថា ទាហាស៊ីឈ្នួលប៉ុន្មាននាក់​នោះ​ទេដែលត្រូវបានជ្រើសរើស។
 
ទោះបីជាមិនមានចំនួនច្បាស់ថាទាហានបរទេសមានប៉ុន្មានដែលចូលរួមជាមួយកម្លាំងរុស្ស៊ី ក៏មន្ទីរបញ្ចកោណបញ្ជាក់ថា មិនមានហេតុផលដើម្បីសង្ស័យពីភាពមិនត្រឹមត្រូវនៃបាយការណ៍នេះនោះឡើយ។
 
ទាក់ទងរឿងនេះ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក  John Kirby បានប្រាប់អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ដដែល បញ្ជាក់ដែរថា  រុស្ស៊ីកំពុងពឹងលើក្រុមអ្នកប្រយុទ្ធស៊ីរី​ដើម្បីបង្កើន​កម្លាំង​របស់​ពួកគេ​នៅ​អ៊ុយក្រែន។ លោកក៏បានបន្តថា វាគួរឱ្យចាប់ អារម្មណ៍ដែលលោក ពូទីន ត្រូវពឹងផ្អែក​លើ​ទាហាន​បរទេសបែបនេះ។ តែលោកបានទទួលស្គាល់ថា មន្ទីរបញ្ចកោណ​មិន​បាន​ពិនិត្យ​មើល​ឱ្យ​បាន​ល្អ​ឥត​ខ្ចោះលើចំនួនអ្នកដែលចូលរួមក្នុងកងកម្លាំងរុស្ស៊ី។
 
គួរបញ្ជាក់ថា ក្រុមអ្នកប្រយុទ្ធបរទេស បានចូលរួមក្នុងសង្គ្រាមនៅអ៊ុយក្រែន ដោយគាំទ្រក្រុងកៀវដែរ។រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba អះអាងថា អ្នកប្រយុទ្ធស្ម័គ្រចិត្ត​បរទេស​ប្រហែល​២ម៉ឺននាក់បានធ្វើដំណើរទៅអ៊ុយក្រែន ដើម្បីចូលរួមជាមួយ​កងកម្លាំងរបស់ទីក្រុងកៀវ​ប្រឆាំង​រុស្ស៊ី៕
 
 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com