អន្តរជាតិ
UN៖ ជនស៊ីវិលជិត៤០០នាក់ស្លាប់ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចនៅអាហ្វហ្កានីស្ថាន
08, Mar 2022 , 2:30 pm        
រូបភាព
ពិធីបុណ្យសពជនរងគ្រោះដោយសារការវាយប្រហារនៅខេត្ត Nangarhar ភាគខាងកើតអាហ្វហ្កានីស្ថាន។ រូបថត Xinhua
ពិធីបុណ្យសពជនរងគ្រោះដោយសារការវាយប្រហារនៅខេត្ត Nangarhar ភាគខាងកើតអាហ្វហ្កានីស្ថាន។ រូបថត Xinhua
ដោយ:
របាយការណ៍របស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី៧ ខែមីនា បង្ហាញថា ជនស៊ីវិលជិត៤០០នាក់ នៅអាហ្វហ្កានីស្ថានត្រូវបានសម្លាប់ក្នុងការវាយប្រហារនានា តាំងពីតាលីបង់ចូលកាន់កាប់។ ជាង៨០ភាគរយ ត្រូវបានសម្លាប់ ក្រោមស្នាដៃបណ្ដាញជាប់ពាក់ព័ន្ធជាមួយក្រុមជ្រុលនិយមរដ្ឋឥស្លាម។ 

 
តាំងពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ពេលដែលក្រុមតាលីបង់ចូលគ្រប់គ្រងប្រទេស រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២២ កំណត់ត្រាអ្នកស្លាប់នៅអាហ្វហ្កានីស្ថានមានចំនួន៣៩៧នាក់។ នេះបើតាមរបាយការណ៍របស់​ UN ។ ភាគច្រើននៃអ្នកស្លាប់ទាំងនេះគឺដោយសារការវាយប្រហារជាបន្តបន្ទាប់ ដោយក្រុមរដ្ឋឥស្លាម ISIS-K ហើយមនុស្សជាង៥០នាក់ដែលជាប់សង្ស័យថា មានទំនាក់ទំនងជាមួយនឹងក្រុមសកម្មប្រយុទ្ធជ្រុលនិយម ក៏ត្រូវបានសម្លាប់ដែរ។
 
«ស្ថានភាពសិទ្ធិមនុស្សសម្រាប់ជនជាតិអាហ្វហ្កានីស្ថានជាច្រើន គឺស្ថិតនៅក្នុងការព្រួយបារម្ភយ៉ាងខ្លាំង»។ ​លោកស្រី Michelle Bachelet ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្សបញ្ជាក់បែបនេះពីទីក្រុងហ្សឺណែវ។
 
ប្រមុខសិទ្ធិមនុស្សរូបនេះបន្ថែមថា មេដឹកនាំតាលីបង់បានរឹតត្បិតសិទ្ធិ និងសេរីភាពរបស់ស្រ្តី សេរីភាពបញ្ចេញមតិ។ លោកស្រីក៏បង្ហាញក្ដីបារម្ភលើការបាត់ខ្លួនរបស់សកម្មជន និងបាតុករជាច្រើនផងដែរ និងកត់សម្គាល់ពីស្ថានភាពប្រជាជនអាហ្វហ្កានីស្ថាន កំពុងជួបប្រទះបញ្ហាមានវិបត្តិសេដ្ឋកិច្ច និងមនុស្សធម៌ដែលបង្អាក់ដល់សិទ្ធិវប្បធម៌ សង្គម និងសេដ្ឋកិច្ច។ លោកស្រីក៏បានអំពាវនាវឱ្យតាលីបង់ អនុញ្ញាតឱ្យស្រ្តីមានសេរីភាព និងចូលរួមឱ្យបានពេញលេញនៅក្នុងជីវិតសាធារណៈផងដែរ។
 
សូមបញ្ជាក់ថា ស្របពេលនឹងវិបត្តិមនុស្សធម៌ក្នុងប្រទេស ក្រុមតាលីបង់ប្រឈមនឹងការវាយប្រហារយ៉ាងខ្លាំងពីសំណាក់ក្រុម ISIS-K ដែលជាសត្រូវមនោគមវិជ្ជារបស់ពួកគេ។ ក្រុម ISIS-K បានលេចមុខដំបូងនៅភាគខាងកើតអាហ្វហ្កានីស្ថាននៅចុងឆ្នាំ២០១៤ ហើយមូលដ្ឋានរបស់ក្រុមនេះ ត្រូវបានប៉ាន់ស្មានថាបានរីករាលដាលកាន់តែច្រើន នៅអាហ្វហ្កានីស្ថានតាំងពីតាលីបង់ចូលកាន់អំណាច៕
 
 
 
 

Tag:
 UN
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com