អន្តរជាតិ
អ៊ុយក្រែន កោះហៅកម្លាំងទ័ពមួកខៀវរបស់ខ្លួនឱ្យមកជួយការពារប្រទេស
08, Mar 2022 , 3:44 pm        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ AFP
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ AFP
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីកោះហៅកម្លាំងរក្សាសន្តិភាពរបស់ខ្លួនដែលបំពេញភារកិច្ចឱ្យអង្គការសហប្រជាជាតិ (UN) និងប្រមូលនាំសម្ភារយោធាឱ្យត្រលប់មកប្រទេសវិញ ដើម្បីជួយការពារប្រទេសពីការឈ្លានពានរបស់រុស្ស៊ី។ អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Andriy Sybiha បានបញ្ជាក់បែបនេះ នៅលើបណ្តាញសង្គម Facebook ក្នុងថ្ងៃទី៨ ខែមីនា។

 
ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅតែបន្តនៅអ៊ុយក្រែន បើទោះភាគីទាំងពីរ បានបើកការចរចាចំនួន ៣លើកក្តី។ ដោយសារការវាយប្រហារពីសំណាក់រុស្ស៊ីបែបនេះ កន្លងមក អ៊ុយក្រែនបានហាមឃាត់បុរសវ័យពី ១៨ឆ្នាំ ទៅ៦០ឆ្នាំចាកចេញពីប្រទេស ដើម្បីការពារមាតុភូមិ។ មេដឹកនាំអ៊ុយក្រែន បានកោះហៅកម្លាំងមួកខៀវ ត្រលប់មកប្រទេសវិញ។ 
 
«ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសម្រេចកោះហៅកម្លាំងការពារសន្តិភាព ទាហានមានជំនាញខ្ពស់ពីបេសកកម្មទាំងអស់នៅជុំវិញពិភពលោក ត្រលប់មកប្រទេសវិញ»។ លោក Sybiha បានបញ្ជាក់បែបនេះ។ ទន្ទឹមនេះ មេដឹកនាំអ៊ុយក្រែន បានបញ្ជាឱ្យនាំយកសម្ភារយោធា ដែលប្រើប្រាស់ ក្នុងបេសកកម្មនោះ ត្រលប់មកប្រទេសវិញផងដែរ។ 
 
ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈមក រុស្ស៊ី បានបើកការវាយប្រហារយ៉ាងខ្លាំង និងបានបំផ្លាញសម្ភារយោធាអ៊ុយក្រែនជាច្រើន។ មិនតែប៉ុណ្ណោះ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក៏ខូចខាតច្រើនដែរ ខណៈប្រជាជនស៊ីវិល ជាច្រើនកំពុងត្រូវការជំនួយមនុស្សធម៌។ 
 
ស្របពេលវិបត្តិអ៊ុយក្រែនកំពុងតែក្តៅ ជប៉ុន និងអូស្រ្តាលី នៅថ្ងៃទី៧ ខែកុម្ភៈ បានដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ី។ តាមរយៈទណ្ឌកម្មចុងក្រោយ ជប៉ុន បានហាមឃាត់នាំចេញឧបករណ៍ចម្រាញ់ប្រេងទៅរុស្ស៊ី រួមទាំងបង្កកទ្រព្យសម្បត្តិជនជាតិរុស្ស៊ី និងបេឡារុសចំនួន ៣២នាក់ និងក្រុមហ៊ុនចំនួន ១២។ ចំណែកអូស្រ្តាលីវិញ បានផ្តោតទណ្ឌកម្មលើយោធារុស្ស៊ី និងបុគ្គលចំនួន ១០រូប ដែលផ្តល់ផលប្រយោជន៍ដល់រុស្ស៊ី៕ 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
  UN
© រក្សាសិទ្ធិដោយ thmeythmey.com