ជាតិ
សកម្មជនស្រ្តី ចង់បានការគាំពារ និងបញ្ឈប់ការគំរាមកំហែងលើស្រី្ត
08, Mar 2022 , 5:39 pm        
រូបភាព
សកម្មជនស្រី្ត
សកម្មជនស្រី្ត
ភ្នំពេញ៖ សកម្មជនស្ត្រី លើផ្នែកបរិស្ថាន និងសិទ្ធិមនុស្ស អះអាងថា ពួកគេនៅតែជួបការរើសអើង ការបៀតបៀន និងការគំរាមកំហែង ខណៈពួកគេប្រឹងប្រែងការងារសង្គម ពិសេសលើផ្នែកតស៊ូមតិដោយអហិង្សា។ ពួកគេ ទទូចឲ្យគ្រប់មជ្ឈដ្ឋានជុំវិញខ្លួន ជួយលើកទឹកចិត្ត និងគាំពារ រួមទាំងបញ្ឈប់ការគំរាមកំហែងដល់សកម្មជនទាំងអស់ ជាពិសេសស្រី្ត។

 
កញ្ញា ភួន កែវ រស្មី សកម្មជនបរិស្ថាន និងជាសមាជិកនៃអតីតអង្គការមាតាធម្មជាតិ 
បានរៀបពីបញ្ហាប្រឈមរបស់ខ្លួន ដែលរងសម្ពាធផ្លូវចិត្ត នៅក្នុងការបំពេញការងារ។ បញ្ហាផ្លូវចិត្តនេះ គឺដោយសារគ្រួសារ រស្មី តែងតែព្រួយបារម្ភពីសុខទុក្ខ ដោយពុំចង់ឲ្យកូនធ្វើការងារណា ដែលប្រឈមឬជួបគ្រោះថ្នាក់ឡើយ។ កញ្ញា បានបាត់មិត្តភាពជិតដិតជាមួយមិត្តមួយចំនួន ក៏ព្រោះមិនចង់ឲ្យនាំទុក្ខដល់ពួកគេដោយប្រការណាមួយ។ 


 កញ្ញា កែវ យ៉ារី អ្នកពង្រឹងចំណេះដឹងយុវជននៃCYN។ រូបពី ទំព័រហ្វេសប៊ុករបស់កញ្ញា យ៉ារី 

លើសពីនេះ ជារឿយៗ កញ្ញាតែទទួលបានពាក្យរិះគន់ពីអ្នកនៅជុំវិញខ្លួនថា៖ «(ខ្លួនជា)ស្រីកុំប្រឹងធ្វើរឿងពិបាកៗក្នុងសង្គម នៅតែរៀនឲ្យចប់ធ្វើការតិចតួច ហើយការប្ដីទៅ ជាការយោជ័យរបស់មនុស្សស្រីហើយ!»។ ជាអ្នកខ្វល់ខ្វាយនិងសកម្មលើការងារបរិស្ថាន កញ្ញារងភាពអយុត្តិធម៌ ដោយត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនអស់១៤ខែ មុននឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ដោយស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។ 
 
សកម្មជនបរិស្ថានវ័យក្មេងរូបនេះ សង្ឃឹមថា គ្រប់ក្រុមគ្រួសារទាំងអស់នឹងគាំទ្រសេចក្ដីសម្រេចចិត្តរបស់កូនស្រី លើសមភាពយេនឌ័រ ព្រោះកិច្ចអ្វីក៏ដោយនៅក្នុងសង្គម គឺត្រូវការស្រី្តចូលរួម។ ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី៨មីនា កញ្ញាថ្លែងយ៉ាងដូច្នេះ៖ «ខ្ញុំចង់ឲ្យមានការគាំទ្រ ជួយជោមជ្រែងបន្ថែម ចំពោះសេចក្ដីសម្រេចចិត្តរបស់ស្រី្ត ដើម្បីឲ្យស្រី្តក្លាយជាអ្វីដែលពួកគេចង់បាន ហើយការអភិវឌ្ឍគ្រប់វិស័យនឹងល្អប្រសើរ កាលណាមានស្រី្តចូលរួម»។ 
 
កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា យុវជនក្រុមខ្មែរថាវរៈ ដែលធ្លាប់ពន្ធនាគារ ដោយសារការទាមទារឲ្យមានការដោះលែងលោក រ៉ុង ឈុន ពិនិត្យឃើញថា សកម្មជនដែលឈឺឆ្អាលនឹងបញ្ហាសង្គម តែងរងការចាប់ឃុំឃាំង ជាប់ទោស និងហិង្សាគ្រប់រូបភាព។ សកម្មជនសិទ្ធិមនុស្សរូបនេះ ទាមទារឲ្យរដ្ឋាភិបាលទម្លាក់បទចោទនិងដោះលែងសកម្មជននានាទាំងអស់ ដើម្បីជំរុញឲ្យសកម្មជនចូលរួមដោះស្រាយបញ្ហាសង្គម រួមនឹងរដ្ឋាភិបាល។ 
 


កញ្ញា ភួន កែវរស្មី សកម្មជនបរិស្ថាន។ រូបពី ទំព័រហ្វេសប៊ុករបស់កញ្ញា រស្មី

«ខ្ញុំសំណូមពរឲ្យរដ្ឋាភិបាលបើកចំហរសេរីភាពប្រជាធិបតេយ្យឡើងវិញ ហើយងាកមកដោះស្រាយបញ្ហាប្រជាជន ពិសេសបញ្ហាដីធ្លី ធនធានធម្មជាតិ បញ្ហាការងារ ជាជាងប្រើអំណាចនិងកងកម្លាំងគំរាមកំហែង»។ នេះបើតាមកញ្ញា អេង ម៉ាឡៃ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ដោយអំពាវនាវឲ្យសាធារណជនគ្រប់រូប និងរដ្ឋាភិបាលរួមគ្នាលុបបំបាត់ហិង្សា ពិសេសចំពោះស្រី្ត។ 
 
កញ្ញា កែវ យ៉ារី  ដែលជាមន្រី្តសម្របសម្រួលនិងជាអ្នកពង្រឹងសិទ្ធិអំណាចយុវជន នៅសមាគមបណ្ដាញយុវជនកម្ពុជា(CYN) ក៏មើលឃើញពីបញ្ហាប្រឈមរបស់ស្រី្ត ដូចសកម្មជនទាំងពីរខាងលើដែរ។ ប៉ុន្តែចំពោះកញ្ញាផ្ទាល់ពុំសូវរងបញ្ហាប្រឈមខ្លាំងឡើយ។


កញ្ញា អេង ម៉ាឡៃ យុវជនខ្មែរថវរៈ។ រូបពី ទំព័រហ្វេសប៊ុករបស់កញ្ញា ម៉ាឡៃ 

ដោយសារកញ្ញាធ្វើការជាមួយយុវជន លើផ្នែកពង្រឹងការយល់ដឹងពីសិទ្ធិដល់ពួកគេ មិនបានចុះធ្វើសកម្មភាពពាក់ព័ន្ធ នឹងបញ្ហារសើបក្នុងសង្គមនោះទេ។ យ៉ាងណាក៏ដោយ កញ្ញាចង់ឃើញស្រី្តវ័យក្មេងគ្រប់រូប ចូលរួមកិច្ចសង្គមឲ្យបានច្រើន ខណៈស្រី្តបច្ចុប្បន្នមានកម្រិតវប្បធម៌ចំណេះដឹងបានខ្ពស់ដូចបុរស។ 
 
«ស្រី្តយើងសព្វថ្ងៃទទួលបានការសិក្សាខ្ពស់ ខ្ញុំឃើញស្រី្តវ័យក្មេងកាន់តែសកម្មក្នុងកិច្ចសង្គម ហើយការចូលរួមនេះ នឹងកាន់តែមានឥទ្ធិពលតាមកម្រិតចំណេះដឹងរបស់ស្រី្ត»។ នេះជាការលើកឡើងរបស់ កញ្ញា យ៉ារី ដោយបន្ថែមថា ការចូលរួមបែបនេះ នឹងធ្វើស្រី្តក្លាហានទាំងនោះ ក្លាយជាគំរូដល់ស្រី្តវ័យក្មេងជំនាន់ក្រោយទៀតផងដែរ៕ 
 

Tag:
 សកម្មជន
  ស្រី្ត
© រក្សាសិទ្ធិដោយ thmeythmey.com