អន្តរជាតិ
លោកស្រី រ៉េតណូ ម៉ាស៊ូឌី រដ្ឋមន្រ្តីការបរទេសស្រ្តីតែមួយគត់នៅអាស៊ាន
08, Mar 2022 , 7:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី រ៉េតណូ ម៉ាស៊ូឌី ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី រ៉េតណូ ម៉ាស៊ូឌី ។ រូបថត AFP
បើនិយាយពីតួនាទីរដ្ឋមន្ត្រីការបរទេសដែលជាតួនាទីខ្ពស់ និងសំខាន់មួយក្នុងជួររដ្ឋាភិបាលក្នុង​តំបន់​អាស៊ីអាគ្នេយ៍ លោកស្រី រ៉េតណូ ម៉ាស៊ូឌី (Retno Marsudi) របស់ឥណ្ឌូណេស៊ី ជាស្រ្តីតែមួយគត់ក្នុងចំណោមរដ្ឋមន្រ្តីទាំង១០។ ពិសេសជាងនេះ លោកស្រីក៏ជាស្ត្រីទីមួយដែល​កាន់តំណែង​ជា​ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី​ទៀត​ផង។

 
តើលោកស្រី រ៉េតណូ ម៉ាស៊ូឌី មានបទពិសោធជីវិតបែបណារហូតអាចកាន់តំណែងជារដ្ឋមន្រ្តីការបរទេសរបស់មហាអំណាចតំបន់ ហើយបានគាំទ្រតួនាទីស្ត្រីក្នុងសង្គមយ៉ាងដូចម្តេចខ្លះ?
 
កើតនៅក្នុងទីក្រុង Semarang ភាគកណ្ដាលនៃកោះជ្វាក្នុងឆ្នាំ១៩៦២ លោកស្រី ម៉ាស៊ូឌី បញ្ចប់​ការ​សិក្សាមុខវិជ្ជាទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យ Gadjah Mada ក្នុងទីក្រុង Yogyakarta។ បន្ទាប់មកក្នុងឆ្នាំ១៩៨៥ លោកស្រីក៏បានបន្តការសិក្សាជំនាញ​ច្បាប់​សហភាព​អឺរ៉ុប​នៅ​សាកល​វិទ្យា​ល័យ The Hague University of Applied Sciences របស់ហូឡង់។ ក្រៅពីនេះ លោកស្រី​ក៏​សិក្សា​មុខជំនាញការសិក្សាសិទ្ធិមនុស្សនៅសាកលវិទ្យាល័យ​អូស្លូ​នៅ​ន័រវេស​ផង​ដែរ។
 
ក្រោយបញ្ចប់ការសិក្សានៅហូឡង់ លោកស្រី ម៉ាស៊ូឌី បានចូលបម្រើការងារជាមន្ត្រី​លេខាធិកា​រ​ពាណិជ្ជកម្មសម្រាប់ឥណ្ឌូណេស៊ី មុនពេលត្រូវបានតែងតាំងជាអគ្គរដ្ឋទូតប្រចាំន័រវេស និងអ៊ីស្លង់ក្នុងឆ្នាំ ២០០៥។ បន្ទាប់មក លោកស្រី Marsudi ត្រូវបានកោះហៅត្រឡប់ទៅទីក្រុងហ្សាការតាវិញ​ដើម្បី​ទទួលបន្ទុកចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសម្រាប់ឥណ្ឌូណេស៊ី។
 


 រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី រ៉េតណូ ម៉ាស៊ូឌី (ស្ដាំទី៣) ឈរថតរូបជាមួយប្រមុខការទូតអាស៊ានផ្សេងទៀត។ រូបថត Xinhua

មុខតំណែងចុងក្រោយមុនលោកស្រីក្លាយជារដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីននោះគឺជា អគ្គរដ្ឋទូត​ឥណ្ឌូណេស៊ីប្រចាំហូឡង់។ ក្នុងអំឡុងពេលបំពេញការងារនៅទីក្រុងឡាអេ លោកស្រី​បាន​ធ្វើការ​ជា​ច្រើនដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីជាមួយហូឡង់។ 
 
នេះទំនងជាកត្តាមួយដែលជំរុញឱ្យប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ ​​​វីដូដូ ចាប់អារម្មណ៍ និង​សមត្ថភាព​របស់លោកស្រី និងបានតែងតាំងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសសេដ្ឋកិច្ចធំ​មួយ​ប្រចាំ​អាស៊ីអាគ្នេយ៍​ក្នុងឆ្នាំ២០១៤។
 
ក្នុងនាមជារដ្ឋមន្ត្រីការបរទេសនៃប្រទេសប្រជុំកោះដែលមានបញ្ហាដែនសមុទ្រជាច្រើន លោកស្រី ម៉ាស៊ូឌី ត្រូវចំណាយពេលច្រើនពិភាក្សាជាមួយទីក្រុងកង់ប៉េរ៉ានិងទីក្រុងប៉េកាំងដែលជាដៃគូដ៏សំខាន់ទាំងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ 
 
ក្នុងជម្លោះសមុទ្រចិនខាងត្បូងដែលជាបញ្ហាចម្បងមួយនៅតំបន់អាស៊ីអាគ្នេយ៍ ហើយក៏ជាបញ្ហាមួយ​ដែលអាស៊ាន និងឥណ្ឌូណេស៊ីត្រូវដោះស្រាយ លោកស្រី ម៉ាស៊ូឌី បានព្យាយាមផ្តល់​អាទិភាព​ដល់​ការ​ឈរលើមូលដ្ឋានសន្តិភាព ដើម្បីរក្សាស្ថិរភាពក្នុងតំបន់ និងជំរុញឱ្យប្រទេសទាមទារ​ដោះស្រាយ​ជាមួយ​គ្នា។
 
លើសពីនេះ រដ្ឋមន្ត្រីការបរទេសរូបនេះបានជំរុញឱ្យស្ត្រីមានតួនាទីសំខាន់នៅក្នុងសង្គម និង​ផ្ដោត​សំខាន់លើការពង្រឹងអំណាចស្ត្រីមិនត្រឹមតែក្នុងកម្រិតជាតិប៉ុណ្ណោះទេ តែក៏​ពង្រីក​ទៅ​កម្រិតតំបន់ និង​ពិភពលោកផងដែរ។ ក្នុងកម្រិតតំបន់ លោកស្រី​បាន​ជំរុញ​ឱ្យ​ឥណ្ឌូណេស៊ី​បើក​វគ្គបណ្តុះ​បណ្តាល​ថ្នាក់​តំបន់ស្តីពីស្ត្រី, សន្តិភាព និងសន្តិសុខ, បណ្តាញ​អាស៊ី​អាគ្នេយ៍នៃអ្នកចរចា​សន្តិភាពស្ត្រី និងអ្នក​សម្រុះ​សម្រួលដើម្បីបង្កើនសមត្ថភាពរបស់ស្ត្រីក្នុងការដោះស្រាយជម្លោះ និងការ​សម្របសម្រួល។
 
«ស្ត្រីគឺជាភ្នាក់ងារសន្តិភាព។ ការចូលរួមរបស់ស្ត្រីមានន័យថា មានមនុស្សធម៌​ក្នុង​ដំណើរ​ការ​ចរចា​»។ នេះជាការលើកឡើងរបស់លោកស្រី ម៉ាស៊ូឌី កន្លងមក។
 
គួរបញ្ជាក់ថា ការលើកកម្ពស់សមភាពយេនឌ័រ (PUG) និងបញ្ហាស្ត្រី សន្តិភាព និងសន្តិសុខ (WPS) ជាអាទិភាពមួយចំនួននៃគោលនយោបាយការបរទេសរបស់ឥណ្ឌូណេស៊ី។ គំនិតផ្តួចផ្តើម និង​កម្មវិធី​ផ្សេងៗត្រូវបានផ្សព្វផ្សាយដោយក្រសួងការបរទេសឥណ្ឌូណេស៊ីទៀតផង៕
 

Tag:
 ឥណ្ឌូណេស៊ី
  ស្ត្រី
  Retno Marsudi
© រក្សាសិទ្ធិដោយ thmeythmey.com