អន្តរជាតិ
ប្រមុខការទូតចិន៖ គោលដៅពិតនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់អាម៉េរិក គឺបង្កើតណាតូនៅអាស៊ី
08, Mar 2022 , 8:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី នាសន្និសីទសារព័ត៌មានថ្ងៃទី៧ ខែមីនា។ រូបថត Xinhua
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី នាសន្និសីទសារព័ត៌មានថ្ងៃទី៧ ខែមីនា។ រូបថត Xinhua
រដ្ឋមន្រ្តីការបរទេស​ចិន វ៉ាង យី នៅថ្ងៃទី៧ ខែមីនា បានរិះគន់យុទ្ធសាស្រ្តរបស់អាម៉េរិកនៅឥណ្ឌូប៉ាស៊ីហ្វិក។ អាម៉េរិក បានប្រមូលដៃគូរបស់ជាច្រើនក្នុងតំបន់ ហើយបង្កើតជាសម្ព័ន្ធភាពមាន Quad និង AUKUS ជាដើម។ លោក វ៉ាង លើកឡើងថា គោលដៅពិតប្រាកដនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់អាម៉េរិក គឺការបង្កើតអង្គការណាតូថ្មីមួយនៅអាស៊ី តែការប៉ុនប៉ងបែបនេះនឹងបរាជ័យ។


ក្នុងសន្និសីទ​កាសែត​អំឡុង​សម័យ​ប្រជុំ​លើក​ទី​ប្រាំ​នៃ​សភា​ប្រជាជន​​លើក​ទី​១៣ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានចោទប្រកាន់អាម៉េរិកថាមានបំណងបង្កើតអង្គការណាតូថ្មីនៅអាស៊ី ដើម្បីទប់ទល់ឥទ្ធិពលចិនក្នុងតំបន់ដោយប្រើយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក។ 
 
«គោលដៅ​ពិតប្រាកដ​សម្រាប់​យុទ្ធសាស្ត្រ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក គឺបង្កើតអង្គការណាតូថ្មី។ សកម្មភាពដ៏ច្របូកច្របល់ទាំងនេះ ផ្ទុយពីបំណងប្រទេសក្នុងតំបន់ ហើយនឹងត្រូវបរាជ័យ»។ លោក វ៉ាង បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៧ ខែមីនា មុនបន្ថែមថា យុទ្ធសាស្ត្រនេះ មានគោលបំណងរក្សាអនុត្តរភាពរបស់អាម៉េរិកក្នុងតំបន់។ ប៉ុន្តែលោកព្រមានថា នឹងធ្វើឱ្យខូចខាតកិច្ចសហប្រតិបត្តិការក្នុងតំបន់ដែលផ្តោតលើអាស៊ាន ការសម្របសម្រួលផលប្រយោជន៍រួមរយៈពេលវែងរបស់ប្រទេសក្នុងតំបន់។
 
បើតាមប្រមុខការទូតចិន អាស៊ីប៉ាស៊ីហ្វិកជាទឹកដីសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ មិនមែនជាក្តារអុកសម្រាប់ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនោះទេ។ លោក វ៉ាង ក៏រិះគន់ទៀតថា អាម៉េរិកតែងប្រកាសបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ ប៉ុន្តែការពិតអាម៉េរិក កំពុងធ្វើឱ្យមានការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយក្នុងតំបន់ទៅវិញ។
 
ក្រៅតែពីនេះលោក វ៉ាង ក៏បាននិយាយថា យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់អាម៉េរិកកំពុងប្រែក្លាយតំបន់នេះឱ្យទៅជាប្លុកនយោបាយថែមទៀត។ លោក វ៉ាង ​សំដៅ​ទៅ​លើសម្ព័ន្ធភាព Quad រវាង អាម៉េរិក ឥណ្ឌា អូស្ត្រាលី និង​ជប៉ុន និងសម្ព័ន្ធភាព AUKUS រវាងអាម៉េរិក អង់គ្លេស និង អូស្ត្រាលី ដើម្បីទប់ទល់ការកើនឡើងឥទ្ធិពលរបស់ចិនក្នុងតំបន់តែម្ដង។ 
 
ពាក់ព័ន្ធនឹងបញ្ហានេះ លោក វ៉ាង អះអាងថា ក្នុង​នាម​ជា​ប្រទេស​អធិបតេយ្យ និងមានឯករាជ្យ ចិន​មាន​សិទ្ធិ​គ្រប់​យ៉ាង​ក្នុង​ការ​ធ្វើ​អ្វី​ដែល​ចាំបាច់​ដើម្បី​ការពារ​យ៉ាង​ម៉ឺងម៉ាត់​នូវ​ផលប្រយោជន៍​ស្រប​ច្បាប់​របស់​ខ្លួន។ លោកក៏បានព្រមានទៀតថា សកម្មភាព​របស់អាម៉េរិក​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ទ្វេភាគី​ជា​រួម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បំផ្លាញ​សន្តិភាព និង​ស្ថិរភាព​អន្តរជាតិ​ផង​ដែរ៕
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com