អន្តរជាតិ
រុស្ស៊ី៖ ការហាមឃាត់នាំចូលប្រេងពីរុស្ស៊ី នឹងនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ
08, Mar 2022 , 9:29 pm        
រូបភាព
លោក  Alexander Novak ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី។ រូបភាព៖ Reuters
លោក Alexander Novak ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី។ រូបភាព៖ Reuters
ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី Alexander Novak នៅថ្ងៃទី៧ ខែមីនា បានព្រមានថា ការហាមឃាត់នាំចូលប្រេងពីរុស្ស៊ី នឹងនាំឱ្យមានផលវិបាកធ្ងន់ធ្ងរសម្រាប់ទីផ្សារសកល។ ការព្រមាននេះ ធ្វើឡើងស្របពេលតម្លៃប្រេងនៅទីផ្សារសកល កំពុងហក់ឡើងខ្លាំង ហើយបស្ចិមប្រទេស មិនចុះសម្រុង ក្នុងការហាមឃាត់នាំចូលប្រេង និងហ្គាសពីរុស្ស៊ី។

 
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន, ប្រធានាធិបតីបារាំង ម៉ានុយអែល ម៉ាក្រុង, អធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហូល  និងនាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន បានជួបពិភាក្សាគ្នា តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៧ ខែមីនា ស្តីពីស្ថានការណ៍វិវដ្ដនៅអ៊ុយក្រែន។ ភាគីទាំងបួនបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តដាក់សម្ពាធលើរុស្ស៊ី ដែលនៅតែបន្តវាយប្រហារលើអ៊ុយក្រែន។ 
 
ទោះបស្ចិមប្រទេសនៅតែដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីក្ដី ការដាក់ទណ្ឌកម្មលើការនាំចូលប្រេង និងឧស្ម័នរុស្ស៊ី ទៅបណ្តាប្រទេសអឺរ៉ុបមិនត្រូវបានសម្រេចឡើយ ដោយសារចំណាត់ការបែបនេះ ធ្វើឱ្យប៉ះពាល់ដល់ អឺរ៉ុបដែលពឹងផ្អែកយ៉ាងខ្លាំងលើប្រេង និងហ្គាសមកពីរុស្ស៊ី។ តាមការបញ្ជាក់របស់អធិការបតីអាល្លឺម៉ង់នៅថ្ងៃទី៧ ខែមីនា ការហាមឃាត់លើប្រេង និងហ្គាសរបស់រុស្ស៊ី នឹងធ្វើឱ្យសន្តិសុខថាមពលអឺរ៉ុបប្រឈមហានិភ័យខ្ពស់។ 
 
បន្ទាប់ពីមានការប៉ុនប៉ងដាក់ទណ្ឌកម្មលើការនាំចូលប្រេង និងហ្គាសពីបស្ចិមប្រទេស រុស្ស៊ីបានព្រមានតម្លៃប្រេង នៅលើទីផ្សារសកល នឹងហក់ឡើងខ្ពស់។ 
 
«ការហាមឃាត់ប្រេងរុស្ស៊ី នឹងនាំឱ្យមានផលវិបាកធ្ងន់ធ្ងរសម្រាប់ទីផ្សារសកល»។ លោក Alexander Novak ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី បានសង្កត់ធ្ងន់បែបនេះដោយបន្ថែមថា តម្លៃប្រេងនឹងកើនឡើង ដោយមិនអាចរំពឹងទុកបាន ពោលគឺអាចកើនលើសពី ៣០០ដុល្លារ ក្នុងមួយបារ៉ែល។ 
 
បើតាមលោក Novak ដែលស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ី សហភាពអឺរ៉ុប មិនអាចរកប្រភពផ្សេងដើម្បីជំនួសប្រេង និងហ្គាសរុស្ស៊ីបានភ្លាមៗឡើយ ហើយវាអាចប្រើរយៈពេលច្រើនជាង១ឆ្នាំ ខណៈប្រជាជនអឺរ៉ុប នឹងត្រូវចំណាយច្រើនជាងមុនលើថាមពល។ ទន្ទឹមនេះ ថ្នាក់ដឹកនាំរុស្ស៊ីរូបនេះ បន្តទៀតថា ដើម្បីសងសឹកនឹងការផ្អាកផ្តល់អាជ្ញាប័ណ្ណគម្រោងបង្ហូរឧស្ម័នធម្មជាតិ Nord Stream 2 រុស្ស៊ីអាចនឹងផ្អាកប្រព័ន្ធបង្ហូរ Nord Stream 1 វិញ។ 
 
តម្លៃប្រេង នៅព្រឹកថ្ងៃទី៧ ខែមីនា បានហក់ឡើងដល់១៣៩,១៣ ដុល្លារ ក្នុងមួយបារ៉ែល សម្រាប់ទីផ្សារប្រេង Brent និង ១៣០,៥០ដុល្លារ ក្នុងមួយបារ៉ែលសម្រាប់ទីផ្សារ US West Texas Intermediate។ កាលពីឆ្នាំ២០០៨ ពេលតតម្លៃប្រេងហក់ឡើងខ្លាំង ប្រេងមួយបារ៉ែឡមានតម្លៃ១៤៧,៥០ដុល្លារ សម្រាប់ទីផ្សារ Brent និង១៤២,២៧ សម្រាប់ទីផ្សារUS West Texas Intermediate។
 
សូមបញ្ជាក់ថា បន្ទាប់ពីប្រកាសប្រតិបត្តិការពិសេសនៅអ៊ុយក្រែន រុស្ស៊ី បានរងទណ្ឌកម្មជាច្រើន ខណៈអាល្លឺម៉ង់ បានប្រកាសផ្អាកផ្តល់អាជ្ញាប័ណ្ណដល់ Nord Stream 2។ សហភាពអឺរ៉ុប គឺជាប្លុកមួយ ដែលពឹងផ្អែកយ៉ាងខ្លាំងលើឧស្ម័នធម្មជាតិ និងប្រេងពីរុស្ស៊ី ដែលមានតម្លៃទាប និងនៅជិត។ ប្រសិនបើអឺរ៉ុបដាក់ទណ្ឌកម្មលើរុស្ស៊ី ទាក់ទិននឹងហ្គាស និងប្រេង អឺរ៉ុបអាចប្រឈមវិបត្តិខ្វះថាមពលធ្ងន់ធ្ងរ៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  អឺរ៉ុប
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com