អន្តរជាតិ
World Bank អនុម័តកញ្ចប់ប្រាក់កម្ចី និងជំនួយ៧២៣លានដុល្លារដល់អ៊ុយក្រែន
08, Mar 2022 , 10:29 pm        
រូបភាព
ប្រជាជនអ៊ុយក្រែននៅតំបន់ Donetsk ទទួលជំនួយមនុស្សធម៌។ រូបថត Xinhua
ប្រជាជនអ៊ុយក្រែននៅតំបន់ Donetsk ទទួលជំនួយមនុស្សធម៌។ រូបថត Xinhua
ដោយ:
ធនាគារពិភពលោក (World Bank) នៅថ្ងៃទី៧ ខែមីនាប្រកាសថា ក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួនអនុម័តកញ្ចប់ប្រាក់កម្ចី និងជំនួយ៧២៣លានដុល្លារដល់រដ្ឋាភិបាលអ៊ុយក្រែន ខណៈអ៊ុយក្រែនកំពុងប្រយុទ្ធតទល់នឹងការឈ្លានពានរបស់រុស្ស៊ី។

 
កញ្ចប់លុយដែលអនុម័តដោយក្រុមប្រឹក្សាប្រតិបត្តិធនាគារពិភពលោក (World Bank)នៅថ្ងៃទី៧ ខែមីនា រួមបញ្ចូលប្រាក់កម្ចី៣៥០លានដុល្លារបន្ថែមទៅនឹងប្រាក់កម្ចីរបស់World Bank លើកមុនចំនួន១៣៩លានដុល្លារដែលផ្តល់ឱ្យដោយហូឡង់ និងស៊ុយអ៊ែត ១៣៤លានដុល្លារពីអង់គ្លេស ដាណឺម៉ាក ឡេតូនី​ លីទុយអានី និងអ៊ីស្លង់​​ ហើយ១០០លានដុល្លារពីហិរញ្ញប្បទានរបស់ជប៉ុន។ ពោលគឺកញ្ចប់ប្រាក់កម្ចី និងជំនួយសរុបដែល World Bank ផ្តល់ឱ្យអ៊ុយក្រែនមានចំនួន៧២៣លានដុល្លារ។ 
 
«ក្រុម World Bank កំពុងចាត់វិធានការឱ្យបានឆាប់រហ័សដើម្បីជួយដល់អ៊ុយក្រែន និងប្រជាជនអ៊ុយក្រែនក្នុងការប្រឈមមុខនឹងការគំរាម និងការជ្រៀតជ្រែករបស់រុស្ស៊ី»។ លោក David Malpass ប្រធាន World Bank លើកឡើងបែបនេះរបស់នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដោយបន្តថា ក្រុម World Bank ឈរជាមួយប្រជាជនអ៊ុយក្រែន។ លោកបញ្ជាក់ថា នេះជាជំហានដំបូងក្នុងចំណោមជំហានជាច្រើនទៀតដែល World Bank កំពុងអនុវត្តដើម្បីជួយដោះស្រាយផលប៉ះពាល់នៃវិបត្តិនេះទៅលើប្រជាជន និងសេដ្ឋកិច្ចអ៊ុយក្រែន។
 
ទាក់ទិននឹងប្រាក់កម្ចី និងលុយជំនួយនេះ World Bank ជាធម្មតាមិនបានរឹតបន្តឹងទៅលើរបៀបនៃការចាត់ចែងចំណាយលុយទាំងនោះទេ។ សេចក្ដីប្រកាសរបស់ World Bank​ បញ្ជាក់ថា ការផ្គត់ផ្គង់ឱ្យបានលឿននូវលុយទាំងនេះនឹងជួយរដ្ឋាភិបាលអ៊ុយក្រែនផ្តល់សេវាសំខាន់ៗដូចជាការចំណាយលើប្រាក់ខែបុគ្គលិកមន្ទីរពេទ្យ ប្រាក់សោធននិវត្តន៍សម្រាប់មនុស្សចាស់ និងកម្មវិធីសង្គមសម្រាប់ជនងាយរងគ្រោះ។
 
មិនតែប៉ុណ្ណោះ ធនាគារពិភពលោក អះអាងថា ខ្លួនកំពុងបន្តធ្វើការលើកញ្ចប់ជំនួយចំនួន៣ពាន់លានដុល្លារផ្សេងទៀតសម្រាប់អ៊ុយក្រែនក្នុងប៉ុន្មានខែខាងមុខ និងជំនួយបន្ថែមសម្រាប់ប្រទេសជិតខាងដែលកំពុងទទួលយកជនភៀសខ្លួនអ៊ុយក្រែន។ បើតាមទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) មកទល់ពេលនេះ ជនភៀសខ្លួនអ៊ុយក្រែនឈានដល់ជាង ១,៧លាននាក់ហើយដែលភាគច្រើនជាស្ត្រី កុមារ និងមនុស្សចាស់៕
 
 
 
 
 

Tag:
 អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com