អន្តរជាតិ
ម្ចាស់ក្សត្រិយ៍អេលីហ្សាបេតទី២ និងម៉ាហ្ការេត ជាស្តេចស្រីតែពីរព្រះអង្គគត់​ដែលកំពុងគ្រងរាជ្យ​
09, Mar 2022 , 8:29 am        
រូបភាព
ម្ចាស់ក្សត្រិយ៍អង់គ្លេស អេលីហ្សាបេតទី២ និងម្ចាស់ក្សត្រិយ៍ដាណឺម៉ាក ម៉ាហ្ការ៉េត ។
ម្ចាស់ក្សត្រិយ៍អង់គ្លេស អេលីហ្សាបេតទី២ និងម្ចាស់ក្សត្រិយ៍ដាណឺម៉ាក ម៉ាហ្ការ៉េត ។
បច្ចុប្បន្ននេះ ប្រទេសជាង ៤០ មានមហាក្សត្រគ្រងរាជ្យ និងភាគច្រើនមានតួនាទីជាព្រះប្រមុខរដ្ឋ។ នៅអឺរ៉ុបមាន ប្រទេសមួយចំនួននៅប្រកាន់របបរាជានិយម ដោយក្នុងនោះពីរប្រទេសមានស្ដេចស្រីទៀត គឺម្ចាស់ក្សត្រិយ៍ អេលីហ្សាបេតទី២ (Elizabeth II) របស់អង់គ្លេស និងម្ចាស់ក្សត្រិយ៍ ម៉ាហ្ការេត (Margrethe II) របស់ដាណឺម៉ាក។


ម្ចាស់ក្សត្រិយ៍ អេហ្សាបេតទី២ ប្រសូត្រនៅក្នុងឆ្នាំ១៩២៦ និងបច្ចុប្បន្នជាម្ចាស់ក្សត្រីនៃចក្រភពអង់គ្លេស។ ព្រះអង្គ ជាបុត្រីច្បងរបស់មហាក្សត្រ  George VI និងបានគ្រងរាជ្យបន្តពីបិតានៅឆ្នាំ ១៩៥២។ មិនត្រឹមតែជាប្រមុខរដ្ឋអងគ្លេសឡើយ ម្ចាស់ក្សត្រិយ៍អេលីហ្សាបេតទី២ ក៏ជាប្រមុខរដ្ឋគ្រងរាជ្យកាណាដា អូស្ត្រាលី នូវែលសេឡង់ ក៏ដូចជាប្រទេសកោះមួយចំនួននៅការ៉ាអ៊ីប និងមហាសមុទ្រឥណ្ឌាផងដែរ។
 
មុនឡើងសោយរាជ្យ ក្នុងឆ្នាំ ១៩៤៥ ជាពេលមានសង្គ្រាមលោកលើកទី២ ម្ចាស់ក្សត្រី Elizabeth II បានចូលបំរើកងទ័ពក្នុងអង្គភាព សេវាកម្មដែនដីជំនួយរបស់ស្ត្រី (Women’s Auxiliary Territory Service)។​ ATS បានផ្តល់ការគាំទ្រដ៏សំខាន់ក្នុងអំឡុងពេលសង្រ្គាម ដោយសមាជិករបស់ខ្លួនត្រូវបម្រើការជាអ្នកបាញ់កាំភ្លើងប្រឆាំងយន្តហោះ ប្រតិបត្តិករវិទ្យុ មេកានិក និងអ្នកបើកបរ។
 
គិតមកទល់ពេលនេះ ម្ចាស់ក្សត្រិយអង់គ្លេស មានព្រះជន្ម ៩៥ វស្សាដែលធ្វើឱ្យទ្រង់ជាមហាក្សត្រអង់គ្លេសដែលសោយរាជ្យយូរជាងគេ និងជាប្រមុខរដ្ឋជាស្ត្រីដែលកាន់តំណែងយូរបំផុតក្នុងប្រវត្តិសាស្ត្រ។ 
 
ចំណែកម្ចាស់ក្សត្រិយម៉ាហ្ការ៉េត ប្រសូត្រនៅឆ្នាំ១៩៤០ និងជាបុត្រីច្បងនៃមហាក្សត្រ Frederick IX។ ហើយបានស្នងរាជ្យបន្តពីបិតាក្នុងឆ្នាំ១៩៧២។ ម្ចាស់ក្សត្រិយម៉ាហ្ការ៉េត បានក្លាយជាស្ដេចស្រីដំបូងដែលគ្រងរាជ្យ ចាប់តាំងពីម្ចាស់ក្សត្រី Margrethe I ដែលគ្រងរាជ្យពីឆ្នាំ១៣៧៥ ដល់ឆ្នាំ១៤១២។ 
 
ម្ចាស់ក្សត្រិយអង្គនេះ មានចំណង់ចំណូលចិត្តខាងបុរាណវត្ថុ។ ទ្រង់បានចូលរួមក្នុងការជីកកកាយជាច្រើន រួមទាំងនៅក្នុងប្រទេសអ៊ីតាលី អេហ្ស៊ីប ដាណឺម៉ាក និងអាមេរិកខាងត្បូង​។ គិតមកទល់ពេលនេះ ម្ចាស់ក្សត្រិយដាណឺម៉ាត មានព្រះជន្ម៨១វស្សា និងបានគ្រងរាជ្យអស់រយៈពេលជាង៥០ឆ្នាំហើយ៕
 

Tag:
 អង់គ្លេស
  ដាណឺម៉ាក
© រក្សាសិទ្ធិដោយ thmeythmey.com