អន្តរជាតិ
យុវតី Greta Thunberg៖ ពីអ្នកជំងឺបាក់ទឹកចិត្ត ទៅជាសកម្មជនបរិស្ថាន
09, Mar 2022 , 9:29 am        
រូបភាព
យុវតី Greta Thunberg សកម្មជនបរិស្ថាន។ រូបភាព៖ AFP
យុវតី Greta Thunberg សកម្មជនបរិស្ថាន។ រូបភាព៖ AFP
ដោយ:
មនុស្សជាច្រើន ប្រាកដជាស្គាល់យុវតីស៊ុយអែតមួយរូប ដែលតែងតែចេញមុខស្តីបន្ទោសមេដឹកនាំកំពូលៗ ជុំវិញបញ្ហាបម្រែបម្រួលអាកាសធាតុ។ យុវតី Greta Thunberg ជាបុគ្គលម្នាក់ ដែលបានលះបង់យុវភាពរបស់ខ្លួនមកប្រលូកយ៉ាងសកម្មក្នុងសង្គម ដើម្បីទាមទារឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ទៅលើបម្រែបម្រួលអាកាសធាតុ និងចាត់វិធានការទប់ស្កាត់។

 
តើយុវតី Greta Thunberg ជានរណា?
 
Greta Thunberg ជាសកម្មជនបរិស្ថានសញ្ជាតិស៊ុយអែត ដែលបានកើត នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០០៣។ នាង បានកើត ក្នុងត្រកូលគ្រួសារអ្នកសិល្បៈ។ ម្តាយរបស់នាង ដែលមានឈ្មោះ Malena Ernman ជាអ្នកចម្រៀងអូប៉េរ៉ា ហើយឪពុករបស់នាងឈ្មោះ Savnate Thunberg ជាតារាសម្តែង។ កញ្ញា Greta Thunberg ក៏មានជំងឺទាក់ទងនឹងសរសៃប្រសាទដែរ ដោយត្រូវបានវិនិច្ឆិយថាមានរោគសញ្ញា Asperger ដែលជាផ្នែកមួយនៃជំងឺអូទីហ្សឹម (autism)។
 
ហេតុអ្វី Greta Thunberg ចាប់ផ្តើមខ្វាយខ្វល់សកម្មភាពបម្រែបម្រួលអាកាសធាតុ?
 
យុវតី Greta Thunberg បានចាប់អារម្មណ៍លើបញ្ហាបម្រែបម្រួលអាកាសធាតុ ជាលើកដំបូងក្នុងឆ្នាំ២០១១ នៅពេលនាង មានអាយុ៨ឆ្នាំ។ ក្រោយពីនាងបានដឹងពីវិបត្តិអាកាសធាតុ នាងខ្វល់ខ្វាយចិត្តថា ហេតុអ្វីបានជាមានចំណាត់ការតិចតួចម្ល៉េះលើបញ្ហានេះ។ 
 
ការគិតរបស់ Greta Thunberg បានធ្វើឱ្យកើតជំងឺបាក់ទឹកចិត្តនៅអាយុ១១ឆ្នាំ ហើយនាងចាប់ផ្តើមឈប់និយាយ និងញុំាអាហារ ដោយស្រកទម្ងន់ជិត ១០គីឡូ ត្រឹមរយៈពេល២ខែប៉ុណ្ណោះ។ នាងបានរងទុក្ខជាមួយជំងឺធ្លាក់ទឹកចិត្តអស់រយៈពេល ៣ ទៅ ៤ឆ្នាំ មុនផ្តើមយុទ្ធនាការតវ៉ា ដើម្បីទាមទារឱ្យមានដំណោះស្រាយចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុ។ នាងចាប់ផ្តើមផ្លាស់ប្តូរទម្លាប់ដោយមិនបរិភោគសាច់សត្វ និងធ្វើដំណើរតាមយន្តហោះ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន។
 
ភាពជោគជ័យរបស់សកម្មជនបម្រែបម្រួលអាកាសធាតុ Greta Thunberg
 
Thunberg បានប្រែក្លាយជាបុគ្គលល្បីមួយរូប ក្រោយពីនាងបានចេញមុខតវ៉ានៅខាងក្រៅសភាស៊ុយអែតក្នុងឆ្នាំ២០១៨ នៅពេលនាងមានអាយុត្រឹម១៥ឆ្នាំ។ នាងបានកាន់បដាមួយ ដែលមានសរសេរពាក្យ «គេចសាលារៀនដើម្បីអាកាសធាតុ» ដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាលសម្រេចគោលដៅនៃការកាន់បន្ថយបំភាយឧស្ម័នកាបូន។ 
 
ពីមួយថ្ងៃទៅមួយថ្ងៃ សកម្មភាពរបស់នាង បានបំផុសគំនិតមនុស្សជាច្រើន ជាពិសេសសិស្សសាលាចូលរួមក្នុងការតវ៉ានេះ។ យុវតី Greta Thunberg បានចាប់ផ្តើមបង្កើតយុទ្ធនាការមួយហៅថា «ថ្ងៃសុក្រដើម្បីអនាគត» ដោយមិនចូលរៀនរៀងរាល់ថ្ងៃសុក្រ ដើម្បីមកប្រមូលផ្តុំតវ៉ានៅខាងក្រៅសភា។ យុទ្ធនាការនោះ បានជះឥទ្ធិពលទៅលើយុវជនរាប់ពាន់នាក់នៅទូទាំងពិភពលោក និងធ្វើឱ្យមានកូដកម្មជំរុញឱ្យរដ្ឋាភិបាលអនុវត្តកាតព្វកិច្ចទប់ស្កាត់បញ្ហាអាកាសធាតុ។ ត្រឹមរយៈពេល ៤ខែ យុទ្ធនាការរបស់នាង បានទាក់ទាញសិស្សជាង ២ម៉ឺននាក់ ជុំវិញពិភពលោកមកចូលរួម។
 
សកម្មជនបរិស្ថានវ័យជំទង់រូបនេះ បានទទួលការអញ្ជើញឱ្យចូលរួម ក្នុងកម្មវិធី និងស្ថាប័នកំពូលៗជាច្រើន ដើម្បីនិយាយពីការប្រែប្រួលអាកាសធាតុ។ នាងបានថ្លែងសុន្ទរកថា នៅវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុង Davos របស់ស្វ៊ីស និងនៅសភាអឺរ៉ុប ព្រមទាំងសភាអ៊ីតាលី បារាំង អង់គ្លេស និងអាម៉េរិក។ កាលពីខែកញ្ញា ឆ្នាំ២០១៩ នាងបានចំណាយពេលជាង២សប្តាហ៍ ដោយជិះទូកទៅចូលរួមកិច្ចប្រជុំកំពូលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (UN) នៅទីក្រុងញូវយ៉ក ដើម្បីលើកកម្ពស់អព្យាក្រឹតកាបូន។ កាលនោះ នាងក៏បានជួបជាមួយអតីតប្រធានាធិបតីអាម៉េរិក បារ៉ាក់ អូបាម៉ាផងដែរ ។ នៅឆ្នាំ២០១៩ ដដែល នាងត្រូវបានជ្រើសរើសជាបេក្ខភាពសម្រាប់ពានរង្វាន់ណូបែលសន្តិភាពជាលើកដំបូង។ ឯនៅឆ្នាំ២០២០ នាងបានទទួលរង្វាន់ Gulbenkian ដែលមានតម្លៃ ១,១៥ លានដុល្លារ៕
 

Tag:
 បរិស្ថាន
  ស៊ុយអែត
© រក្សាសិទ្ធិដោយ thmeythmey.com