អន្តរជាតិ
លោក បៃឌិន ប្រកាសបិទនាំចូលប្រេងពីរុស្ស៊ី ខណៈអឺរ៉ុបស្ទាក់ស្ទើរ
09, Mar 2022 , 10:16 am        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅថ្ងៃទី៨ ខែមីនា ប្រកាសបិទការនាំចូលប្រេងពីរុស្ស៊ី ដើម្បីជាការដាក់សម្ពាធមួយទៀតលើរុស្ស៊ីចំពោះការឈ្លានពានអ៊ុយក្រែន។ លោក បៃឌិន ចាត់ទុកវិធានការនេះជាការចាក់ចំបេះដូងរបស់រុស្ស៊ីតែម្ដង។ ប៉ុន្តែចំណាត់ការនេះ ត្រូវមើលឃើញថា ជាការដើរតែម្នាក់ឯងពីសំណាក់អាម៉េរិក ខណៈដែលសម្ព័ន្ធមិត្តសហភាពអឺរ៉ុបហាក់ស្ទាក់ស្ទើរ ព្រោះតែការពឹងពាក់រុស្ស៊ីខ្លាំងជាប្រភពផ្គង់ផ្គង់ថាមពលរបស់ខ្លួន។

 
វិស័យប្រេង ដែលនៅក្រៅទណ្ឌកម្មរបស់អាម៉េរិកលើរុស្ស៊ីយូរមកហើយ ត្រូវបានប្រធានាធិបតី ចូ បៃឌិន ប្រកាសបិទដូចគ្នា។ នៅថ្ងៃទី៨ ខែមីនា លោក បៃឌិន ប្រកាសហាមនាំចូលប្រេងឆៅពីរុស្ស៊ី ដែលជាផ្នែកមួយនៃទណ្ឌកម្មប្រឆាំងវិស័យថាមពលរបស់រុស្ស៊ី ដែលជាប្រភពចំណូលដ៏ធំមួយសម្រាប់រដ្ឋបាលប្រធានាធិបតី វ៉ា្លឌីមៀ ពូទីន ។
 
ថ្លែងពីសេតវិមាន លោក បៃឌិន អះអាងថា ប្រេងរបស់រុស្ស៊ី នឹងមិនត្រូវទទួលបាននៅកំពង់ផែអាម៉េរិកទៀតឡើយ ហើយប្រជាជនអាម៉េរិកនឹងបង្អាក់ម៉ាស៊ីនសង្រ្គាមរបស់លោក ពូទីន ។ ប្រមុខរដ្ឋអាម៉េរិកបញ្ជាក់ ការសម្រេចចិត្តនេះ ធ្វើឡើងក្រោយការជជែកជាមួយសម្ព័ន្ធមិត្ត។ 
 
តាមពិតទៅ ការដាក់ទណ្ឌកម្មលើវិស័យប្រេងនេះ ស្ថិតក្នុងការពិចារណរបស់អាម៉េរិកតាំងពីដំបូង ប៉ុន្តែសម្ព័ន្ធមិត្តអាម៉េរិកនៅអឺរ៉ុប មិនទាន់ចុះសម្រុងគ្នា ព្រោះសុទ្ធតែពឹងពាក់ថាមពលនាំចូលពីអឺរ៉ុបទាំងប្រេង ទាំងហ្គាស។ ជាមួយការដាក់ទណ្ឌកម្មតែឯងពេលនេះ ទីក្រុងវ៉ាស៊ីនតោន ទំនងជាចង់ផ្ដល់មេរៀនខ្លាំងថែមទៀតដល់ទីក្រុងមូស្គូ តែរក្សាសន្តិសុខថាមពលឱ្យអឺរ៉ុបបន្តទៀត។
 
អាម៉េរិក មិនពឹងផ្អែកខ្លាំងលើប្រេងរុស្ស៊ីឡើយ ហើយក៏មានប្រភពផ្គត់ផ្គង់ទូលាយជាមួយអឺរ៉ុបដែរ។ មុនប្រកាសហាមឃាត់នេះ អាម៉េរិក ក៏ងាករកប្រទេសផលិតប្រេងធំៗមានអារ៉ាប៊ីសាអូឌីតជាដើមដើម្បីបង្កើនការផ្គង់ផ្គង់។ អាម៉េរិកក៏បោះដៃទៅរកវ៉េណេស៊ុយអេឡាដែលរងទណ្ឌកម្មងើបមុខមិនចង់រួចថែមទៀត សំដៅរកប្រភពប្រេងជំនួសប្រេងរុស្ស៊ី៕
 
 
 
 
 

Tag:
 អាម៉េរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com