អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក យូន សុកយ៉ល៖ រដ្ឋអាជ្ញាគ្មានបទពិសោធនយោបាយ ក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង
10, Mar 2022 , 11:59 am        
រូបភាព
ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង យូន សុកយ៉ល ក្នុងសន្និសីទកាសែត។ រូបថត AFP
ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង យូន សុកយ៉ល ក្នុងសន្និសីទកាសែត។ រូបថត AFP
លោក យូន សុកយ៉ល (Yoon Suk-yeol) បានជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូងក្នុងការបោះឆ្នោតថ្ងៃទី៩ ខែមីនា ក្នុងសំឡេងគាំទ្រយ៉ាងប្រផិតប្រផើយ។ លោក យូន ទទួលបានសំឡេងគាំទ្រ៤៨,៦ភាគរយ បើធៀបនឹងលោក លី ចេម្យុង (Lee Jae-myung)  ដែលមានសំឡេងគាំទ្រចំនួន ៤៧,៦ភាគរយ។ ក្នុងយុទ្ធនាការរកសំឡេងឆ្នោត ប្រធានាធិបតីជាប់ឆ្នោតរូបនេះ បានសន្យាដោះស្រាយបញ្ហាមួយចំនួនដូចជា ការកើនឡើងនៃតម្លៃផ្ទះ ជំងឺកូវីដ-១៩ ការកែលម្អជីវភាពប្រជាជន វិសមភាព អំពើពុករលួយ និងបញ្ហាក្នុងតំបន់ផ្សេងទៀត។

 
កើតនៅក្នុងឆ្នាំ ១៩៦០ ក្នុងក្រុងសេអ៊ូល លោក យូន សុកយ៉ល ជាកូនប្រុសច្បងក្នុងគ្រួសារ និងមានម្តាយឪពុកជាសាស្រ្តចារ្យនៅសកលវិទ្យាល័យមួយ។ មុននឹងក្លាយជារដ្ឋអាជ្ញានៅក្នុងឆ្នាំ ១៩៩៤ លោក យូន បានសិក្សាមុខវិជ្ជាច្បាប់នៅសកលវិទ្យាល័យជាតិសេអ៊ូល។ នៅក្នុងឆ្នាំ២០០២ លោក យូន បានធ្វើជាមេធាវីរយៈពេលខ្លីមុននឹងត្រលប់មកធ្វើការនៅការិយាល័យរដ្ឋអាជ្ញាវិញ។ បន្ទាប់ពីមកកាន់តំណែងចាស់ លោក យ៉ូន បានបើកការស៊ើបអង្កេតលើអ្នកនយោបាយសំខាន់ៗ និងសេដ្ឋីជាច្រើនរូប។  
 
នៅក្នុងឆ្នាំ២០១៧ លោក យូន បានក្លាយជាប្រធានក្រុមស៊ើបអង្កេតពិសេសរបស់ក្រុមប្រឹក្សាឯករាជ្យមួយ ដែលបើកការស៊ើបអង្កេតនៅក្នុងរឿងក្តីរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក ហ្គឺនហេ ។ នៅខែឧសភា ឆ្នាំ២០១៧ បន្ទាប់ពីកាន់តំណែងជាប្រធានាធិបតី លោក មូន ចេអ៊ីន បានតែងតាំងលោក យូន ជាប្រធានការិយាល័យរដ្ឋអាជ្ញាក្នុងក្រុងសេអ៊ូល មុននឹងតែងតាំងជាអគ្គរដ្ឋអាជ្ញានៅក្នុងឆ្នាំ២០១៩។ 


 លោក យូន សុកយ៉ល ជជែកជាមួយយុវជនកូរ៉េខាងត្បូង។ រូបថតពីហ្វេសប៊ុកលោក យូន

ពីរឆ្នាំបន្ទាប់ ពោលគឺនៅក្នុងខែមីនា ឆ្នាំ២០២១ អគ្គរដ្ឋអាជ្ញារូបនេះ បានប្រកាសលាលែងពីតំណែង ក្រោមហេតុផលថា ប្រជាជនកូរ៉េខាងត្បូង កំពុងប្រឈមបញ្ហាអយុត្តិធម៌ ខណៈរដ្ឋធម្មនុញ្ញា និងនីតីរដ្ឋ ត្រូវបានបំផ្លាញ។ ជាការពិត ការលាឈប់ពីតំណែងនេះ ធ្វើឡើងបន្ទាប់ពី លោក យូន បានបើកការស៊ើបអង្កេតលើគ្រួសាររដ្ឋមន្រ្តីយុត្តិធម៌លោក Cho Kuk ដែលជាមនុស្សជំនិតមួយរបស់លោក មូន ជុំវិញការវិនិយោគខុសច្បាប់ នៅក្នុងភាគហ៊ុនឯកជន។ 
 
ម្យ៉ាងការលាលែងរបស់លោក យូន គឺដោយសាររដ្ឋបាលលោក មូន បានកាត់បន្ថយអំណាចរបស់អគ្គរដ្ឋអាជ្ញា ក្នុងការស៊ើបអង្កេត។ ដោយសាររឿងនេះ លោក យូន និងលោក មូន ក៏មើលមុខគ្នាមិនត្រូវរហូតមក។
 
ក្នុងខែមិថុនា ឆ្នាំ២០២១ អតីតនិស្សិតច្បាប់រូបនេះ បានប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតី ហើយនៅខែកក្កដា លោក បានចូលជាសមាជិកបក្សអំណាចប្រជាជន (PPP) ដែលជាបក្សប្រឆាំងដ៏សំខាន់ និងត្រូវបានបោះឆ្នោតឱ្យក្លាយជាបេក្ខជនប្រធានាធិបតីរបស់បក្សនៅពេលបន្ទាប់។ 
 
ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត លោក យូន បានសន្យាលើកតម្កើងដំណោះស្រាយដោយផ្អែកលើទីផ្សារ, លុបចោលអន្តរាគមន៍របស់រដ្ឋាភិបាលលើសហគ្រាសធុនតូច និងមធ្យម រួមទាំងគាំទ្រការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ។ លោក យូន ក៏បានបេ្តជ្ញាពង្រឹងការអនុវត្តលើគោលនយោបាយផ្តល់ផ្ទះសម្បែងដល់ប្រជាជន និងកាត់បន្ថយពន្ធផ្ទះ ដើម្បីឱ្យប្រជាជនខ្លួនមានលទ្ធភាពទិញបាន បង្កើនការងារជូនប្រជាជន និងកែប្រែប្រព័ន្ធការងារជាដើម។ 
 
បើទោះគ្មានបទពិសោធក្នុងនយោបាយនាពេលកន្លងមក អតីតរដ្ឋអាជ្ញារូបនេះ បានយល់ថា នយោបាយ ជាការដោះស្រាយជីវភាពរបស់ប្រជាជនដែលមិនត្រូវការគិតគូរ និងរៀបចំសម្រាប់អនាគត។ 


លោក យូន សុកយ៉ល ថតរូបជាមួយស្រ្តីកូរ៉េខាងត្បូងនៅទីតាំងមួយកន្លែង។ រូបថតពីហ្វសប៊ុកលោក យូន

បើតាមលោក យូន ការដោះស្រាយបញ្ហាទាំងនោះ វាទាមទារយុត្តិធម៌ និងច្បាប់ មកធ្វើជាមូលដ្ឋាន។ 
 
មិនតែប៉ុណ្ណោះ បេក្ខជនចេញពីបក្សអំណាចប្រជាជនរូបនេះ បានអះអាងថា ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូង លោកនឹងបើកការស៊ើបអង្កេតទៅក្នុងរដ្ឋបាលលោក មូន ដែលកំពុងមានអំពើពុករលួយយ៉ាងខ្លាំង។ បញ្ហានេះ បានធ្វើឱ្យប្រធានាធិបតីកូរ៉េខាងត្បូង បង្ហាញការខកចិត្តចំពោះការចោទដោយគ្មានមូលដ្ឋានត្រឹមត្រូវ និងទាមទារឱ្យសុំទោសជាសាធារណៈ។ 
 
ជាមួយនឹងការជាប់ឆ្នោត របស់លោក យូន ត្រូវប្រឈមបញ្ហាក្នុងប្រទេសដូចជា វិសមភាព ការកើនឡើងនៃតម្លៃផ្ទះសម្បែង ជំងឺកូវីដ-១៩ បញ្ហាអំពើពុករលួយ កង្វះឱកាសការងារសម្រាប់យុវជន បំណុលឯកជនកើតខ្ពស់ និងប្រជាជនមានវ័យចាស់កាន់តែច្រើន។ ចំណែកបញ្ហានៅក្នុងតំបន់វិញ កូរ៉េខាងត្បូង ត្រូវយកចិត្តទុកដាក់លើ ការកើនឡើងឥទ្ធិពល និងការពង្រីកសេដ្ឋកិច្ចរបស់ចិន, ជម្លោះនៅអ៊ុយក្រែន-រុស្ស៊ី, កម្មវិធីនុយក្លេអ៊ែរ រួមទាំងការចរចាជាមួយកូរ៉េខាងជើង និងភាពតានតឹងអាម៉េរិក-ចិន ជាដើម។
 
លើសពីនោះ លោក យូន ក៏ទំនងជាបង្ខំចិត្តប្រកាន់ឥរិយាបថទន់ភ្លន់ជាមួយសភាដែលកាន់កាប់ដោយបក្សប្រជាធិបតេយ្យផងដែរ។ អ្វីដែលគេរំពឹងទុកនោះ គឺការតតាំងផ្នែកនយោបាយរវាងរដ្ឋបាលថ្មី និងសភាដែលដឹកនាំដោយបក្សប្រជាធិបតេយ្យ ដែលក្លាយជាបក្សប្រឆាំងវិញម្ដង៕
 

Tag:
 កូរ៉េខាងត្បូង
  ការបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com