ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្មវិធីប្រកាសពីស្ត្រីមានឥទ្ធិពល១០រូប ត្រូវបានផ្អាក
11, Mar 2022 , 4:57 pm        
រូបភាព
លោកស្រី កែ ឡេង វីរកីឡាការិនីឆ្នើមផ្នែកកីឡាប៉េតង់(ខាងឆ្វេង) លោកស្រី កែវ មុំ ស្ថាបនិកក្រុមហ៊ុនលីលី និងជាប្រធានសមាគមសហគ្រិនស្រី្តកម្ពុជា(CWEA) (កណ្ដាល) និងលោកស្រី មូរ សុខហួ អតីតគណបក្សសង្គ្រោះជាតិ។
លោកស្រី កែ ឡេង វីរកីឡាការិនីឆ្នើមផ្នែកកីឡាប៉េតង់(ខាងឆ្វេង) លោកស្រី កែវ មុំ ស្ថាបនិកក្រុមហ៊ុនលីលី និងជាប្រធានសមាគមសហគ្រិនស្រី្តកម្ពុជា(CWEA) (កណ្ដាល) និងលោកស្រី មូរ សុខហួ អតីតគណបក្សសង្គ្រោះជាតិ។
ភ្នំពេញ៖ វីរកីឡាការិនីផ្នែកកីឡាប៉េតង់ លោកស្រី កែ ឡេង និងលោកស្រី កែវ មុំ ស្ថាបនិកក្រុមហ៊ុននំស្រួយលីលី បានប្រកាសបន្តបន្ទាប់គ្នាស្នើឱ្យអង្គការតម្លាភាពកម្ពុជា ដកវីដេអូរបស់ពួកគេពីក្នុងវីដេអូសម្ភាសនៃបេក្ខជនស្ត្រីឆ្នើមទាំង១០រូប ដែលរៀបចំដោយអង្គការអន្តរជាតិមួយនេះ។ មូលហេតុដូចគ្នា គឺដោយសារតែស្ត្រីទាំងពីររូបយល់ឃើញថា ពួកគេមិនចង់ពាក់ព័ន្ធជាមួយបញ្ហានយោបាយ ដោយសារតែក្នុងចំណោមបេក្ខភាពស្ត្រីទាំងនោះ មានវត្តមានលោកស្រី មូរ សុខហួរ។

 
 
កម្មវិធីសម្ពោធវីដេអូស្ត្រីឆ្នើមទាំង១០ ត្រូវបានផ្អាក បន្ទាប់ពីបេក្ខភាពស្ត្រី២រូបសុំដកខ្លួនចេញពីបញ្ជីឈ្មោះស្ត្រីដ៏មានឥទ្ធិពលនៅកម្ពុជា ដែលត្រូវបានជ្រើសរើសដោយគណៈកម្មការវាយតម្លៃនៃអង្គការតម្លាភាពកម្ពុជា។ សារព័ត៌មានថ្មីៗ ពុំអាចទាក់ទងបានតំណាងអង្គការតម្លាភាព ដើម្បីសួរអំពីបញ្ហានេះនៅឡើយ។ ប៉ុន្តែបេក្ខភាព២រូបបានបង្ហើបថា កម្មវិធីដែលត្រូវបានគ្រោងរៀបចំ នៅល្ងាចថ្ងៃទី១៥ខែមីនាឆ្នាំ២០២២នៅសណ្ឋាគារ ឡឺ រ៉ួយ៉ាល់នេះត្រូវបានផ្អាកហើយ។
 
នៅឆ្នាំ២០២១ អង្គការតម្លាភាពកម្ពុជាបានរៀបចំកម្មវិធីជ្រើសរើសស្ត្រីមានឥទ្ធិពលនៅក្នុងប្រទេសកម្ពុជាចំនួន១០រូប។ ក្រុមការងារបានរៀបចំសម្ភាសជាវីដេអូជាមួយបេក្ខភាពស្ត្រីពូកែទាំងអស់ដើម្បីពួកគេបានចែករំលែកពិសោធន៍ដែលបង្ហាញពីពិសោធន៍ និងការរួមចំណែករបស់ពួកគេទៅក្នុងសង្គម។ 
 
មុនកម្មវិធីប្រកាសឈ្មោះជាផ្លូវការមកដល់ អ្នករៀបចំកម្មវិធីបានផ្សព្វផ្សាយវីដេអូខ្លីដែលបានបង្ហាញស្ត្រីពូកែទាំង១០ ព្រមទាំងបញ្ជីឈ្មោះនៃស្ត្រីទាំង១០រូបនោះ ដែលក្នុងចំណោមនោះមានលោកស្រី មូរ សុខហួរ។ វត្តមានស្ត្រីអ្នកនយោបាយ គឺជាមូលហេតុដែលធ្វើឱ្យមានការប្រកាសដកខ្លួនរបស់លោកស្រី កែវ មុំ និងលោកស្រី កែ ឡេង។
 
លោកស្រី កែ ឡេង បានផ្សាយសេចក្ដីជូនដំណឹងស្ដីពីការដកខ្លួនរបស់លោកស្រីថា ការដែលលោកស្រីយល់ព្រមទទួលយកការស្នើរបស់ក្រុមការងារតម្លាភាពកម្ពុជា គឺដោយសារតែក្រុមការងារទទូចពេក ហើយថាក្រុមការងារនឹងមិនភ្ជាប់លោកស្រីទៅនឹងបញ្ហានយោបាយឡើយ។ នៅក្នុងលិខិតដែលលោកស្រីសរសេរផ្ញើទៅលោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោកស្រីសរសេរយ៉ាងដូច្នេះ៖«ខ្ញុំស្នើសុំ លោកនាយកប្រតិបត្តិ ដកចេញនូវវីដេអូសម្ភាសន៍របស់ខ្ញុំ និងហាមធ្វើការផ្សព្វផ្សាយទោះក្នុងរូបភាពបែបណាក៏ដោយ»។ នៅក្នុងលិខិតដដែលនោះ លោកស្រីក៏បញ្ជាក់បន្ថែមថា លោកស្រី នឹងមិនចូលរួមពិធីសម្ពោធវីដេអូនោះឡើយ។
 
ងាកទៅមើលប្រតិកម្មរបស់លោកស្រី កែវ មុំ ឯណោះវិញ។ ស្ថាបនិកក្រុមហ៊ុននំស្រួយ លីលី និងជាប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានពន្យល់ជាសាធារណៈនៅក្នុងសេចក្តីជូនដំណឹងផ្ទាល់ខ្លួនថា ការណ៍ដែលលោកស្រីយល់ព្រមផ្តល់បទសម្ភាសដល់អង្គការតម្លាភាព គឺគ្រាន់តែលោកស្រីចង់លើកស្ទួយវិស័យសហគ្រាសធុនតូចនិងមធ្យម ឲ្យរីកចម្រើន និងរួមចំណែកជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាតាមគោលនយោបាយរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ។ លោកស្រីបញ្ជាក់ថា លោកស្រីគ្មានគោលដៅ ឬទស្សនៈនៃគាំទ្រក្នុងរឿងនយោបាយ ឬបុគ្គលនយោបាយឡើយ។ លោកស្រី កែវ មុំ បានសរសរប្រាប់លោក ប៉ិច ពិសី ថា៖«សូមលោកប្រធានអង្គការតម្លាភាពកម្ពុជាជ្រាបជាព័ត៌មាន សូមលុបរូបនាងខ្ញុំចេញពី Trailer…ហើយសូមកុំយករូបនាងខ្ញុំដែលជាសហគ្រិនប្រកបរបរទទួលទានស្របច្បាប់នៅក្នុងសង្គមមួយដែលពោរពេញទៅដោយសុខសន្តិភាព និងការអភិវឌ្ឍ ទៅភ្ជាប់ជាមួយរូបភាព ឬសកម្មភាពនៃបុគ្គលនយោបាយរបស់អតីតគណបក្សសង្គ្រោះជាតិ ឬគណបក្សប្រឆាំងណាមួយឲ្យសោះ»។
 
ក្នុងចំណោមបេក្ខភាពស្ត្រីទាំង១០រូបក៏មាន លោកស្រី ចក់ សុភាព ដែលជានាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)ដែរ។ ក្រោយពីបានទទួលដំណឹងអំពីការដកខ្លួនរបស់បេក្ខភាពទាំងពីរ លោកស្រីបានសរសេរអត្ថាធិប្បាយនៅគណនីហ្វេសប៊ុករបស់លោកស្រី ស្រី្តដែលមានឥទ្ធិពលនៅកម្ពុជាពិតជាលំបាក។ ដោយសារទិដ្ឋភាពនយោបាយគឺជាដើមចមនៃហេតុការណ៍ លោកស្រីបានសរសេរបញ្ជាក់ថា នយោបាយស្រុកខ្មែរបានធ្វើឱ្យមានការចែកបក្សពួក រហូតដល់ការបង្ហាញពីភាពលេចធ្លោរបស់ស្ត្រីដូចគ្នានៅក្នុងវីដេអូតែមួយ មិនអាចធ្វើបានឡើយ។
 
សមាសភាពស្រី្តដែលមានឥទ្ធិពលនៅប្រទេសកម្ពុជាឆ្នាំ២០២១ ទាំង១០រូប រួមមាន៖ លោកស្រី នួន ភីមាន នាយិកាប្រតិបត្តិនៃអង្គការលើកស្ទួយប្រជាពលរដ្ឋ, លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា, លោកស្រី មូរ សុខហួរ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ, លោកស្រី កែវ មុំ ស្ថាបនិកក្រុមហ៊ុននំស្រួយ លី លី និងជាប្រធានសមាគមនសហគ្រិនស្រី្តកម្ពុជា, លោកស្រី កាន់ វិច្ឆិកា អ្នកសារព័ត៌មានឯករាជ្យ, លោកស្រី ជា វាសនា មេធាវីជំនាន់ទី៣ និងជាសមាជិកកិត្តិយកនៃក្រុមប្រឹក្សាភិបាលរបស់មូលនិធិហាប់ស្វែល, លោកស្រី នាង សុវ៉ាតនា អ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គម, កញ្ញា អ៊ឹម រចនា និពន្ធនាយករងនៃវិទ្យុបារាំងអន្តរជាតិ RFI, លោកស្រី កែ ឡេង វីរៈកីឡាការិនីម្ចាស់មេដាយមាសពិភពលោក៤ជំនាន់ ក្នុងកីឡាប៊ូលនិងប៉េតង់ និងលោកស្រី លឹម សូលីន អតីតនាយិកាអង្គការ OXFAM Cambodia និងជាស្ថាបនិក សទ្ធា៕
 
 
 
 
 

Tag:
 ស្រី្ត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com