អន្តរជាតិ
មន្រ្តី UN៖ អង្គការសហប្រជាជាតិ មិនបានដឹងពីកម្មវិធីអាវុធជីវសាស្រ្តនៅអ៊ុយក្រែនឡើយ
12, Mar 2022 , 11:29 am        
រូបភាព
មន្រ្តីអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី១១ ខែមីនា បានអះអាងថា UN មិនបានដឹងពីកម្មវិធីអាវុធជីវសាស្រ្តនៅអ៊ុយក្រែនឡើយ។ ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីរុស្ស៊ី បានបញ្ជាក់ថា ខ្លួនបានរកឃើញមន្ទីរពិសោធន៍ ជាច្រើនកន្លែងនៅអ៊ុយក្រែន ក្រោមកម្មវិធីជីវសាស្រ្តយោធារបស់អាម៉េរិក។

 
 
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃទី ១១ ខែមីនា បានបើកកិច្ចប្រជុំមួយ តាមការស្នើសុំរបស់រុស្ស៊ី ជុំវិញកម្មវិធីអាវុធជីវសាស្រ្តនៅអ៊ុយក្រែន។ កន្លងមក រុស្សី បានចោទថា អាម៉េរិក បានបើកមន្ទីរស្រាវជ្រាវជីវសាស្រ្តសម្រាប់សង្រ្គាម នៅអ៊ុយក្រែន ក្រោមព័ស្តុតាង ដែលយោធាខ្លួនបានរកឃើញ។ ប៉ុន្តែការចោទប្រកាន់របស់រុស្ស៊ី ត្រូវបានអាម៉េរិក និងអ៊ុយក្រែនបដិសេធ។ 
 
ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ តំណាងជាន់ខ្ពស់អង្គការសហប្រជាជាតិ លោកស្រី Izumi Nakamitsu ទទួលបន្ទុកកិច្ចការកាត់បន្ថយអាវុធ បានលើកឡើងថា អង្គការសហប្រជាជាតិ មិនបានដឹងពីកម្មវិធីអាវុធជីវសាស្រ្តនៅអ៊ុយក្រែនឡើយ។ នៅចំពោះមុខសមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន ១៥រដ្ឋ លោកស្រី Nakamitsu បានបន្តថា អ៊ុយក្រែន និងរុស្ស៊ី គឺសុទ្ធតែជាភាគីនៃអនុសញ្ញាអាវុធជីវសាស្រ្ត (BMC)។ 
 
អនុសញ្ញាអាវុធជីវសាស្រ្ត បានហាមឃាត់រដ្ឋ ក្នុងការផលិត និងអភិវឌ្ឍអាវុធជីវសាស្រ្ត ចាប់តាំងពីឆ្នាំ ១៩៧៥មក បន្ទាប់ពីអនុសញ្ញាមួយនេះ បានចូលជាធរមាន។ បានន័យថា ការផលិត និងអភិវឌ្ឍអាវុធបែបនោះ គឺជាសកម្មភាពខុសច្បាប់។ 
 
ក្នុងកិច្ចប្រជុំថ្ងៃទី១១ ខែមីនាដដែលនោះ តំណាងរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានបញ្ជាក់ប្រាប់តំណាងរដ្ឋផ្សេងទៀតជាថ្មីថា រដ្ឋាភិបាលក្រុងមូស្គូ បានរកឃើញមន្ទីរពិសោធន៍ប្រមាណ ៣០កន្លែង និងមានមេរោគចម្លងដ៏គ្រោះថ្នាក់ នៅអ៊ុយក្រែន។ ប៉ុន្តែការលើកឡើងបែបនេះ ត្រូវបានតំណាងអាម៉េរិក លោកស្រី Linda Thomas-Greenfield បានវាយបកដាក់រុស្ស៊ីវិញថា ក្រុងមូស្គូ បានប៉ុនប៉ងផ្សព្វផ្សាយព័ត៌មានមិនពិត និងប្រើល្បិច ដើម្បីធ្វើឱ្យសង្រ្គាមនៅអ៊ុយក្រែនមានភាពស្របច្បាប់។ 
 
ចាប់តាំងពីឆ្នាំ២០០៥ មក អាម៉េរិកបានគាំទ្រមន្ទីរពិសោធន៍សុខភាពសាធារណៈនៅអ៊ុយក្រែនមួយចំនួន ដោយមានការកែលម្អលើសុវត្ថិភាពនៃការលេចចេញរបស់មេរោគ និងបច្ចេកវិទ្យាប្រើប្រាស់សម្រាប់ពិសោធន៍។ មិនតែប៉ុណ្ណោះ មន្ទីរពិសោធន៍ទាំងនោះ ក៏ត្រូវបានគាំទ្រដោយបណ្តាប្រទេសផ្សេងទៀត រួមទាំងអង្គការសុខភាពពិភពលោក (WHO) ផងដែរ។ 
 
សូមបញ្ជាក់ថា ក្នុងថ្ងៃដដែលនោះ ប្រធានាធិបតីអាម៉េរិក បានចេញបញ្ជាប្រតិបត្តិមួយហាមឃាត់ការនាំចូលទំនិញពីរុស្ស៊ីជាច្រើនមុខ ក្នុងនោះរួមមាន ស្រាVodka គ្រឿងសមុទ្រ ត្បូង និងសម្ភារប្រណិតផ្សេងទៀត៕
 

Tag:
 UN
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com