អន្តរជាតិ
លោក ហ្សេលេនស្គី៖ យោធាអ៊ុយក្រែនប្រមាណ ១៣០០នាក់ បានបាត់បង់ជីវិត ដោយសាររុស្ស៊ី
13, Mar 2022 , 11:00 am        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ AFP
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ AFP
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១២ ខែមីនា បានបញ្ចេញតួលេខយោធារបស់ខ្លួន ដែលបានបាត់បង់ជីវិតជាលើកដំបូង ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនមក។ បើតាមមេដឹកនាំអ៊ុយក្រែនរូបនេះ ទ័ពអ៊ុយក្រែនប្រមាណ ១៣០០នាក់ បានបាត់បង់ជីវិត ក្នុងការការពារមាតុភូមិខ្លួន ខណៈយោធារុស្ស៊ី បានស្លាប់រហូតដល់ជាង ១ម៉ឺននាក់ឯណោះ។

 
ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈមក រុស្ស៊ីនៅតែបន្តវាយប្រហារលើអ៊ុយក្រែន និងបានគ្រប់គ្រងក្រុងសំខាន់ៗមួយចំនួន។ យ៉ាងណាក៏ដោយ ក្នុងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន បានបង្កឱ្យទាហានជាច្រើនពាន់នាក់បានស្លាប់។ 
 
នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងថ្ងៃទី១២ ខែមីនា ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថាយោធាអ៊ុយក្រែន ប្រមាណ ១៣០០នាក់ បានបាត់បង់ជីវិត។ នេះជាការបង្ហាញពីតួលេខយោធាអ៊ុយក្រែន ដែលបានបាត់បង់ជីវិតជាលើកដំបូង ចាប់តាំងពីរុស្ស៊ីបញ្ជូនយោធាចូលដីអ៊ុយក្រែន។ ទន្ទឹមនេះ មេដឹកនាំអ៊ុយក្រែនរូបនេះ បានបន្ថែមថា ចំណែករុស្ស៊ីវិញ បានបាត់បង់កម្លាំងយោធាប្រមាណ ១២០០០នាក់។ 
 
«វាមានអត្រា ១ភាគ១០ ប៉ុន្តែខ្ញុំមិនសប្បាយចិត្តឡើយ»។ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា កម្លាំងរុស្ស៊ីប្រមាណ ១៥ម៉ឺននាក់ឯណោះ បានឈ្លានពានអ៊ុយក្រែន។
 
រុស្ស៊ី បានបញ្ចេញតួលេខបាត់បង់យោធារបស់ខ្លួនចុងក្រោយ នៅថ្ងៃទី២ ខែមីនា ដោយមានចំនួនទាហានស្លាប់ចំនួន ៥០០នាក់។ 
 
ពេលនេះ យោធារុស្ស៊ី កំពុងវាយប្រហារលើទីក្រុងកៀវ និងទីក្រុងសំខាន់ៗផ្សេងទៀត។ ចំណែកទីក្រុងកំពង់ផែ ម៉ារីអេប៉ូល (Mariupol) ក៏ស្ថិតក្រោមការវាយប្រហាររបស់យោធារុស្ស៊ីខ្លាំងក្លាដែរ។ ទាក់ទិននឹងបញ្ហានេះ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ លោកអូឡាហ្វ ស្ហូល បានជំរុញឱ្យរុស្ស៊ីបញ្ឈប់ការវាយប្រហារលើក្រុង ម៉ារីអេប៉ូល។ 
 
ក្នុងកិច្ចសន្ទនាត្រីភាគីតាមទូរសព្ទរយៈពេល ៧៥នាទី នៅថ្ងៃទី១២ ខែមីនា លោកម៉ាក្រុង បានប្រាប់លោកពូទីនថា ការរំលោភបំពានរបស់យោធារុស្ស៊ី ត្រូវតែបញ្ឈប់ ហើយការវាយប្រហារលើក្រុងម៉ារីអេប៉ូល នឹងបង្កឱ្យមានវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះ មេដឹកនាំបារាំង និងអាល្លឺម៉ង់ ក៏បានជំរុញឱ្យអនុវត្តបទឈប់បាញ់ និងឈានទៅរកដំណោះស្រាយតាមរយៈកិច្ចចរចាផងដែរ។ 
 
ក្នុងថ្ងៃដដែល មេដឹកនាំបារាំង និងអាល្លឺម៉ង់ បានជជែកជាមួយប្រធានាធិបតីអ៊ុយក្រែនផងដែរ។ លោក ហ្សេលេនស្គី បានប្រាប់មេដឹកនាំបារាំង និងអាល្លឺម៉ង់ ឱ្យជំរុញរុស្ស៊ីដោះលែងអភិបាលក្រុង ម៉ារីអេប៉ូល ដែលត្រូវបានកម្លាំងយោធារុស្ស៊ីចាប់ខ្លួននាពេលកន្លងទៅ។ 
 
សូមបញ្ជាក់ថា ស្ថានការណ៍អ៊ុយក្រែន ពេលនេះ កំពុងតែស្មុគស្មាញខ្លាំង ដោយទីក្រុងកៀវនៅតែបន្តវាយប្រហារលើទីក្រុងកៀវ។ នាពេលកន្លងមក មេដឹកនាំរុស្ស៊ី បានលើកឡើងថា ប្រតិបត្តិយោធាពិសេសនៅអ៊ុយក្រែននឹងបញ្ឈប់ លុះត្រាតែ រុស្ស៊ីសម្រេចគោលដៅរបស់ខ្លួន។ រុស្ស៊ី បានស្នើឱ្យអ៊ុយក្រែន ប្រកាន់អព្យាក្រឹតភាព និងទទួលស្គាល់តំបន់ផ្តាច់ខ្លួនភាគខាងកើតអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ យោធារុស្ស៊ី បានព្យាយាមរំសាយយោធាអ៊ុយក្រែនចោល និងលុបបំបាត់របបណាហ្ស៊ីថ្មីនៅក្នុងប្រទេសជិតខាងមួយនេះ៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  បារាំង
  អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com