អន្តរជាតិ
អាម៉េរិកព្រមាន ក្រោយរុស្ស៊ីវាយប្រហារមូលដ្ឋានយោធាអ៊ុយក្រែនក្បែរព្រំដែនសមាជិកណាតូ
14, Mar 2022 , 10:25 am        
រូបភាព
អ្នកពន្លត់អគ្គិភ័យអ៊ុយក្រែន នៅគំនរបាក់បែកនៃឃ្លាំងស្តុកមួយកន្លែងក្នុងទីក្រុងកៀវ។ រូបភាព៖ AP
អ្នកពន្លត់អគ្គិភ័យអ៊ុយក្រែន នៅគំនរបាក់បែកនៃឃ្លាំងស្តុកមួយកន្លែងក្នុងទីក្រុងកៀវ។ រូបភាព៖ AP
មីស៊ីលរុស្ស៊ី នៅថ្ងៃទី១៣ ខែមីនា បានវាយប្រហារលើមូលដ្ឋានយោធាអ៊ុយក្រែនមួយកន្លែង ដែលស្ថិតភាគខាងលិចនៃប្រទេស។ មូលដ្ឋានយោធានេះ ស្ថិតនៅចម្ងាយតិចជាង ២៥គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនប៉ូឡូញ ដែលជាសមាជិកសម្ព័ន្ធយោធាណាតូ។ ការវាយប្រហារដោយមីស៊ីលជាច្រើនគ្រាប់នេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៥នាក់ និងរបួសជាង ១៣០នាក់។ អាម៉េរិក ក៏ព្រមានរុស្ស៊ីវិញដែរ។

 
រុស្ស៊ី បានបាញ់មីស៊ីលច្រើនជាង ៣០គ្រាប់ ដើម្បីវាយប្រហារលើមូលដ្ឋានយោធាមួយកន្លែងនៅក្នុងក្រុង យ៉ាវូរីវ (Yavoriv) ដែលស្ថិតនៅភាគខាងលិចនៃប្រទេស។ មជ្ឈមណ្ឌលអន្តរជាតិទទួលបន្ទុកការថែរក្សាសន្តិភាព និងសន្តិសុខនេះ ត្រូវបានប្រើប្រាស់ ដើម្បីហ្វឹកហ្វឺនទាហានអ៊ុយក្រែន និងជាមូលដ្ឋានយោធា ដែលតែងទទួលអ្នកណែនាំផ្នែកយោធាពីអាម៉េរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត។ 
 
យ៉ាងណាមិញ​ ប្រព័ន្ធការពារមីស៊ីលនៅមូលដ្ឋានយោធានោះ បានបង្អាក់មីស៊ីលបានតែមួយចំនួនប៉ុណ្ណោះ។ ការវាយប្រហារ បានធ្វើឱ្យមនុស្សចំនួន ៣៥នាក់បាត់បង់ជីវិត និងច្រើនជាង១៣០នាក់របួស។ មូលដ្ឋានយោធានេះ មានចម្ងាយប្រមាណ ២៥គីឡូម៉ែត្រប៉ុណ្ណោះ ពីប៉ូឡូញ ដែលជាសមាជិកសម្ព័ន្ធយោធាណាតូ។ 
 
ការវាយប្រហារតាមរយៈមីស៊ីលជាង ៣០គ្រាប់ ធ្វើឡើងបន្ទាប់ពីក្រុងមូស្គូព្រមានវាយប្រហារលើច្រកដឹកជញ្ជូនជំនួយអាវុធពីអង្គការណាតូ ទៅឱ្យអ៊ុយក្រែន។ បន្ទាប់ពីការវាយប្រហារនោះ​ លោក Oleksii Reznikov រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន បានជំរុញឱ្យសម្ព័ន្ធយោធាណាតូបង្កើតគ្មានការហោះហើរនៅអ៊ុយក្រែន ដើម្បីបញ្ឈប់ការវាយប្រហារពីសំណាក់រុស្ស៊ី។ 
 
ចំណែកប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចាត់ទុកការវាយប្រហារនោះ ជាថ្ងៃដ៏អាក្រក់ និងជំរុញឱ្យមេដឹកនាំណាតូបង្កើតតំបន់គ្មានការហោះហើរឱ្យបាន។ កន្លងមក អង្គការណាតូ មិនបានទទួលយកសំណើរបស់អ៊ុយក្រែនឡើយ ដោយបារម្ភពីការរីកសាយនៃជម្លោះ ខណៈរុស្ស៊ីព្រមានថា ការបិទដែនអាកាសអ៊ុយក្រែន គឺជាការឈានជើងចូលក្នុងសង្រ្គាមរបស់អង្គការណាតូ ជាមួយរុស្ស៊ី។ 
 
ក្នុងវីដេអូថ្លែងទៅកាន់ប្រជាជាតិខ្លួននៅយប់ថ្ងៃទី១៣ ខែមីនា លោក ហ្សេលេនស្គី បានបញ្ជាក់ពីការស្វះស្វែងរកជំនួបជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ បើតាមមេដឹកនាំអ៊ុយក្រែនរូបនេះ ជំនួបកំពូលនោះ គឺជារឿងដ៏ពិបាក ប៉ុន្តែតំណាងអ៊ុយក្រែន នឹងធ្វើគ្រប់យ៉ាង ដើម្បីរៀបចំកិច្ចប្រជុំឱ្យបាន ក្នុងគោលបំណងស្វែងរកសន្តិសុខ និងសន្តិភាពសម្រាប់ប្រទេស។ កន្លងមក កិច្ចចរចារវាងតំណាងអ៊ុយក្រែន និងរុស្ស៊ីចំនួន ៤លើក មិនទទួលបានផ្លែផ្កាធំដុំអ្វីឡើយ ដោយតំណាងទាំងនោះ បានឯកភាពបន្តកិច្ចចរចាប៉ុណ្ណោះ។ 
 
បន្ទាប់ពីការវាយប្រហារលើមូលដ្ឋានយោធាក្បែរប៉ូឡូញ ទីប្រឹក្សាសន្តិសុខសេតវិមានអាម៉េរិក លោក Jake Sullivan បានព្រមានក្រុងមូស្គូថា សម្ព័ន្ធយោធាណាតូ នឹងការពារដែនដីសមាជិកខ្លួន ប្រសិនបើរុស្ស៊ីហ៊ានឈានជើងចូលមួយជំហាន ឬមានការវាយប្រហារលើសមាជិកខ្លួនដោយឧបទ្ទវហេតុណាមួយ។ 
 
ស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានរាយការណ៍ថា​ មកទល់ពេលនេះ ប្រជាជនស៊ីវិលនៅអ៊ុយក្រែន យ៉ាងហោចណាស់ ៥៧៩នាក់ បានបាត់បង់ជីវិត ខណប្រជាជនជាង ១ពាន់នាក់ផ្សេងទៀត បានរងរបួស។ ក្រៅពីនេះ ហេដ្ឋារចនាសម្ព័ន្ធជាច្រើន បានរងការខូតខាត ដោយសារការវាយប្រហារមីស៊ីល និងការបំផ្ទុះពីសំណាក់រុស្ស៊ី៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែ​ន
  ណាតូ
© រក្សាសិទ្ធិដោយ thmeythmey.com