ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
សង្គមស៊ីវិល ៖ការដោះលែងសហជីពណាហ្គាវើលដ៍ជារឿងល្អ តែគួរទម្លាក់បទចោទថែមទៀត
15, Mar 2022 , 11:10 am        
រូបភាព
(ឆ្វេង) លោកស្រី ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CCHR ជួបជាមួយមេសហជីពដែលត្រូវបានដោះលែង និងកញ្ញា ឈឹម ស៊ីឈរ មេសហជីពLRSU(អាវបៃតង)។ រូបពី ហ្វេសប៊ុកលោកស្រី ចក់ សុភាព
(ឆ្វេង) លោកស្រី ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CCHR ជួបជាមួយមេសហជីពដែលត្រូវបានដោះលែង និងកញ្ញា ឈឹម ស៊ីឈរ មេសហជីពLRSU(អាវបៃតង)។ រូបពី ហ្វេសប៊ុកលោកស្រី ចក់ សុភាព
ភ្នំពេញ៖ សង្គមស៊ីវិល សាទរចំពោះការដោះលែងមេដឹកនាំសហជីពទាំង៨រូប ឱ្យក្រៅឃុំបណ្ដោះអាសន្នជារឿងមួយល្អ ។ ប៉ុន្តែពួកគេស្នើឲ្យមានការទម្លាក់បទចោទទាំងស្រុង លើ់សហជីពទាំងនោះ ដើម្បីមានភាពស្មើគ្នាក្នុងការចរចាទំនាស់នេះ។

 
មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ៨រូប ត្រូវបានចៅក្រមស៊ើបសួរសម្រេចដោះលែង កាលពីយប់ថ្ងៃទី១៤មីនា ក្រោមការជួយអន្តរាគមន៍ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ មេដឹកនាំសហជីពដែលបានដោះលែងទាំង៨រូប មាន ឈឹម ស៊ីថរ, រី សុវណ្ណឌី, ស៊ុន ស្រីពេជ្រ, ហៃ សុភាព, ឃ្លាំង សុបិន្ត, ទូច សិរីមាស, សុខ ណារិទ្ធ និង ឈឹម សុខន។ បច្ចុប្បន្ននៅសល់សហជីព៣រូបទៀត ដែលកំពុងជាប់ឃុំ។
 
លោក អំ សំអាត នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃអង្គការ​លីកាដូ​ យល់ថា ករណីនេះ ជាការបន្ធូរបន្ថយបរិយាកាសតានតឹង និងការរិះគន់ចំណាត់ការលើក្រុមតវ៉ាបុគ្គលិកណាហ្គាវើលដ៍ នាពេលកន្លងមក។ ម្យ៉ាងទៀត ការដោះលែងនេះ ទំនងឲ្យមេដឹកនាំទាំងនោះ ចូលចរចាដើម្បីបញ្ចប់ទំនាស់។ 
តែយ៉ាងណាអ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ ចង់ឲ្យមានការទម្លាក់បទចោទប្រកាន់លើមេដឹកនាំសហជីពទាំងស្រុង ជាពិសេសអ្នកបន្តជាប់ឃុំ៣រូបទៀត ។ 
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោកពន្យល់យ៉ាងដូច្នេះ៖ «ទោះបីពួកគាត់ត្រូវ ដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នក៏ដោយ គាត់នៅតែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ គឺមាន័យថា ពួកគាត់នៅតែមានសម្ពាធពីតុលាការដដែល នាំឲ្យការចរចាមិនទាន់មានតម្លាភាព សុចរិតភាព និងយុត្តិធម៌ឡើយ»។ 
 
ចំណែកលោកស្រី ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) ដែលបានទៅទទួលស្វាគមន៍មេដឹកនាំសហជីពទាំង៨រូប បានសរសេរលើទំព័រហ្វេសប៊ុក ពីស្ថានភាពរបស់ពួកគេថា ក្នុងចំណោមអ្នកទាំង៨រូប មានសហជីព១នាក់ មានសុខភាពមិនល្អ ត្រូវបញ្ជូនសម្រាកនៅមន្ទីរពេទ្យ។
 
យ៉ាងណាក្ដី មន្រី្តអង្គការសង្គមស៊ីវិលសិទ្ធិមនុស្សរូបនេះ សង្ឃឹមថា នឹងមានការដោះលែងមេដឹកនាំសហជីពបន្ថែមទៀត ហើយដំណើរការដោះស្រាយវិវាទនឹងទទួលបានផ្លែផ្កា។ លោកស្រីថា៖ «យើងខ្ញុំសង្ឃឹមថាពួកគេនឹងមានសេរីភាពទាំងអស់គ្នា និងភាគីពាក់ព័ន្ធអាចជជែករកដំណោះស្រាយលើវិវាទការងារ ដែលភាគីទាំងអស់អាចទទួលយកនិងមានយុត្តិធម៌»។ 
 
សូមជម្រាបថា ចៅក្រមស៊ើបសួរសម្រេចដោះលែងមេដឹកនាំសហជីព៨រូបខាងលើ ខណៈមេដឹកនាំសហជីព៣រូបទៀត នៅជាប់ឃុំ។ ពួកគេទាំង៣រូប ត្រូវបានចាប់ឃុំខ្លួនន ក្រោមហេតុផលថា បានរារាំងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់អាជ្ញាធរ។ ​ចំណែក សមាជិកសហជីពជាច្រើនទៀត កំពុងជាប់ចត្តាឡីស័កនៅព្រែកព្នៅ៕ 
 

Tag:
 វិវាទការងារ
  ណាហ្គាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com