អន្តរជាតិ
អាល្លឺម៉ង់ នឹងបញ្ជាទិញយន្តហោះចម្បាំងអាម៉េរិក F-35 ដែលអាចបំពាក់អាវុធនុយក្លេអ៊ែរ
16, Mar 2022 , 8:29 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
អាល្លឺម៉ង់ នឹងបញ្ជាទិញយន្តហោះចម្បាំងអាម៉េរិក F-35A ដែលអាចបំពាក់អាវុធនុយក្លេអ៊ែរ ដើម្បីជំនួសយន្តហោះចម្បាំង Tornado របស់ខ្លួន។ លោកស្រី Christine Lambrecht រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៤ ខែមីនា។ ការអះអាងរបស់ប្រមុខការពារជាតិអាល្លឺម៉ង់បែបនេះ ធ្វើឡើងស្របពេលរុស្ស៊ី កំពុងវាយប្រហារលើអ៊ុយក្រែន។

 
បើតាមលោកស្រី Christine Lambrecht យន្តហោះចម្បាំង F-35A អភិវឌ្ឍដោយក្រុមហ៊ុន Lockheed Martin នឹងជំនួសយន្តហោះចម្បាំងអាល្លឺម៉ង់ Tornado ដែលមានអាយុចំណាស់។ ទន្ទឹមនេះ អាល្លឺម៉ង់ នឹងអភិវឌ្ឍយន្តហោះចម្បាំង Eurofighter Typhoon សម្រាប់សង្រ្គាមអេឡិចត្រូនិច។ 
 
ការសម្រេចចិត្តទិញយន្តហោះចម្បាំងជំនាន់ទី៥ របស់អាម៉េរិកនេះ ធ្វើឡើងតែរយៈពេលពីរសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីអាល្លឺម៉ង់បានចាប់ផ្តើមមូលនិធិទំនើបកម្មយោធា ក្នុងទំហំ ១១២ពាន់លានដុល្លារ និងសន្យាបង្កើនការចំណាយលើវិស័យការពារជាតិឱ្យបានត្រឹម ២ភាគរយនៃផលិតផលក្នុងស្រុកសរុប ដែលអនុវត្តតាមការទាមទាររបស់សម្ព័ន្ធយោធាណាតូ៕
 

Tag:
 អាល្លឺម៉ង់
  ណាតូ
  យន្តហោះចម្បាំង
© រក្សាសិទ្ធិដោយ thmeythmey.com