អន្តរជាតិ
លោក បៃឌិន ចុះហត្ថលេខាឱ្យប្រើច្បាប់ថវិកា ដោយរួមទាំងជំនួយ១៣,៦ពាន់លានដុល្លារឱ្យអ៊ុយក្រែន
16, Mar 2022 , 5:59 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី១៥ ខែមីនា បានចុះហត្ថលេខាឱ្យប្រើប្រាស់ច្បាប់ថវិកាទំហំ១,៥ទ្រីលានដុល្លារសម្រាប់ចំណាយដល់ខែកញ្ញាឆ្នាំ២០២២។ ក្នុងច្បាប់ចំណាយប្រចាំឆ្នាំនេះ អាម៉េរិក នឹងផ្តល់ជំនួយ ក្នុងទំហំ ១៣,៦ពាន់លានដុល្លារ ទៅឱ្យអ៊ុយក្រែន និងប្រទេសក្បែរខាងអ៊ុយក្រែនផង។

 
ពីសេតវិមាន ដោយមានទាំងវត្តមានរបស់ប្រធានសភាតំណាង និងសមាជិកសភាអាម៉េរិកផ្សេងទៀត លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានចុះហត្ថលេខាឱ្យប្រើប្រាស់ច្បាប់ថវិកាសម្រាប់ចំណាយដែលមានទំហំ១,៥ទ្រីលានដុល្លារ។ 
 
ក្នុងទំហំដ៏ច្រើននេះ  ថវិកាចំនួន ៧៣០ពាន់លានដុល្លារ នឹងត្រូវផ្តល់ទៅវិស័យមិនមែនការពារជាតិ ដូចជា ប្រព័ន្ធអប់រំ ការដឹកជញ្ជូន សន្តិសុខក្នុងប្រទេស និងវិស័យផ្សេងទៀត។ ទន្ទឹមនេះ ច្បាប់ដដែល បានផ្តល់ឱ្យអាម៉េរិកទំហំទឹកប្រាក់ ៧៨២ពាន់លានដុល្លារ លើវិស័យការពារជាតិ។ ច្បាប់នេះ ក៏រួមបញ្ចូលជំនួយមនុស្សធម៌ និងយោធាទៅអ៊ុយក្រែនចំនួន១៣,៦ពាន់លានដុល្លារផងដែរ។ 
 
«ថ្ងៃនេះ យើងម្តងទៀត បានបង្ហាញពីប្រជាជនអាម៉េរិកថា ក្នុងនាមជាប្រទេសមួយ យើងបានរួមគ្នា...ធ្វើរឿងដ៏ធំ»។ លោក បៃឌិន បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា កិច្ចការនេះ គឺជាអ្វីដែលប្រទេសប្រជាធិបតេយ្យអាចធ្វើបាន និងធ្វើល្អជាងប្រទេស ដែលគ្រប់គ្រងបែបផ្តាច់ការ។ 
 
ទន្ទឹមនេះ លោក បៃឌិន បានបន្តថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានធ្វើឱ្យប្រជាជនអាម៉េរិក សមាជិកសភាមកពីបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ និងអ្នកស្រលាញ់សន្តិភាពរួមគ្នា ចាត់វិធានការ និងដោះស្រាយ។ មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាម៉េរិក បានបញ្ជាក់ថា ជំនួយ ១៣,៦ពាន់លានដុល្លារ បានបង្ហាញពីការចាត់វិធានការយ៉ាងរហ័សរបស់អាម៉េរិក ក្នុងការគាំទ្រប្រជាជនអ៊ុយក្រែនការពារប្រទេសរបស់ខ្លួន។ 
 
ក្នុងជំនួយ១៣,៦ពាន់លានដុល្លារនេះ អាម៉េរិក នឹងផ្តល់ឱ្យអ៊ុយក្រែនចំនួន៦,៥ ពាន់លានដុល្លារ សម្រាប់ជំនួយយោធា, ៤ពាន់លានដុល្លារ សម្រាប់ជំនួយមនុស្សធម៌រួមមាន អាហារ និងសម្ភារវេជ្ជសាស្រ្តដល់ជនភៀសខ្លួនអ៊ុយក្រែននៅអឺរ៉ុប។ ទន្ទឹមនេះ អាម៉េរិក នឹងផ្តល់ជំនួយសេដ្ឋកិច្ច ១,៨ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន និងប្រទេសជិតខាងអ៊ុយក្រែនផងដែរ។ មិនតែប៉ុណ្ណោះ ច្បាប់ថវិកានេះ បានផ្តោតលើការទប់ស្កាត់ព័ត៌មានមិនពិត រួមទាំងការគាំទ្រសកម្មជន និងអ្នកសារព័ត៌មាន នៅអ៊ុយក្រែន។ 
 
បន្ទាប់ពីច្បាប់ថវិកាត្រូវបានចុះហត្ថលេខាឱ្យប្រើប្រាស់ ប្រធានាធិបតីអ៊ុយក្រែន លោក  វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងថ្លែងសុន្ទរកថាមួយ នៅថ្ងៃទី១៦ ខែមីនា ទៅកាន់សភាអាម៉េរិក។ ពេលនោះ លោក ហ្សេលេនស្គី ត្រូវបានរំពឹងថា នឹងស្នើជាថ្មីឱ្យរៀបចំតំបន់គ្មានការហោះហើរនៅអ៊ុយក្រែន និងការស្នើសុំយន្តហោះចម្បាំង ដែលផលិតក្នុងសម័យសហភាពសូវៀត។ 
 
គួររម្លឹកថា ការប្រកាសឱ្យប្រើប្រាស់ពីសំណាក់ប្រធានាធិបតីអាម៉េរិក ធ្វើឡើងបន្ទាប់ពីព្រឹទ្ធសភាអាម៉េរិក បានអនុវត្តសេចក្តីស្នើច្បាប់ថវិកានេះ ក្នុងសំឡេងគាំទ្រ៦៨ ទល់នឹងសំឡេងប្រឆាំង៣១៕
 

Tag:
 អាម៉េរិក
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com