COVID-19
ជាតិ
សមាគមធាងត្នោត៖ សហគមន៍ចំនួន១១ នៅភ្នំពេញ ត្រូវបានបណ្ដេញចេញ ក្នុងអំឡុងកូវីដ-១៩
16, Mar 2022 , 10:29 pm        
រូបភាព
ពលរដ្ឋដែលរងការបណ្ដេញចេញពីលំនៅឋាននាពេលកន្លងមក។ រូបពី ធាងត្នោត
ពលរដ្ឋដែលរងការបណ្ដេញចេញពីលំនៅឋាននាពេលកន្លងមក។ រូបពី ធាងត្នោត
ភ្នំពេញ៖ អង្គការសមាគមធាងត្នោត បានរកឃើញថា សហគមន៍ចំនួន១១ ក្នុងរាជធានីភ្នំពេញ ត្រូវបានបណ្ដេញចេញពីលំនៅឋាន នាអំឡុងពេលកូវីដ-១៩។ ជាមួយគ្នា សមាគមធាងត្នោត ស្នើឲ្យរដ្ឋាភិបាលបញ្ឈប់ការបណ្ដេញពលរដ្ឋចេញពីលំនៅឋាន។

 
របាយការណ៍របស់អង្គការសមាគមធាងត្នោត ស្ដីពីជំងឺកូវីដ-១៩ និងការផ្ដល់ជំនួយ បានបង្ហាញថា សហគមន៍ចំនួន៤៥ បានស្នើសុំអន្តរាគមន៍ពីរដ្ឋាភិបាលកាលពីឆ្នាំ២០២០ ដើម្បីជួយពួកគេក្នុងអំឡុងរីករាលដាលជំងឺកូវីដ-១៩។ ពួកគាត់ សុំឲ្យមានការបន្ធូរបន្ថយលើបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ការផ្ដល់ដល់ពលរដ្ឋដែលនៅផ្ទះដោយបញ្ហាកូវីដ-១៩ និងការបញ្ឈប់ការបណ្ដេញពលរដ្ឋចេញពីលំនៅឋាន។ 
 
តាមការស្រាវជ្រាវរបស់អង្គការនេះ រដ្ឋាភិបាលបានផ្ដល់សម្ភារៈបរិក្ខាពេទ្យ ផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ និងបង្កើតគោលនយោបាយដើម្បីកាត់បន្ថយបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ប៉ុន្តែ រដ្ឋាភិបាលមិនបានឆ្លើយតបនឹងសំណើ បញ្ឈប់ការបណ្ដេញពលរដ្ឋក្នុងសហគមន៍ចេញពីលំនៅឋានឡើយ។ 
 
«យ៉ាងហោចណាស់មានសហគមន៍ចំនួន១១ ក្នុងរាជធានីភ្នំពេញ ត្រូវបានបណ្ដេញចេញ ឬទទួលបានការជូនដំណឹងឲ្យរើចេញពីលំនៅឋានក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩»។ នេះជាការលើកឡើងរបស់អង្គការធាងត្នោត ដោយបង្ហាញការយល់ឃើញថា រដ្ឋាភិបាលប្រើរបៀបវារៈនេះ ជាអាទិភាពជាងសុវត្ថិភាព និងសិទ្ធិទទួលបានលំនៅឋាន។ 
 
លោក ឯម ខេមរា ប្រធានកម្មវិធីនៃអង្គការសមាគមធាងត្នោត ថ្លែងប្រាប់សារព័ត៌មានថ្មីៗថា ការបណ្ដេញចេញនេះ ធ្វើឲ្យពលរដ្ឋជួបបញ្ហាប្រឈមផ្ទួនៗ ក្នុងពេលតែមួយ។ លោក មានប្រសាសន៍ថា៖ «ពលរដ្ឋដែលរងគ្រោះដោយសារគេបណ្ដេញចេញ គឹត្រូវគេរំលោភសិទ្ធិលំនៅឋានសមរម្យ ហើយស្មើនឹងរំលោភសិទ្ធិដទៃទៀត ខណៈពួកគេបាត់បង់ចំណូលឬមុខរបរ កុមារពុំបានទទួលការអប់រំត្រឹមត្រូវ រួមទាំងបញ្ហាចំណាកស្រុកថែមទៀត…»។ 
 
ជុំវិញរបាយការណ៍នេះ សារព័ត៌មានថ្មីៗពុំអាចសុំការមកស្រាយពីលោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានឡើយ ដោយលោកទាំង២ ប្រាប់ថា ជាប់ប្រជុំដូចគ្នា។ 
 
យ៉ាងណា លោក កើត ឆែ ធ្លាប់បកស្រាយក្នុងសន្និសីទកាសែតមួយ នៅទីស្តីការគណៈរដ្ឋមន្រ្តី នាដើមខែមីនា ឆ្នាំ២០២២នេះថា អាជ្ញាធរ មិនយកប្រជាជនចេញពីតំបន់ណាមួយ  ទៅឲ្យរស់នៅក្នុងតំបន់ណាមួយផ្សេងទៀត ដោយមិនមានសំណង ឬមិនមានការដោះស្រាយបញ្ហាលំនៅឋានជូនពួកគាត់នោះទេ។ លោក បញ្ជាក់ថា៖«មកដល់ពេលនេះ យើង មិនដែលប្រើអំពើណាមួយ ដែលដេញប្រជាពលរដ្ឋ ដែលអត់មានសំណងទេ នៅស្រុកយើង ហើយគ្មានអ្នកណាល្អជាង ព្រះរាជាណាចក្រកម្ពុជាទេ»។
 
ជាមួយគ្នាដែរ អង្គការធាងត្នោត បានស្នើដល់រដ្ឋាភិបាលបញ្ឈប់ការបណ្ដេញពលរដ្ឋចេញពីលំនៅឋាននាអំឡុងពេលកូវីដ-១៩ ហើយត្រូវរៀបចំបង្កើតគោលនយោបាយសម្រាប់ការបណ្ដេញពលរដ្ឋចេញពីលំនៅដ្ឋានតាមគោលការណ៍សិទ្ធិមនុស្ស។ លើសពីនេះ ត្រូវបញ្ឈប់ការបណ្ដេញប្រជាសហគមន៍ចេញដោយមិនទុកឱកាសឲ្យពួកគេទទួលបានជំនួយផ្នែកច្បាប់។ សង្គមស៊ីវិលរូបចាត់ទុកការបណ្ដេញនៅអំឡុងពេលកូវីដ-១៩ ជាការគំរាមកំហែងអាយុជីវិតប្រជាពលរដ្ឋ ដោយឲ្យពួកគេនៅក្នុងស្ថានភាពងាយនឹងឆ្លងនឹងជំងឺកូវីដ-១៩៕ 
 
យ៉ាងណាកន្លងមក លោក កើត ឆែ បានលើកឡើងពីការខិតខំរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាដីធ្លីជូនប្រជាជន។ លោក ថែមទាំងបានរំលេចពីក្តីអនុគ្រោះខ្ពស់របស់រដ្ឋាភិបាលចំពោះប្រជាជន ដោយពេលខ្លះ ពួកគាត់ បានទៅរស់នៅលើដីសាធារណរដ្ឋហើយ ក៏រដ្ឋាភិបាល មិនចាត់វិធានការច្បាប់ទៀត តែផ្ទុយទៅវិញ បានព្យាយាមស្វែងរកដីជូនពួកគាត់។
 

Tag:
 សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com