អន្តរជាតិ
លោកពូទីន៖ រុស្ស៊ី នឹងមិនអនុញ្ញាតឱ្យអ៊ុយក្រែនធ្វើជាឈ្នាន់របស់បស្ចិមប្រទេសគំរាមខ្លួនឡើយ
17, Mar 2022 , 10:29 am        
រូបភាព
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាព៖ AFP
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាព៖ AFP
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១៦ ខែមីនា បានលើកឡើងថា រុស្ស៊ីនឹងមិនអនុញ្ញាតឱ្យអ៊ុយក្រែនធ្វើជាឈ្នាន់របស់បស្ចិមប្រទេស មកគំរាមកំហែងខ្លួនឡើយ។ បើតាមលោកពូទីន មេដឹកនាំបស្ចិមប្រទេស មិនបានផ្តល់ជម្រើសឱ្យរុស្ស៊ីក្នុងការដោះស្រាយបញ្ហាប្រកបដោយសន្តិភាពឡើយ។

 
ជិតរយៈពេល ១ខែហើយ ដែលរុស្ស៊ីបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។ ក្នុងកិច្ចប្រជុំរដ្ឋាភិបាលនៅថ្ងៃទី១៦ ខែមីនា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយការពារសកម្មភាពយោធារុស្ស៊ីថា ក្រុងមូស្គូ មិនទុកឱ្យក្រុងកៀវ​ឱ្យធ្វើជាឈ្នាន់សម្រាប់បស្ចិមប្រទេសគំរាមរុស្ស៊ីឡើយ។ 
 
«យើងនឹងមិនអនុញ្ញាតឱ្យអ៊ុយក្រែន ធ្វើជាឈ្នាន់សម្រាប់សកម្មភាពគឃ្លើនគំរាមកំហែងរុស្ស៊ីឡើយ»។ លោកពូទីន បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា មេដឹកនាំបស្ចិមប្រទេស មិនបានផ្តល់រុស្ស៊ីនូវជម្រើសដើម្បីដោះស្រាយបញ្ហាប្រកបដោយសន្តិភាពឡើយ។ យ៉ាងណាមិញ មេដឹកនាំកំពូលរបស់រុស្ស៊ីរូបនេះ មិនបានបញ្ជាក់ថា លោកខាងលិចបានធ្វើអ្វីដែលធ្វើឱ្យរុស្ស៊ីគ្មានជម្រើសឡើយ។
 
ស្របពេលរុស្ស៊ីបើកប្រតិបត្តិការយោធាជិត១ខែ លោកពូទីន បានបន្តទៀតថា ប្រតិបត្តិការយោធានៅអ៊ុយក្រែន កំពុងដំណើរការបានយ៉ាងត្រឹមត្រូវ តាមគម្រោងរបស់ខ្លួន។ មិនតែប៉ុណ្ណោះ ប្រធានាធិបតីរុស្ស៊ី ក៏បានលើកឡើងពីទណ្ឌកម្មរបស់ប្រទេសលោកខាងលិចផងដែរ ដោយលោកអះអាងថា គោលបំណងទណ្ឌកម្មបស្ចិមប្រទេសមានតែមួយគត់ គឺបំផ្លាញរុស្ស៊ី ប៉ុន្តែវាមិនអាចទទួលជោគជ័យឡើយ។ ដោយចាត់ទុកសម្ពាធរបស់បរទេស ជាការសាកល្បងសមត្ថភាព លោកពូទីន បានអះអាងថា រុស្ស៊ី នឹងឆ្លងកាត់ឧបសគ្គបែបនេះបានតាមរយៈសេចក្តីថ្លៃថ្នូរ និងការខិតខំធ្វើការងារ។ 
 
បើតាមមេដឹកនាំរុស្ស៊ីរូបនេះ ក្រុមហ៊ុនឯកជនរុស្ស៊ី មានតួនាទីសំខាន់ណាស់ ក្នុងការរួមចំណែកដោះស្រាយបញ្ហាក្នុងពេលបច្ចុប្បន្ន ហើយរុស្ស៊ី នឹងលុបចោលរបាំងរដ្ឋបាលជាច្រើនដើម្បីឱ្យក្រុមហ៊ុន និងសហគ្រាសឯកជន ទទួលបានសេរីភាពច្រើនជាងមុន។ 
 
ក្នុងថ្ងៃដដែលនោះ លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានហៅលោក ពូទីន ថា«ឧក្រិដ្ឋជន» ហើយបានប្រកាសផ្តល់ជំនួយសន្តិសុខ ដោយរួមទាំងអាវុធទំហំ៨០០លានដុល្លារ បន្ថែមទៅអ៊ុយក្រែន ដើម្បីប្រឆាំងរុស្ស៊ី ដោយដកចេញពីកញ្ចប់ជំនួយ ១៣,៧ពាន់លានដុល្លារ។ អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov ចាត់ទុកទង្វើរបស់ប្រធានាធិបតីអាម៉េរិក មកលើលោក ពូទីន ជារឿងមិនអាចទទួលយកបាន និងមិនអាចលើកលែង។ 
 
តាមសំណើអ៊ុយក្រែន អាម៉េរិក នឹងផ្តល់ប្រព័ន្ធមីស៊ីលចម្ងាយឆ្ងាយដើម្បីប្រឆាំងយន្តហោះ, ប្រព័ន្ធប្រឆាំងរថពាសដែក៩ពាន់ដើម, ដ្រូន និងកាំភ្លើង៧ពាន់ដើម៕
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com