COVID-19
អន្តរជាតិ
ADB៖ ជំងឺកូវីដ-១៩ រុញច្រានមនុស្ស ៤,៧លាននាក់នៅអាស៊ីអាគ្នេយ៍ធ្លាក់ខ្លួនក្រីក្រខ្លាំង
17, Mar 2022 , 7:29 pm        
រូបភាព
បុរសជនជាតិហ្វីលីពីនម្នាក់ អង្គុយពាក់ម៉ាស់។ រូបភាព៖ AFP
បុរសជនជាតិហ្វីលីពីនម្នាក់ អង្គុយពាក់ម៉ាស់។ រូបភាព៖ AFP
ជំងឺកូវីដ-១៩ បានជំរុញឱ្យប្រជាជនចំនួន ៤,៧លាននាក់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ធ្លាក់ខ្លួនក្រីក្រខ្លាំង ខណៈការងារចំនួន ៩,៣លានកន្លែងបានបាត់បង់។ នេះបើតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញនៅក្នុងខែមីនា។ បើតាម ADB ជំងឺឆ្លងសកល បានធ្វើឱ្យវិសមភាព ភាពអត់ការងារធ្វើ និងភាពក្រីក្រកើនឡើងផងដែរ។

 
ជំងឺកូវីដ-១៩ បានផ្ទុះឡើងរយៈពេល ២ឆ្នាំហើយ។ មិនតែប៉ុណ្ណោះ វីរុសបង្កជាជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីដែលកើតមានបន្តបន្ទាប់ បានប៉ះពាល់ដល់សេដ្ឋកិច្ចនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍យ៉ាងខ្លាំង។ បើតាមធនាគារអភិវឌ្ឍន៍អាស៊ី វីរុសបំប្លែងខ្លួន អូមីក្រុង អាចកាត់បន្ថយកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់មួយនេះប្រមាណ០,៨ ភាគរយ នៅក្នុងឆ្នាំ២០២២។ មិនត្រឹមតែប៉ុណ្ណោះ ជំងឺឆ្លងសកលមួយនេះ បានធ្វើឱ្យអត្រាគ្មានការងារធ្វើ វិសមភាពក្នុងសង្គម និងភាពក្រីក្រកើនខ្ពស់។ 
 
«ជំងឺឆ្លង បាននាំឱ្យអត្រាគ្មានការងារធ្វើកើនឡើង វិសមភាពកាន់តែធំ និងភាពក្រីក្រកាន់តែច្រើន»។ ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី  លោក Masatsugu Asakawa បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា បញ្ហានេះ បានប៉ះពាល់ខ្លាំងលើស្រ្តីកម្មករវ័យក្មេង និងមនុស្សចាស់។ 
 
ក្នុងរបាយការណ៍របស់ធនាគារអភិវឌ្ឍអាស៊ីមានចំណងជើងថា «អាស៊ីអាគ្នេយ៍ងើបចេញពីជំងឺឆ្លងសកល» ជំងឺកូវីដ-១៩ បានរុញច្រានឱ្យប្រជាជនក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន៤,៧លាននាក់ ធ្លាក់ខ្លួនក្នុងភាពក្រីក្រខ្លាំង ខណៈការងារចំនួន ៩,៣លានកន្លែង បានបាត់បង់។ 
 
ដោយមើលឃើញពីបញ្ហាប្រឈមបែបនេះ ធនាគារអភិវឌ្ឍន៍អាស៊ី បានលើកទឹកចិត្តឱ្យរដ្ឋាភិបាលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបៃតង និងវៃឆ្លាត, ទទួលយកគំនិតច្នៃប្រឌិតបច្ចេកវិទ្យា ដើម្បីបង្កើនកំណើនសេដ្ឋកិច្ច និងបង្កើតការងារ។ ជាមួយគ្នា ADB បានស្នើឱ្យរដ្ឋាភិបាលនៅតំបន់អាស៊ីអាគ្នេយ៍បែងចែកធនធានសម្រាប់ប្រព័ន្ធសុខាភិបាល, កែលម្អការតាមដានជំងឺឆ្លង និងឆ្លើយតបនឹងជំងឺឆ្លងនាពេលអនាគត។ 
 
របាយការណ៍ខាងលើ បានផ្តល់អនុសាសន៍ឱ្យបណ្តាប្រទេសអាស៊ីអាគ្នេយ៍ធ្វើកំណែទម្រង់ជារចនាសម្ព័ន្ធ ដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែងផង។ ការធ្វើកំណែទម្រង់រចនាសម្ព័ន្ធនេះ រួមមាន ការកាត់បន្ថយភាពស្មុគស្មាញលើនីតិវិធីផ្តល់អាជ្ញាប័ណ្ណអាជីវកម្ម, កាត់បន្ថយរបាំងពាណិជ្ជកម្ម រួមទាំងលើកទឹកចិត្តឱ្យសហគ្រាសធុនតូច ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។ 
 
យ៉ាងណាមិញ ធនាគារអភិវឌ្ឍអាស៊ី បានព្រមានថា តំបន់អាស៊ីអាគ្នេយ៍នៅតែប្រឈមបញ្ហាមួយចំនួន ដូចជាការលេចឡើងនៃវីរុសបំប្លែងខ្លួនថ្មី, ការរឹតបន្តឹងលើអត្រាការប្រាក់សកល, ការរំខានលើច្រវាក់ផលិតកម្ម, អតិផរណា និងតម្លៃទំនិញកើនខ្ពស់៕ 
 

Tag:
 ជំងឺកូវីដ-១៩
  ADB
© រក្សាសិទ្ធិដោយ thmeythmey.com