ជាតិ
លោក ប្រាក់ សុខុន នឹងទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា ៣ថ្ងៃ ដើម្បីរកដំណោះស្រាយបញ្ចប់ហិង្សា
18, Mar 2022 , 3:58 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្រី្តក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ រូបពី ហ្វេសប៊ុករបស់លោក ប្រាក់ សុខុន
លោក ប្រាក់ សុខុន រដ្ឋមន្រី្តក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ រូបពី ហ្វេសប៊ុករបស់លោក ប្រាក់ សុខុន
ភ្នំពេញ៖ លោក ប្រាក់ សុខុន រដ្ឋមន្រី្តក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងទៅទស្សនកិច្ចនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី២១ដល់២៣ មីនា ។ ដំណើរទស្សនកិច្ចលោក ប្រាក់ សុខុន នេះ ធ្វើឡើងតាមការអញ្ជើញរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា។

 
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា គោលបំណងនៃដំណើរទស្សនកិច្ចប្រមុខការទូតកម្ពុជានេះ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល និងឈានទៅដល់ការបញ្ចប់អំពើហិង្សានៅមីយ៉ាន់ម៉ា។ 
 
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បញ្ជាក់យ៉ាងដូច្នេះថា៖ «ដំណើរទស្សនកិច្ចលើកដំបូងនេះ មានគោលបំណងដើម្បីបង្កើតលក្ខខណ្ឌអំណោយផង ដើម្បីឈានការបញ្ចប់អំពើហិង្សា ក៏ដូចជាការអត់ធ្មត់ឲ្យបានខ្ពស់បំផុតពីគ្រប់ភាគីទាំងអស់…»។
 
ដំណើរទស្សនកិច្ចរបស់ប្រេសិតប្រធានអាស៊ាននេះ ក៏មានការចែកចាយជំនួយមនុស្សធម៌ ដោយគាំទ្រនិងសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាននិងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ និងលើកទឹកចិត្តឲ្យមានកិច្ចពិគ្រោះយោបល់នយោបាយ ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។ 
 
បើតាមក្រសួងការបរទេស ការបំពេញទស្សនកិច្ចនេះ នឹងធ្វើឡើងតាមឯកសារមូលដ្ឋាននៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន និងលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្តនាពេលកន្លងមក។
 
លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រី្ត-រដ្ឋមន្រី្តក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានវត្តន៍, លោក លីម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន និងលោក លី យ៉ាម មីង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន នឹងអមដំណើរលោក ប្រាក់ សុខុន ៕
 

Tag:
 ទស្សនកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com