ជាតិ
លោក អ៊ិត សំហេង ដាក់ផែនការពង្រឹងវិស័យវិស្វកម្ម ឲ្យកាន់តែមានគុណភាព
19, Mar 2022 , 8:59 pm        
រូបភាព
លោក អ៉ិត សំហេង រដ្ឋមន្រី្តក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ រូបពីក្រសួងការងារ
លោក អ៉ិត សំហេង រដ្ឋមន្រី្តក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ រូបពីក្រសួងការងារ
ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្រី្តក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានដាក់ចេញផែក៨ចំណុច ដើម្បីបន្តបេសកម្មលើកម្ពស់វិជ្ជាវិស្វកម្មឲ្យកាន់ប្រសើរឡើង ដោយមានទាំងបរិមាណនិងគុណភាព។

 
ក្នុងពិធីបិទអង្គមហាសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ អាណត្តិទី២ និងដាក់ផែនការអនុវត្តបន្តអាណត្តិទី៣ ឆ្នាំ២០២២-២០២៧ របស់គណៈវិស្វករកម្ពុជា លោក អ៊ិត សំហេង បានលើកឡើងថា កម្ពុជាចាំបាច់ត្រូវការជំរុញលើការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ដើម្បីដើរឱ្យទាន់ប្រទេសជិតខាងក្នុងតំបន់ និងបណ្ដាប្រទេសផ្សេងទៀត ក្នុងពិភពលោក។ ទស្សនៈទាំងនេះ បានឆ្លុះបញ្ចាំងថា ការអប់រំវិស្វកម្ម គឺជាកូនសោបើកទ្វារឆ្ពោះទៅរកការអភិវឌ្ឍសង្គមជាតិ ប្រកបដោយជោគជ័យ។
 
ក្នុងពិធីបិទអង្គមហាសន្និបាតខាងលើ ដែលរៀបចំឡើងកាលពីថ្ងៃទី១៨មីនា ឆ្នាំ២០២២ រដ្ឋមន្រី្តក្រសួងការងារ បានផ្តល់អនុសាសន៍៨ចំណុច ដើម្បីជំរុញដល់វិស័យវិស្វកម្ម រួមមាន ទី១ ត្រូវពង្រឹងការចុះបញ្ជីវិស្វករ ដើម្បីទទួលស្គាល់គុណវុឌ្ឍិ ទទួលគោរមងារជាវិស្វករអាជីពជាតិ យុវវិស្វករអាស៊ាន វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន ទី២ ត្រូវរៀបចំប្រព័ន្ធគ្រប់គ្រងចុះបញ្ជីវិស្វករតាមប្រព័ន្ធនិម្មិត (online) ដើម្បីងាយស្រួលគ្រប់គ្រងទិន្នន័យ ទី៣ ជំរុញការរៀបចំចងក្រងឯកសារគតិយុត្តនានាដែលទាក់ទងនឹងវិស័យវិស្វកម្ម ទី៤ ត្រូវបញ្ជ្រាប និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីឯកសារគតិយុត្ត និងសារប្រយោជន៍ស្តីពីការចុះបញ្ជីវិស្វករ ទី៥  ត្រូវរៀបចំអនុក្រឹត្យស្តីពីក្រមសីលធម៌វិស្វករ ទី៦ ត្រូវរៀបចំកែសម្រួលនិងធ្វើបច្ចុប្បន្នភាពប្រព័ន្ធផ្សព្វផ្សាយឱ្យកាន់តែប្រសើរឡើងនិងទាន់ពេលវេលា ទាំងតាមគេហទំព័ររបស់គណៈវិស្វករកម្ពុជា និងតាមបណ្តាញសង្គមនានា ទី៧ ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាតិនិងអង្គការជាតិ និងទី៨ តៀមលក្ខណៈសម្បត្តិឱ្យបានល្អក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤០ ដែលនឹងប្រព្រឹត្តទៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។
 
ក្រសួងការងារ អះអាងថា ធនធានមនុស្សផ្នែកវិស្វកម្មបានកើនឡើងទាំងបរិមាណនិងគុណភាព។  ជាក់ស្តែងក្នុងឆ្នាំ២០២១ គណៈវិស្វករកម្ពុជាទទួលបានការចុះបញ្ជីវិស្វករចំនួន៧៤៧នាក់។ គិតមកទល់បច្ចុប្បន្នមានវិស្វករចុះបញ្ជីសរុបចំនួន៦,០០៨នាក់ ក្នុងនោះមានស្រី ២៤០នាក់ ហើយវិស្វករជាតិមាន៥,៩២៤នាក់។ ចំណែក វិស្វករបរទេសមាន៨៤នាក់៕ 
 

Tag:
 វិស្វករ
© រក្សាសិទ្ធិដោយ thmeythmey.com