កីឡាអន្តរជាតិ
អន្តរជាតិ
Xavi ៖ Barcelona នៅតែរង់ចាំបើកទ្វារទទួល Messi ជានិច្ច
20, Mar 2022 , 6:29 pm        
រូបភាព
រូបភាព៖AFP
រូបភាព៖AFP
មុនជំនួបនៃការប្រកួត El Clasico រវាងក្រុម Barcelona តទល់ជាមួយម្ចាស់ផ្ទះ Real Madrid នាថ្ងៃទី២០ខែមីនា គ្រូបង្វឹកលោក Xavi Hernandez និយាយថាក្លិបអ្នកមានបុណ្យនៅតែបើកទ្វារទទួលការវិលត្រលប់ខ្សែប្រយុទ្ធឆ្នើម Lionel Messi។


ក្នុងរដូវកាល ២០២១-២២ នេះខ្សែប្រយុទ្ធ Lionel Messi ហាក់ទទួលរងសម្ពាធ ព្រមទាំងការអស់សង្ឃឹមក្នុងការលេងឱ្យក្រុម Paris Saint Germain ក្រោយចាកចេញពីក្លិប Barcelona ដោយក្លិបជួបបញ្ហាហរិញ្ញវត្ថុ។ PSG ក៏បានធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ត្រឹមវគ្គ១៦ក្រុមក្រោមថ្វីជើង Real Madrid។
 
ក្លិប Barcelona ក៏ត្រូវបន្តស្ថិតក្រោមការរឹតត្បិតក្នុងការចំណាយលើការនាំចូលកីឡាករថ្មីនៅរដូវកាលក្រោយពីសំណាក់ក្របខ័ណ្ឌ La Liga ដ្បិតបញ្ហាហិរញ្ញវត្ថុនៅក្លិបមួយនេះនៅមិនទាន់ធូរស្បើយនៅឡើយ។ Barcelona ក៏នឹងត្រូវស្ថិតក្រោមការសន្សំប្រាក់យ៉ាងសន្ធឹកសន្ធាប់ដើម្បីរួចផុតពីការរងពិន័យពីលីគកំពូលអេស្ប៉ាញមួយនេះ។
 
«Messi គឺជាកីឡាករម្នាក់ដែលស្ថិតក្នុងប្រវត្តិសាស្រ្តរបស់ក្លិប គាត់ជាកីឡាករដ៏ល្អបំផុតក្នុងប្រវត្តិសាស្រ្តផងដែរ។ គាត់អាចនឹងត្រលប់មកកាន់ក្លិប ​Barcelona វិញ យើងនៅតែបើកទ្វារទទួលគាត់ជានិច្ច។» Xavi ឆ្លើយតបបែបនេះទៅកាន់អ្នកកាសែតដែលបានចោទសួរ។
 
ជំនួប El Clasico រវាងក្រុមម្ចាស់ផ្ទះ Real Madrid ទទួលក្រុម Barcelona នឹងត្រូវបើកការប្រកួតនាកីឡដ្ឋាន Santiago Bernabeu វេលាម៉ោង៣ (ម៉ោងនៅកម្ពុជា) រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែមីនា៕
 

Tag:
 Xavi Hernandez
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com