អន្តរជាតិ
មេដឹកនាំកម្ពុជា-ជប៉ុន៖ ការឈ្លានពានលើរដ្ឋសមាជិកUN ជាការបំពានធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ
20, Mar 2022 , 9:47 pm        
រូបភាព
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា (ខាងស្តាំ) ជាមួយសមភាគីជប៉ុន លោកគីស៊ីដា ហ្វូមីអូ ។ រូបភាព៖ Facebook-សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា (ខាងស្តាំ) ជាមួយសមភាគីជប៉ុន លោកគីស៊ីដា ហ្វូមីអូ ។ រូបភាព៖ Facebook-សម្តេច ហ៊ុន សែន
ការឈ្លានពានលើរដ្ឋសមាជិកអង្គការសហប្រជាជាតិមួយ ដោយបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋនោះ ជាការរំលោភបំពានធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ដែលហាមឃាត់ការប្រើប្រាស់កម្លាំង និងខុសយ៉ាងខ្លាំងលើធម្មនុញ្ញអង្គការសហប្រជាជាតិ (UN)។ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន និងសមភាគីជប៉ុន លោកគីស៊ីដា ហ្វូមីអូ បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍រួម ចេញនៅថ្ងៃទី២០ ខែមីនា។

 
នាយករដ្ឋមន្រ្តីជប៉ុន លោកគីស៊ីដា ហ្វូមីអូ នៅថ្ងៃទី២០ ខែមីនា បានចាប់ផ្តើមទស្សនកិច្ចនៅកម្ពុជា ដើម្បីរឹតចំណងទំនាក់ទំនងទ្វេភាគី។ ក្នុងសន្និសីទសារព័ត៌មានរួមគ្នា សម្តេចហ៊ុន សែន និងលោកគីស៊ីដា បានលើកឡើងពីបញ្ហាជាច្រើន ក្នុងនោះក៏មានបញ្ហាអ៊ុយក្រែនដែរ។ មេដឹកនាំប្រទេសទាំងពីរ បានចែករំលែកទស្សនៈជាមួយគ្នាជុំវិញបញ្ហាអ៊ុយក្រែន និងចាត់ទុកការឈ្លានពានរបស់រដ្ឋមួយលើរដ្ឋមួយទៀត គឺជាសកម្មភាពខុសច្បាប់អន្តរជាតិ។ 
 
«ការឈ្លានពានទៅលើរដ្ឋសមាជិកអង្គការសហប្រជាជាតិ ដោយបំពានអធិបតេយ្យ និងបូរណភាពទឹកដីរបស់រដ្ឋនោះ គឺជាការបំពានច្បាប់អន្តរជាតិ...និងរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ»។ ប្រមុខរដ្ឋាភិបាលកម្ពុជា និងជប៉ុន បានបញ្ជាក់រួមគ្នាបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍រួមចេញនៅថ្ងៃទី២០ ខែមីនា ដោយបន្ថែមថា ការឈ្លានពាន នឹងបង្កមហន្តរាយដល់មូលដ្ឋានគ្រឹះនៃច្បាប់អន្តរជាតិ ពាក់ព័ន្ធនឹងការផ្លាស់ប្តូរព្រំដែន។
 
ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ សម្តេច ហ៊ុន សែន បានបញ្ជាក់ពីបទពិសោធន៍ផ្ទាល់ខ្លួន និងកម្ពុជាធ្លាប់ជួបប្រទះកន្លងមកថា សង្រ្គាម មិនអាចបញ្ចប់សង្រ្គាមបាននោះទេ ហើយគួរតែបន្តស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាព។ ទន្ទឹមនេះ មេដឹកនាំប្រទេសទាំងពីរ បានទទូចឱ្យបញ្ឈប់ការប្រើប្រាស់កម្លាំងយោធាជាបន្ទាន់ និងដកកម្លាំងយោធារុស្ស៊ីចេញពីទឹកដីអ៊ុយក្រែន។ 
 
ក្រៅពីបញ្ហាខាងលើ សម្តេចហ៊ុន សែន និងលោក គីស៊ីដា បានព្រមានពីផលវិបាកលើការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងការវាយប្រហារលើរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរផងដែរ។ 
 
សូមបញ្ជាក់ថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន ជាប្រធានបទដ៏ក្តៅគគុក ចាប់តាំងពីចុងខែកុម្ភៈមក។ រុស្ស៊ីបានប្រកាសបញ្ជូនយោធាទៅក្នុងដីអ៊ុយក្រែន ក្រោមហេតុផលទប់ស្កាត់អំពើប្រល័យពូជសាសន៍លើជនជាតិរុស្ស៊ី នៅតំបន់ភាគខាងកើតអ៊ុយក្រែន។ យ៉ាងណាមិញ បញ្ហានេះ ត្រូវបានអ៊ុយក្រែនច្រានចោល។ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានបង្កឱ្យមានផលវិបាកជាច្រើន ក្នុងនោះដូចជាវិបត្តិមនុស្សធម៌ ការបាត់បង់ជីវិតរបស់ប្រជាជនស៊ីវិល និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធជាដើម៕
 

Tag:
 រុស្ស៊ី
  ជប៉ុន
  កម្ពុជា
 ​ អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com