កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe ៖ គ្រប់គ្នានឹងបន្តនិយាយពីបរាជ័យរបស់ PSG នៅ UCL តែយើងគួរទទួលយកការពិត
21, Mar 2022 , 11:29 am        
រូបភាព
ក្លិបបាល់ទាត់ Paris Saint Germain រងបរាជ័យជាថ្មីទៀត ក្រោមថ្វីជើងក្រុម AS Monaco ក្នុងលទ្ធផល ៣-០ ថ្ងៃទី២១ខែមីនា។ នេះជាបរាជ័យដ៏ធំលើកទីពីរក្រោយធ្លាក់ចេញពីការប្រកួត UEFA Champions League វគ្គ១៦ក្រុមក្រោមថ្វីជើង Real Madrid។ ខ្សែប្រយុទ្ធ Kylian Mbappe ប្រាប់ឱ្យសមាជិកក្រុមទទួលយកការពិតនេះ។


ទោះបីចាញ់ក្រុម AS Monaco ក្តីក៏ក្លិប PSG នៅតែបន្តឈរលេខ១កំពូលតារាង Ligue 1 ដោយ២៩ប្រកួតមកនេះ មាន៦៥ពិន្ទុ។ ចំណែកក្រុម Olympique de Marseille ជាក្រុមដែលកំពុងតែប្រជែង ឈរលេខរៀងទី២ តាមពីក្រោយ១២ពិន្ទុ ក្រោយឈ្នះលើក្រុម Nice ក្នុងលទ្ធផល ២-១ នាថ្ងៃទី២១ខែមីនា។
 
បរជ័យទល់​ Monaco ជាការចាញ់លើកទីបីរបស់ PSG នៅក្រៅទឹកដីក្នុងរដូវកាលនេះ។ ប៉ុន្តែនេះជាបរាជ័យផ្ទួនៗរបស់ក្លិបអ្នកមានមួយនេះ។ ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe អះអាងថា ​ គោលដៅរបស់ក្រុម គឺពានរង្វាន់លីគកំពូលបារាំងលើកទី១០។
 
«ពួកគេលេងបានល្អ អបអរសាទរទៅកាន់ពួកគេ ហើយក៏ជាក្រុមខ្លាំងមួយផងដែរ ប៉ុន្តែក្តីសុបិនយើងពេលនេះពានរង្វាន់បារាំងលើកទី១០។ យើងអាចឈ្នះក្រុមផ្សេងដោយស៊ុតច្រើនគ្រាប់ តែមនុស្សគ្រប់គ្នានឹងនៅតែនិយាយពី Champions league ។ យើងគួរតែគោរពអ្នកគាំទ្រយើង ហើយទទួលយកការពិតទាំងនេះ»។ Mbappe និយាយបែបនេះក្រោយចប់ការប្រកួតទល់អតីតក្លិបរបស់ខ្លួន។
 
លើសពីនេះ អ្នកចាត់ការ PSG លោក Pochettino ក៏បានដាស់តឿន កូនក្រុមគួរតែបញ្ឈប់ការគិតអវិជ្ជមានអំពីការធ្លាក់ចេញពីពានរង្វាន់ Champions League ហើយផ្តោតអារម្មណ៍លើការប្រកួតដែលនៅសល់ផងដែរ៕
 

Tag:
 Kylian Mbappe
  PSG
© រក្សាសិទ្ធិដោយ thmeythmey.com