កីឡាអន្តរជាតិ
អន្តរជាតិ
អគ្គិភ័យឆាបឆេះទីកន្លែងអង្គុយអ្នកគាំទ្រ មុនការប្រកួតរវាង Ajax និង ​Feyenoord
21, Mar 2022 , 3:19 pm        
រូបភាព
រឿងហេតុគួរឱ្យភ័យខ្លាចមួយបានកើតឡើង ក្នុងកីឡដ្ឋាន Johan Cruyff Arena នាថ្ងៃទី២០ ខែមីនា។ អគ្គិភ័យបានឆាបឆេះទីតាំងកន្លែងអង្គុយរបស់អ្នកគាំទ្រ មុនការប្រកួតរវាងក្រុម Ajax Amsterdam ជាមួយ Feyenoord ចាប់ផ្តើម។



ផ្ទាំងបដាមួយចំនួនត្រូវបានឆាបឆេះ ដែលបណ្តាលមកពីការដុតភ្លើងកាំជ្រួច ពីសំណាក់ក្រុមអ្នកគាំទ្រ ។ភ្លើងដែលឆាបឆេះបានកើតឡើង លាយលំជាមួយផ្សែងពណ៍ខ្មៅ ពេលកីឡាករត្រៀមប្រកួតលើទីលាន។


 
ទោះបីជាយ៉ាងនេះក្តីក្រុមសន្តិសុខ ដែលស្ថិតនៅការពារក្នុងកីឡដ្ឋាន បានយកចិត្តទុកដាក់គ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អ ដោយបានបន្លត់ភ្លើងនោះយ៉ាងឆាប់រហ័ស។ បើតាមសេចក្តីរាយការណ៍ គ្មានអ្នកគាំទ្រណាម្នាក់ទទួលរងរបួសឡើយ ហើយការប្រកួតរវាងក្រុមទាំងពីរ ក៏បានប្រព្រឹត្តទៅដោយរលូនធម្មតា ក្រោយគ្រប់គ្រងស្ថានភាពអគ្គិភ័យនេះ។
 



សម្រាប់ការប្រកួតនេះ ក្រុមម្ចាស់ផ្ទះ Ajax បានប្រយុទ្ធវាយបកយកឈ្នះលើក្រុម Feyenoord ក្នុងលទ្ធផល ៣-២។
 
ជ័យជម្នះដែលជាគ្រាប់ចុងម៉ោងរបស់ Ajax បានជួយឱ្យក្រុមមួយនេះ បន្តស្ថិតនៅលើកំពូលតារាងក្របខណ្ឌ Eredivisie ប្រទេសហូឡង់ ដែលមាន ៦៦ពិន្ទុ នាំមុខក្រុម PSV Eindhoven ឈរលេខ២ ដែលមាន ៦៤ពិន្ទុ និង Feyenoord លេខ៣មានត្រឹម ៥៥ពិន្ទុ៕
 
 

Tag:
 Ajax Amsterdam
  Feyenoord
© រក្សាសិទ្ធិដោយ thmeythmey.com