អន្តរជាតិ
លោក ហ្សេលេនស្គី ថា អ៊ីស្រាអែលជាកន្លែងល្អក្នុងការចរចាជាមួយរុស្ស៊ី
21, Mar 2022 , 3:59 pm        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ។ រូបថត AFP
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ។ រូបថត AFP
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី ២០ខែមីនា លើកឡើងថា អ៊ីស្រាអែល​កំពុង​ប្រឹងប្រែង​យ៉ាងសកម្មដើម្បី​រៀបចំ​កិច្ចចរចា​សន្តិភាព​កម្រិត​កំពូល​រវាង​មេដឹកនាំអ៊ុយក្រែន និង​រុស្ស៊ី។ លោក ហ្សេលេនស្គី ក៏​បាន​ស្នើ​ថា ជំនួបកម្រិតមេដឹកនាំប្រទេសទាំងពីរគួរតែ​ធ្វើ​ឡើងនៅ​ក្រុងហ្ស៊េរុយសាឡិម ដោយលោកចាត់ទុក​ជា​ទីកន្លែង​ល្អមួយ។

 
ឈានចូលជិតមួយខែបន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន ភាគីទាំងពីរនៅតែបន្ត ប្រឈមមុខដាក់គ្នា ហើយ​កិច្ចចរចារវាងអ្នកតំណាងប៉ុន្មានលើកមកនេះក៏មិនបានជំរុញឱ្យមានបទឈប់បាញ់គ្នានោះឡើយ។ ថ្លែងក្នុង​វីដេអូ​នៅថ្ងៃទី២០ ខែមីនា ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានលើកឡើងដល់ការប្រឹងប្រែងរបស់អ៊ីស្រាអែលបានខិតខំដើរតួកណ្ដាល​ដើម្បី​ភ្ជាប់កិច្ចចរចារវាងទីក្រុងកៀវ និងទីក្រុងមូស្គូ។ 
 
ក្នុងវីដេអូដែលចេញក្រោយការថ្លែង​សុន្ទរកថា​ទៅសភា​អ៊ីស្រាអែល​តាមប្រព័ន្ធអនឡាញ លោក ហ្សេលេនស្គី ក៏បានអះអាងថា លោកដឹងពីបំណងរបស់អ៊ីស្រាអែលក្នុងការជួយជ្រោមជ្រែងរឿងនេះគឺដើម្បីការពារ​ផល​ប្រយោជន៍ និងសុវត្ថិភាពប្រជាជនរបស់ពួកគេ។
 
«នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Naftali Bennett កំពុង​ព្យាយាម​រក​វិធីសាស្ត្រ​នៃ​ការ​ចរចាគ្នា ហើយ​យើង​ពិត​ជា​អរគុណខ្លាំងណាស់ចំពោះការខិតខំប្រឹងប្រែងរបស់លោក»។ ប្រមុខរដ្ឋអ៊ុយក្រែន បានលើកឡើងបែបនេះ រួច​បន្តថា ដូច្នេះមិនយូរមិនឆាប់ភាគីជម្លោះនឹងចាប់ផ្តើមមានកិច្ចពិភាក្សាដែលប្រហែលនឹងធ្វើនៅទីក្រុងហ្ស៊េរុយសាឡិម។ មេដឹកនាំ អ៊ុយក្រែនរូបនេះបានហៅទីក្រុងហ្ស៊េរុយសាឡិកថាជាទីកន្លែងដ៏​ត្រឹម​ត្រូវ​ក្នុង​ការ​ស្វែង​រក​ សន្តិភាព ប្រសិនជាកិច្ចចរចាអាចបន្តដើរទៅមុខ។ ប៉ុន្តែលោកមិនបាននិយាយដល់ឋានៈដ៏ចម្រូងចម្រាសរបស់ទីក្រុងនេះ។
 
អំឡុងការថ្លែង​សុន្ទរកថា​ទៅសភា​អ៊ីស្រាអែល​ លោក ហ្សេលេនស្គី បានជំរុញ​អ៊ីស្រាអែល​ផ្ដល់​ប្រព័ន្ធ​ការពារ​មីស៊ីលដល់អ៊ុយក្រែន ដែលនឹងអាចការពារប្រជាជនពីការវាយប្រហារពីសំណាក់រុស្ស៊ីផងដែរ។
 
សូមបញ្ជាក់ថា លោក Bennett ធ្លាប់បានជួបពិភាក្សាជាមួយមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន ហើយជំរុញឱ្យភាគីទាំងពីចូលតុចរចា។ ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែល ក៏ធ្លាប់ទៅជួបប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅទីក្រុងមូស្គូ ដើម្បីជជែកពីបញ្ហាអ៊ុយក្រែនេះដែរ៕
 
 
 
 
 

Tag:
 អ៊ុយក្រែន
  អ៊ីស្រាអែល
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com