កីឡាអន្តរជាតិ
អន្តរជាតិ
Xavi ៖ឈ្នះ Real ជាគំរូយ៉ាងល្អឥតខ្ចោះសម្រាប់ទម្រង់ដែលខ្ញុំចង់ឱ្យក្រុមលេង
21, Mar 2022 , 5:15 pm        
រូបភាព
ក្លិបបាល់ទាត់ Barcelona យកឈ្នះការប្រកួត El Clasico ក្នុងលទ្ធផល ៤-០ លើ​ Real Madrid នាថ្ងៃទី២១ខែមីនា។ លោក Xavi Hernandez និយាយថា ជ័យជម្នះនេះ ជាគំរូមួយយ៉ាងល្អឥតខ្ចោះសម្រាប់ទម្រង់ដែលលោកចង់ឱ្យក្រុមលេង។

 
៤គ្រាប់របស់ក្រុមភ្ញៀវ Barca ធ្វើបានដោយកីឡាករ Pierre Emerick Aubameyang ២គ្រាប់ម្នាក់ឯង ខ្សែការពារ Ronald Araujo និងខ្សែប្រយុទ្ធ Ferran Torres នៅកីឡដ្ឋាន Santiago Bernabeu។ ក្នុងចំណោមជំនួប El Clasico ៦លើកចុងក្រោយរវាង Barca ជាមួយ Real Madrid ក្រុមស្ថិតនៅតំបន់ Catalonia ប្រកួតចាញ់៥លើកទៅហើយ។ នេះការសងសឹករបស់ Barca ដល់ផ្ទះ Real Madrid តែម្ដ។ 
 
ជាមួយទម្រង់លេងដែលមានប្រៀបទៅលើក្រុមម្ចាស់ផ្ទះ និងស្វែងរកគ្រាប់បានច្រើនបែបនេះ គ្រូបង្វឹកវ័យ៤១ឆ្នាំ ជឿជាក់លើកូនក្រុមថា នឹងបន្តលេងទម្រង់យ៉ាងល្អមួយនេះជាមួយក្រុមណាក៏បាន ប្រសិនបន្តប្រើទម្រង់ល្អបែបនេះ។
 
«យើងមិនបានរំពឹងថាអាចធ្វើបានល្អបែបនេះនៅទឹកដីរបស់ពួកគេឡើយ។ ខ្ញុំសប្បាយចិត្តដែល Barca បានផ្លាស់ប្តូរសក្តានុពលរបស់ខ្លួនពេលបច្ចប្បន្ន ហើយក៏នៅពេលអនាគត ជាមួយទម្រង់លេងល្អខ្លាំងបែបនេះ យើងអាចប្រកួតជាមួយក្លិបណាក៏បាន»។ Xavi និយាយបែបនេះក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត។
 
មិនត្រឹមតែប៉ុណ្ណោះ Xavi ក៏បានអះអាងបន្ថែមថា ពេលនេះ Barca ត្រលប់មកកាន់ការប្រជែងពានរង្វាន់វិញហើយ ហើយរំពឹងថា នឹងទទួលបានអ្វីមួយក្នុងរដូវកាលនេះ។
 
ពេលនេះ Barcelona ស្ថិតនៅលំដាប់ថ្នាក់ទីបីនៅតារាង La Liga ដោយមាន៥៤ពិន្ទុ មានគម្លាតពិន្ទុពីក្រុមកំពូលតារាង Real Madrid ចំនួនត្រឹមតែ១២ពិន្ទុ៕
 

Tag:
 Xavi Hernandez
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com