អន្តរជាតិ
ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង ប្ដូរការិយាល័យធ្វើការដើម្បីបាននៅជិតប្រជាជន
21, Mar 2022 , 10:59 pm        
រូបភាព
លោក យូន សុកយ៉ល ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង។ រូបភាព៖ Xinhua
លោក យូន សុកយ៉ល ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង។ រូបភាព៖ Xinhua
លោក យូន សុកយ៉ល ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង នៅថ្ងៃទី២១ ខែមីនា បានប្រកាសពីការសម្រេចចិត្តផ្លាស់ប្តូរការិយាល័យប្រធានាធិបតី​ពីវិមាន Cheong Wa Dae ទៅអាគារក្នុងក្រសួងការពារជាតិវិញ។ ការប្រកាសរបស់លោក យូន ធ្វើឡើងក្នុងគោលបំណងឱ្យរដ្ឋបាលថ្មីខ្លួនមានភាពជិតស្និទ្ធជាមួយប្រជាជន និងដើរចេញពីនិមិត្តសញ្ញានៃអំណាចចក្រពត្តិ។

 
វិមាន Cheong Wa Dae ត្រូវបានប្រើប្រាស់ជាការិយាល័យ និងជានិវេសដ្ឋានប្រធានាធិបតីជាច្រើនទសវត្សរ៍មកហើយ។ ប៉ុន្តែទីតាំងរបស់វិមាន Cheong Wa Dae ទោះស្ថិតនៅកណ្ដាលរដ្ឋធានីសេអ៊ូលក្ដី រងការរិះគនថា ស្ថិតនៅឆ្ងាយពីប្រជាជនទៅវិញ ដែលបញ្ហានេះ បានបង្កឱ្យមានការរិះគន់ថា ប្រធានាធិបតីកូរ៉េខាងត្បូង មិនសូវជិតស្និទ្ធជាមួយសាធារណៈ និងមន្រ្តីខ្លួន។ 
 
ទាក់ទិននឹងបញ្ហានេះ លោក យូន សុកយ៉ល ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង បានប្រកាសថា ការិយាល័យរដ្ឋាភិបាលថ្មី នឹងប្តូរទៅក្នុងបរិវេណក្រសួងការពារជាតិក្នុងសង្កាត់ Yongsan ក្នុងក្រុងសេអ៊ូលភ្លាមៗ បន្ទាប់ពីស្បថចូលកាន់តំណែងនៅថ្ងៃទី១០ ខែឧសភាខាងមុខ។ បើតាមលោក យូន ក្នុងថ្ងៃដដែលនោះ វិមាន Cheong Wa Dae នឹងបើកជាសាធារណៈផងដែរ។ ចំណែកការិយាល័យក្រសួងការពារជាតិវិញ នឹងត្រូវប្តូរទៅក្នុងអាគារអគ្គសេនាធិការចម្រុះកូរ៉េខាង​ត្បូង នៅបរិវេណក្រសួងការពារជាតិដដែល។ 
 
«វាជាកិច្ចការពិបាក ប៉ុន្តែការសម្រេចចិត្តនេះ ខ្ញុំធ្វើសម្រាប់អនាគតប្រទេស»។ លោក ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង បានសង្កត់ធ្ងន់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងថ្ងៃទី២១ ខែមីនា ដោយបន្ថែមថា លោកអំពាវនាវឱ្យប្រជាជនយល់ពីបញ្ហាការប្តូរទីតាំងការិយាល័យប្រធានាធិបតី ព្រោះការធ្វើបែបនេះ គឺដើម្បីបម្រើប្រជាជន និងធ្វើការឱ្យបានត្រឹមត្រូវ ដូចការសន្យាប៉ុណ្ណោះ។ 
 
ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតកន្លងមក លោក យូន បានសន្យាប្តូរការិយាល័យប្រធានាធិបតីទៅអាគាររដ្ឋាភិបាល Gwanghwamun ។ ការប្តេជ្ញានេះ ធ្វើឡើងក្នុងគោលបំណងសហការជាមួយមន្រ្តី និងរក្សាទំនាក់ទំនងជាមួយប្រជាជន។ ប៉ុន្តែការប្តូរទៅអាគារ Gwanghwamun ត្រូវលុបចោលវិញ ដោយសារចំណាយច្រើន ពោលគឺមានទំហំជាង៦០លានដុល្លារ ខណៈការផ្លាស់ប្តូរទៅក្រសួងការពារជាតិ មានទំហំជាង ៣៣លានដុល្លារប៉ុណ្ណោះ។ ម្យ៉ាង មន្រ្តីកូរ៉េខាងត្បូងក៏បារម្ភពីបញ្ហាសុវត្ថិភាពដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
បើតាមលោក យូន ការប្តូរការិយាល័យប្រធានាធិបតីអាចនឹងឆាប់រហ័ស ដោយវាមានរយៈពេលតែជាង ៥០ថ្ងៃប៉ុណ្ណោះ រហូតដល់ថ្ងៃលោកចូលកាន់តំណែង។ ប៉ុន្តែបើលោកចូលធ្វើការក្នុងវិមាន Cheong Wa Dae វានឹងពិបាកសម្រាប់លោកក្នុងការដើរចេញ ដោយសារវិមាន Cheong Wa Dae ជានិមិត្តសញ្ញានៃអំណាចចក្រពត្តិ។ 
 
បន្ទាប់ពីការប្រកាសរបស់លោក យូន បែបនេះ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងពីការបារម្ភជុំវិញបញ្ហាសន្តិសុខ ខណៈភាពតានតឹងនៅឧបទ្វីបកូរ៉េ កំពុងតែកើនឡើង។ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន លោក Park Soo-hyun លេខាធិការប្រធានាធិបតីទទួលបន្ទុកទំនាក់ទំនងសាធារណៈ បានអះអាងថា ការប្តូរទីតាំងក្រសួងការពារជាតិ និងអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងដ៏ឆាប់រហ័សបែបនេះ នឹងបង្កឱ្យមានការភាន់ច្រឡំ និងចន្លោះប្រហោងផ្នែកសន្តិសុខ។ បើតាមលេខាធិការប្រធានាធិបតីរូបនេះ វិមាន Cheong Wa Dae នឹងប្រាប់ក្តីបារម្ភនេះ ទៅក្រុមការងារផ្ទេរតំណែងរបស់លោក យូន៕
 
 

Tag:
 កូរ៉េខាងត្បូង
  ប្រធានាធិបតី
© រក្សាសិទ្ធិដោយ thmeythmey.com