កីឡាអន្តរជាតិ
អន្តរជាតិ
អភិបាលក្រុង Manchester និង Liverpool រួមគ្នាស្នើប្តូរការប្រកួត​ FA Cup ចេញពីកីឡដ្ឋាន Wembley
24, Mar 2022 , 8:29 am        
រូបភាព
អភិបាលក្រុងរបស់ Manchester និងអភិបាលក្រុង Liverpool បានរួមគ្នាស្នើសុំឱ្យសមាគមកីឡាបាល់ទាត់អង់គ្លេស (FA) ប្តូរទីតាំងការប្រកួត FA Cup រវាងក្រុម Manchester City ទល់ Liverpool ចេញពីកីឡដ្ឋាន Wembley ព្រោះកង្វល់ពីបញ្ហាផ្នែកដឹកជញ្ជូន។



 
ក្រុមមេឃខៀវដែលដឹកនាំដោយលោក Pep Guardiola និងហង្សក្រហមរបស់លោក Jurgen Klopp នឹងត្រូវជួបតទល់គ្នានៅខែមេសាខាងមុខនេះ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ដ៏ចាស់បំផុតមួយរបស់អង់គ្លេស ។
 
អ្នកគាំទ្ររបស់ក្រុម Manchester City និង Liverpool ដែលជាដៃគូរប្រកួតប្រជែងទាំងក្នុង Premier League និងក្នុង Champions league បានជំរុញឱ្យការប្រកួតផ្លាស់ប្តូរទីតាំងប្រកួត ដោយសារតែកង្វល់បញ្ហាដឹកជញ្ជូន។
 
ក្រោយស្វែងយល់ពីកង្វល់របស់អ្នកគាំទ្រក្រុមទាំងពីរ លោក Andy Burnham អភិបាលក្រុង Manchester និង លោក Steve Rotheram បានធ្វើសេចក្តីថ្លែងការណ៍រួមស្នើទៅកាន់ FA ទាក់ទងទៅនឹងបញ្ហាដែលនៅចំពោះមុខ។
 
«ចាប់តាំងពីឆ្នាំមុនមក យើងបានឮពីពាក្យស្លោកបាល់ទាត់គ្មានអ្នកគាំទ្រគឺគ្មានអ្វីទាំងអស់ (Football without fans is nothing) រហូតមក។ បញ្ហាដែលតែងកើតមានគឺបញ្ហាការធ្វើដំណើរ។ យើងជឿជាក់ថាដំណោះស្រាយគឺប្តូរទីកន្លែងប្រកួតទៅកាន់កីឡដ្ឋានដែលស្ថិតនៅក្នុងតំបន់ហើយមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការប្រកួត»។ នេះបើសេចក្តីថ្លែងការណ៍រួមចេញថ្ងៃទី២២ ខែមីនា។
 
ជំនួបរបស់ Man City និង Liverpool នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup គឺជាជំនួបលើកទីពីររវាងក្រុមទាំងពីរក្នុងសប្តាហ៍តែមួយដោយ ត្រូវជួបគ្នាក្នុងក្របខណ្ឌ Premier league ផងដែរ៕
 

Tag:
 Manchester
  Liverpool
  FA Cup
© រក្សាសិទ្ធិដោយ thmeythmey.com