អន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែន ជំរុញឱ្យធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
24, Mar 2022 , 10:18 am        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន លោក  វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ AFP
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ AFP
ប្រធានាធិបតីអ៊ុយក្រែន លោក  វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី២៣ ខែមីនា បានលើកឡើងថា អង្គការសហប្រជាជាតិ បានបរាជ័យក្នុងការទប់ស្កាត់សង្រ្គាមនៅអ៊ុយក្រែន។ ទាក់ទិននឹងបញ្ហានេះ មេដឹកនាំអ៊ុយក្រែន បានជំរុញឱ្យធ្វើកំណែទម្រង់លើក្រុមប្រឹក្សាសន្តិសុខ ដែលបានផ្តល់អំណាចខ្លាំងដល់សមាជិកអចិន្រៃ្តយ៍ទាំង ៥។

 
ប្រធានាធិបតីអ៊ុយក្រែន លោក  វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្លែងសុន្ទរកថាទៅកាន់សភាជប៉ុន តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៣ ខែមីនា។ តាមរយៈសុន្ទរកថានោះ លោក ហ្សេលេនស្គី បានអះអាងថាអង្គការសហប្រជាជាតិ មិនអាចទប់ស្កាត់រុស្ស៊ី ក្នុងការឈ្លានពានអ៊ុយក្រែនបានឡើយ។ 
 
«ទាំងអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខ មិនបានបំពេញតួនាទីរបស់ខ្លួនឡើយ។ ការធ្វើកំណែងទម្រង់ គឺចាំបាច់ណាស់»។ ប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ពិភពលោក ត្រូវតែធានាពីសន្តិសុខសកល ហើយអង្គការអន្តរជាតិ ក្នុងពេលបច្ចុប្បន្ន មិនអាចបំពេញតួនាទីបានល្អលើការការពារសន្តិសុខនេះឡើយ។ 
 
បើតាមមេដឹកនាំអ៊ុយក្រែនរូបនេះ ពិភពលោក ត្រូវតែអភិវឌ្ឍអង្គការថ្មីមួយ ដោយមានយន្តការទប់ស្កាត់ជាមុន ដើម្បីបញ្ឈប់ការឈ្លានពាន។ 
 
តាមពិតទៅ កំណែទម្រង់ក្រុមប្រឹក្សាដ៏មានឥទ្ធិពលមួយនេះ មិនមែនជារឿងថ្មីឡើយ។ កន្លងមក បារាំង ឥណ្ឌា រួមទាំងជប៉ុនផង ក៏ធ្លាប់ស្នើឱ្យធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ ដែលផ្តល់សិទ្ធិវេតូទៅសមាជិកអចិន្រ្តៃយ៍ទាំង៥មានរុស្ស៊ី អាម៉េរិក បារាំង អង់គ្លេស និងចិន។ និងមិនងាយដោះស្រាយបញ្ហាជម្លោះធំៗបាន។ ក្រុមប្រឹក្សាសន្តិសុខ មិនធ្លាប់ធ្វើកំណែទម្រង់ ឬបន្ថយសិទ្ធិវេតូរបស់សមាជិកអន្រ្តៃយ៍ទាំង៥ ឡើយ ចាប់តាំងពីការកកើតក្រុមប្រឹក្សានេះមក។ 
 
ក្រោយការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ជប៉ុន បានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើរុស្ស៊ី ហើយថែមទាំងផ្តល់ជំនួយ ក្នុងទំហំទឹកប្រាក់ជាច្រើនលានដុល្លារទៅអ៊ុយក្រែនសម្រាប់ជនភៀសខ្លួនថែមទៀត។ ទាក់ទិននឹងបញ្ហានេះ លោក ហ្សេលេនស្គី បានអរគុណជប៉ុន ក៏ដូចជាជំរុញឱ្យប្រទេសនៅតំបន់អាស៊ីខាងកើតមួយនេះ បន្តដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ី។ 
 
បន្ទាប់ពីថ្លែងសុន្ទរកថានៅសភាជប៉ុន មេដឹកនាំកំពូលអ៊ុយក្រែនរូបនេះ បានថ្លែងទៅកាន់សភាបារាំងបន្តទៀត។ ក្នុងជំនួបតាមប្រព័ន្ធវីដេអូ លោក ហ្សេលេនស្គី បានជំរុញឱ្យបារាំងជួយបញ្ឈប់សង្រ្គាម និងបញ្ចុះបញ្ចូលឱ្យរុស្ស៊ីឈប់វាយប្រហារអ៊ុយក្រែន។ 
 
ក្នុងថ្ងៃដដែលនោះ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានចាប់ផ្តើមទស្សនកិច្ចទៅអឺរ៉ុប ដើម្បីចូលរួមក្នុងកិច្ចប្រជុំបន្ទាន់សម្ព័ន្ធយោធាណាតូ, សហភាពអឺរ៉ុប និងក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7)។ នេះជាដំណើរទស្សនកិច្ចដ៏សំខាន់មួយសម្រាប់លោក បៃឌិន ក្នុងការបង្រួបង្រួមសម្ព័ន្ធមិត្ត ដើម្បីដាក់ចេញវិធានការប្រឆាំងនឹងក្រុងមូស្គូ ឱ្យបញ្ឈប់ប្រតិបត្តិការយោធាពិសេសលើទីក្រុងកៀវ។ 
 
ក្នុងដំណើរទស្សនកិច្ចនេះ ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ការផ្តល់អាវុធ និងជំនួយមនុស្សធម៌ទៅអ៊ុយក្រែន ការពង្រឹងកម្លាំងយោធានៅក្នុងប្រទេសសមាជិកណាតូ រួមទាំងដំណោះស្រាយលើការកាត់បន្ថយការពឹងផ្អែកថាមពលពីរុស្ស៊ីជាដើម នឹងជាប្រធានបទដ៏សំខាន់របស់លោក បៃឌិន នៅអឺរ៉ុប៕ 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
  UNSC
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com