អន្តរជាតិ
កូរ៉េខាងជើង និងកូរ៉េខាងត្បូង បាញ់មីស៊ីលព្រមានគ្នាទៅវិញទៅមក
24, Mar 2022 , 8:29 pm        
រូបភាព
រូបភាព៖ KCNA
រូបភាព៖ KCNA
កូរ៉េខាងជើង នៅថ្ងៃទី២៤ ខែមីនា ទំនងជាបាញ់មីស៊ីលបាលីស្ទិកចម្ងាយឆ្ងាយ ទៅក្នុងសមុទ្រខាងកើត។ យោធាកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ។ ជាការឆ្លើយតប កូរ៉េខាងត្បូង បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដោយរួមមានទាំងការបាញ់សាកល្បងមីស៊ីលផងដែរ។

 
តាមសេចក្តីប្រកាសរបស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងនៅថ្ងៃទី២៤ ខែមីនា កូរ៉េខាងជើង បានបាញ់មីស៊ីលមួយគ្រាប់ ក្នុងកម្ពស់យ៉ាងខ្ពស់ទៅក្នុងសមុទ្រខាងកើត។ បើតាម យោធាកូរ៉េខាងត្បូង មីស៊ីលមួយគ្រាប់នេះ ហោះបានកម្ពស់ ៦២០០គីឡូម៉ែត្រ និងចម្ងាយ១០៨០គីឡូម៉ែត្រ មុនធ្លាក់ចូលសមុទ្រ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ូន បានរិះគន់កូរ៉េខាងជើងយ៉ាងខ្លាំង ក្នុងអំឡុងកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខជាតិ។ បើតាមលោក មូន ក្រុងព្យុងយ៉ាង បានបោះបង់ការប្តេជ្ញារបស់ខ្លួនចំពោះសហគមន៍អន្តរជាតិ ក្នុងការមិនសាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីប។ ទន្ទឹមនេះ មេដឹកនាំកូរ៉េខាងត្បូង បានយល់ថា ការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង មិនត្រឹមតែប៉ះពាល់ដល់ឧបទ្វីបកូរ៉េឡើង ប៉ុន្តែវាក៏ប៉ះពាល់ដល់តំបន់ផងដែរ។ 
 
ចំណែកក្រសួងការពារជាតិជប៉ុនវិញ បានអះអាងថា មីស៊ីលរបស់កូរ៉េខាងជើង បានធ្លាក់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន (EEZ)។ បើតាមកងល្បាតសមុទ្រជប៉ុន មីស៊ីលនោះ បានធ្លាក់នៅចម្ងាយ ១៧០គីឡូម៉ែត្រពីទីក្រុង Aomori។ បន្ទាប់ពីការបាញ់នោះ នាយករដ្ឋមន្រ្តីជប៉ុន បានបញ្ជាឱ្យមានការប្រមូលទិន្នន័យ និងវិភាគលើមីស៊ីល។ មិនតែប៉ុណ្ណោះ អាជ្ញាធរជប៉ុន ត្រូវធានាសុវត្ថិភាពរបស់យន្តហោះ នាវា និងទ្រព្យសម្បត្តិផ្សេងទៀងផងដែរ។ 
 
យ៉ាងណាមិញ វាមិនមានរបាយការណ៍ខូតខាតលើទ្រព្យសម្បត្តិអ្វីឡើយ បន្ទាប់ពីការបាញ់មីស៊ីលរបស់ក្រុងព្យុងយ៉ាង មកចូលក្នុងដែនទឹករបស់ជប៉ុន។ 
 
ជាការឆ្លើយតប កម្លាំងយោធាកូរ៉េខាងត្បូង បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតវិញដែរ។ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បានលើកឡើងថា យោធាខ្លួនបានបាញ់មីស៊ីលចេញពីលើដី លើទឹក និងអាកាស ទៅសមុទ្រខាងកើតដូចគ្នា។ 
 
ក្នុងសមយុទ្ធនេះ កូរ៉េខាងត្បូង បានប្រើប្រាស់មីស៊ីលបាញ់ចេញពីលើដីទៅដី Hyunmoo-2 មួយគ្រាប់ និងប្រព័ន្ធមីស៊ីលយុទ្ធសាស្រ្តយោធា (ATACMS) មួយគ្រាប់, មីស៊ីលបាញ់ចេញពីនាវាទៅដី Haesung-II មួយគ្រាប់ និងមីស៊ីលបាញ់ចេញពីលើអាកាសទៅដី JDAM ចំនួនពីរគ្រាប់។ ការបាញ់គ្រាប់ពិតនេះ ជាការផ្ញើសារទៅកូរ៉េខាងជើង ដែលបានសាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីប។ 
 
ការបាញ់មីស៊ីលលើកចុងក្រោយនេះ ធ្វើឡើងមុនពេលកូរ៉េខាងជើង ត្រូវរៀបចំខួបកំណើតរបស់លោក គីម អ៊ីលសុង ដែលជាជីតារបស់លោក គីម ជុងអ៊ុន និងជាប្រធានាធិបតីអមតកូរ៉េខាងជើង។ 
 
មិនតែប៉ុណ្ណោះ ការសាកល្បងខាងលើ ធ្វើឡើងតែរយៈពេល ៤ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុងព្យុងយ៉ាង បានធ្វើសមយុទ្ធបាញ់កាំភ្លើងធំ និងមួយសប្តាហ៍បន្ទាប់ពីសាកល្បងប្រព័ន្ធរ៉ុក្កែតចម្ងាយឆ្ងាយមិនជោគជ័យ។ កូរ៉េខាងជើង បានផ្អាកសាកល្បងបាញ់មីស៊ីលបាលីស្ទិកចម្ងាយឆ្ងាយចាប់តាំងពីឆ្នាំ ២០១៧ មក មុនជំនួបមេដឹកនាំកំពូលជាមួយប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ លើកិច្ចចរចារំសាយកម្មវិធីនុយក្លេអ៊ែរ។ 
 
ចាប់តាំងពីឆ្នាំដើមឆ្នាំ២០២២ មក កូរ៉េខាងជើង បានសាកល្បងមីស៊ីលជាច្រើនលើក ក្នុងនោះមានមីស៊ីលចម្ងាយខ្លី និងមីស៊ីលមានល្បឿនលឿនជាងសំឡេងជាដើម៕ 
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
  មីស៊ីល
© រក្សាសិទ្ធិដោយ thmeythmey.com