អន្តរជាតិ
សម្ព័ន្ធយោធាណាតូ ប្តេជ្ញាផ្តល់ជំនួយមនុស្សធម៌ឱ្យអ៊ុយក្រែន និងបន្តដាក់សម្ពាធលើរុស្ស៊ី
25, Mar 2022 , 11:59 am        
រូបភាព
ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃសមាជិកណាតូទាំង ៣០ប្រទេស។ រូបភាព៖ NATO
ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃសមាជិកណាតូទាំង ៣០ប្រទេស។ រូបភាព៖ NATO
ប្រមុខរដ្ឋាភិបាល និងប្រមុខរដ្ឋរបស់សមាជិកណាតូចំនួន ៣០ប្រទេស នៅថ្ងៃទី២៤ ខែមីនា បានជួបគ្នា ដើម្បីជជែកពីបញ្ហាអ៊ុយក្រែន ​និងការដាក់សម្ពាធបន្ថែមលើរុស្ស៊ី ដែលនៅតែបន្តប្រតិបត្តិការយោធាពិសេស។ ក្នុងជំនួបកំពូលនេះ សម្ព័ន្ធយោធាណាតូ បានឯកភាពបន្តជំនួយមនុស្សធម៌ទៅប្រជាជនអ៊ុយក្រែន ដែលកំពុងភៀសខ្លួន និងជួយអ៊ុយក្រែនការពារខ្លួនពីការវាយប្រហាររបស់រុស្ស៊ី។

 
ជាងរយៈពេល ១ខែហើយ​ រុស្ស៊ីនៅតែបន្តវាយប្រហារលើអ៊ុយក្រែន ដោយបានបង្កឱ្យមានវិបត្តិមនុស្សធម៌ និងប្រជាជនចាកចេញពីប្រទេសជាច្រើន។ ស្របគ្នានេះ សម្ព័ន្ធយោធាណាតូ បានបើកកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលជាបន្ទាន់ ដើម្បីជជែកពីបញ្ហាអ៊ុយក្រែន។ ក្នុងជំនួបនោះ អង្គការណាតូ បានរិះគន់រុស្ស៊ីយ៉ាងខ្លាំងលើការឈ្លានពានរបស់អ៊ុយក្រែន និងជំរុញឱ្យមហាអំណាចនុយក្លេអ៊ែរមួយនេះ ដកទ័ពចេញពីប្រទេសជិតខាងរបស់ខ្លួន។ 
 
មិនតែប៉ុណ្ណោះ សម្ព័ន្ធយោធាណាតូ នឹងបន្តផ្តល់ជំនួយមនុស្សធម៌, ការគាំទ្រលើការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត និងការពារពីសារធាតុនុយក្លេអ៊ែរ, ជីវសាស្រ្ត និងគីមី។ 
 
«ណាតូ​ នឹងបន្តផ្តល់ជំនួយនៅក្នុងវិស័យសន្តិសុខតាមអ៊ីនធឺណិត និងការការពារប្រឆាំងនឹងការគំរាមកំហែងនៃសារធាតុជីវសាស្រ្ត គីមី វិទ្យុសកម្ម និងនុយក្លេអ៊ែរ»។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់សម្ព័ន្ធយោធា បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងព្រុចសែល បែលហ្ស៊ិក ដោយបន្ថែមថា សម្ព័ន្ធមិត្ត កំពុងរៀបចំផ្តល់ជំនួយមនុស្សធម៌ និងទទួលជនភៀសខ្លួនជាច្រើនលាននាក់ផងដែរ។ មិនតែប៉ុណ្ណោះ សេចក្តីថ្លែងការណ៍ដដែលនោះ បានបន្តថា​ រដ្ឋមន្រ្តីការបរទេសណាតូ នឹងពិភាក្សាបន្ថែមទៀត ជុំវិញការគាំទ្រអ៊ុយក្រែន នៅក្នុងខែមេសាខាងមុខ។ 
 
លើសពីនេះ សម្ព័ន្ធយោធាណាតូ បានជំរុញឱ្យរដ្ឋទាំងអស់ រួមទាំងចិនផង គោរពសណ្តាប់ធ្នាប់អន្តរជាតិ គោលការណ៍អធិបតេយ្យរដ្ឋ ចៀសវាងជួយរុស្ស៊ីឱ្យរួចផុតពីការដាក់ទណ្ឌកម្មរបស់បណ្តាប្រទេសជាច្រើន។ 
 
ដើម្បីទប់ស្កាត់នឹងការឈ្លានពានរបស់រុស្ស៊ីមកក្នុងបណ្តាប្រទេសសមាជិក អង្គការណាតូ កំពុងបង្កើតកម្លាំងយោធាពហុភាគីចំនួន៤ទៀតដើម្បីពង្រាយនៅក្នុងប៊ុលហ្ការី, ហុងគ្រី, រូម៉ានី និងស្លូវ៉ាគី។ ទន្ទឹមនេះ សម្ព័ន្ធយោធាណាតូ ក៏បានបញ្ជាក់ពីការត្រៀមខ្លួនទុកជាមុន ក្នុងការការពារ និងការទប់ស្កាត់ពីការគំរាមកំហែងផ្សេងៗទុកជាមុនផងដែរ។ 
 
នៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំជាមួយសម្ព័ន្ធមិត្តនៅថ្ងៃទី២៤ ខែមីនា ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានព្រមានរុស្ស៊ីពីការប្រើប្រាស់អាវុធគីមី និងជីវសាស្រ្តនៅអ៊ុយក្រែន។ បើតាមលោកបៃឌិន ការប្រើប្រាស់អាវុធគីមីពីសំណាក់រុស្ស៊ី នឹងធ្វើឱ្យមានការឆ្លើយតប ស្រដៀងគ្នានោះ។ មិនតែប៉ុណ្ណោះ មេដឹកនាំកំពូលអាម៉េរិក រូបនេះ ក៏បានបញ្ជាក់ផងដែរ ណាតូ នឹងធ្វើសេចក្តីសម្រេច នៅពេលក្រុងមូស្គូ ហ៊ានប្រើប្រាស់អាវុធគីមី។  
 
បន្ទាប់ពីការប្តេជ្ញារបស់សម្ព័ន្ធយោធាណាតូ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអរគុណចំពោះការគាំទ្រ ប៉ុន្តែអ៊ុយក្រែន ត្រូវការជំនួយយោធាខ្លាំង ពោលគឺច្រើនជាងចំនួន ដែលណាតូ មានឆន្ទៈផ្តល់ឱ្យ។ លោក ហ្សេលេនស្គី បានស្នើសុំយន្តហោះចម្បាំង និងរថក្រោះចំនួន១ភាគរយនៃចំនួនណាតូមាន។ 
 
ក្នុងន័យនេះ ប្រធានាធិបតីអ៊ុយក្រែន បានពន្យល់ថា អ៊ុយក្រែន មិនអាចទិញសម្ភារយោធាទាំងនោះបានទេ ប៉ុន្តែបើអ៊ុយក្រែនមាន វានឹងជួយការពារប្រទេសបាន ១០០ភាគរយ ពីការឈ្លានពានរបស់រុស្ស៊ី។ 
 
ក្នុងថ្ងៃដដែល ប្រធានាធិបតីអាម៉េរិក ក៏បានចូលរួមក្នុងក្រុមប្រឹក្សាអឺរ៉ុបផងដែរ។ តាមរយៈសេចក្តីថ្លែងការណ៍រួម មេដឹកនាំអឺរ៉ុប និងអាម៉េរិក បានជជែកពីកិច្ចសហប្រតិបត្តិការកាត់បន្ថយការពឹងផ្អែកលើប្រេងពីរុស្ស៊ី, ពន្លឿនការរៀបចំថាមពលស្អាត និងឆ្លើយតបសន្តិសុខស្បៀង។ ប្រធានបទសន្តិសុខ លទ្ធិប្រជាធិបតេយ្យ ការឈ្លានពានរបស់រុស្ស៊ី និងការបើកការស៊ើបអង្កេតលើការសម្លាប់នៅអ៊ុយក្រែនជាដើម ក៏ត្រូវបានក្រុមប្រឹក្សាអឺរ៉ុប និងមេដឹកនាំអាម៉េរិក លើកយកមកជជែកផងដែរ៕ 
 
 

Tag:
 ណាតូ
  អ៊ុយក្រែន
  រុស្ស៊ី
  EU
© រក្សាសិទ្ធិដោយ thmeythmey.com