ជាតិ
សេដ្ឋកិច្ច
ផ្លូវជាតិលេខ៥១ ជាផ្លូវយុទ្ធសាស្ត្រមួយរបស់រដ្ឋាភិបាល នៃការតភ្ជាប់ទៅកាន់តំបន់សមុទ្រ
25, Mar 2022 , 6:59 pm        
រូបភាព
ផ្លូវជាតិលេខ៥១។ រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ផ្លូវជាតិលេខ៥១។ រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ផ្លូវជាតិលេខ៥១ តភ្ជាប់ពីស្រុកឧដុង្គ ឆ្ពោះទៅដល់ថ្នល់ទទឹងក្នុងប្រវែងជិត៣៨គីឡូម៉ែត្រ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី២៥មីនា។ បើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កំណាត់ផ្លូវនេះមានតម្លៃជាង៤០លានដុល្លារនេះ គឺជាផ្លូវយុទ្ធសាស្ត្រមួយរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន ក្នុងការតភ្ជាប់ទៅកាន់សមុទ្រកម្ពុជា។

 
ផ្លូវជាតិលេខ៥១ក្រាលបេតុងកៅស៊ូAC គឺមានប្រវែងសរុប៣៧,៩៥គីឡូម៉ែត្រ ដោយភ្ជាប់ពីស្រុកឧដុង្គ នៃចំណុចប្រសប់ផ្លូវជាតិលេខ៥ ឆ្ពោះទៅថ្នល់ទទឹងនៃចំណុចប្រសព្វផ្លូវជាតិលេខ៤ ក្នុងទទឹងផ្លូវ១២ម៉ែត្រ។ ផ្លូវនេះ មានភូមិសាស្រ្តនៅខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ ដោយមានភាពប្រទាក់ក្រឡាជាមួយផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៥, ផ្លូវលេខ៤១ដែលភ្ជាប់ទៅផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤២ តភ្ជាប់ទៅភ្នំពេញ និងផ្លូវជាតិលេខ១៤៤០ ឆ្ពោះទៅក្រុងច្បារមនខេត្តកំពង់ស្ពឺ។
 
ផ្លូវជាតិលេខ៥១នេះ គឺជាផ្លូវខ្សែក្រវាត់ភ្នំពេញមួយ ដែលជួយសម្រួលការធ្វើដំណើរ ជាពិសេសសម្រួលការរស់នៅរបស់ពលរដ្ឋនៅខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ជាដើម ដែលមានបំណងចង់ទៅខេត្តតំបន់មាត់សមុទ្រ។ លើសនេះ ផ្លូវមួយខ្សែមួយនេះ គឺជាផ្លូវយុទ្ធសាស្ត្រមួយរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន ក្នុងការតភ្ជាប់ទៅកាន់សមុទ្រកម្ពុជា។ នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល។ 
 

 លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

រដ្ឋមន្រ្តីក្រសួងសាធារណការរូបនេះ  បានថ្លែងក្នុងពិធីដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ នាព្រឹកថ្ងៃទី២៥មីនា ឆ្នាំ២០២២ ថា ផ្លូវនេះយុទ្ធសាស្រ្តតភ្ជាប់ទៅផ្លូវA សៀងហៃវ៉េលេខ១ AH1 នៃរបៀងសេដ្ឋកិច្ចខាងត្បូង ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-ថៃ ក្រុងប៉ោយប៉ែត និងផ្លូវ A សៀងហៃវ៉េលេខ១១ AH11 ឆ្ពោះទៅកំពង់ផែសមុទ្រទឹកជ្រៅខេត្តព្រះសីហនុ ដោយតភ្ជាប់តាមរយៈផ្លូវលេខ៤១ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៣៣ ឆ្ពោះទៅខេត្តកំពត ខេត្តកែប ដែលជាខេត្តមានគោលដៅទេសចរធម្មជាតិ។ លោក ស៊ុន ចាន់ថុល  បាននិយាយដូច្នេះ៖ «ខ្សែផ្លូវនេះកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូន និងវិស័យឧស្សាហកម្ម ដោយសារតំបន់នោះ សម្បូរទៅដោយរោងចក្រឧស្សហកម្ម រោងចក្រសហគ្រាសខ្នាតធំ និងវិស័យអចនទ្រព្យ ដែលបង្កើតការងារ និងបង្កើនបា្រក់ចំណូលដល់ប្រជាពលរដ្ឋរស់នៅតំបន់នោះ»។
 
បើតាមលោក ស៊ុន ចាន់ថុល ផ្លូវមួយខ្សែនេះគឺសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអានក្នុងរយៈពេលជាង២ឆ្នាំ ក្រោមថវិកា៤០,៨៨លានដុល្លារដែលជាហិរញ្ញប្បទានសម្បទានពីប្រទេសចិន  រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ ផងដែរ៕
 

Tag:
 ផ្លូវជាតិលេខ៥
© រក្សាសិទ្ធិដោយ thmeythmey.com