អន្តរជាតិ
លោក បៃឌិន៖ ផលប្រយោជន៍ចិន នឹងជួបបញ្ហា បើជួយរុស្ស៊ី
25, Mar 2022 , 10:29 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅក្នុងកិច្ចប្រជុំសម្ព័ន្ធយោធាណាតូ នៅទីក្រុងព្រុចសែល។ រូបភាព៖ Xinhua
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅក្នុងកិច្ចប្រជុំសម្ព័ន្ធយោធាណាតូ នៅទីក្រុងព្រុចសែល។ រូបភាព៖ Xinhua
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី២៤ ខែមីនា បានលើកឡើងថា លោកបានប្រាប់សមភាគីចិន លោក ស៊ី ជិនភីង យ៉ាងច្បាស់ជុំវិញផលវិបាក ប្រសិនបើហ៊ានផ្តល់ជំនួយអាវុធដល់រុស្ស៊ី។ បើទោះមិនបានបញ្ជាក់ពីផលវិបាកឱ្យបានច្បាស់លាស់ក៏ដោយ ប៉ុន្តែលោកបៃឌិន បានលើកឡើងថា​ ក្រុមហ៊ុនអាម៉េរិក និងក្រុមហ៊ុនបរទេស បានឈប់រកស៊ីជាមួយរុស្ស៊ីជាបន្តបន្ទាប់ ដោយសារតែសកម្មភាពឃោរឃៅរបស់ក្រុងមូស្គូ លើទីក្រុងកៀវ។

 
ក្រោយកិច្ចប្រជុំជាមួយសម្ព័ន្ធមិត្តនៅទីក្រុងព្រុចសែល អាម៉េរិក និងសម្ព័ន្ធមិត្ត បានឯកភាពបន្តជួយជំនួយមនុស្សធម៌ទៅអ៊ុយក្រែន និងជួយប្រទេសមួយនេះ អាចការពារខ្លួនបានពីររុស្ស៊ី។ ក្នុងសន្និសីទសារព័ត៌មានមួយ នៅទីស្នាក់ការណាតូ ក្នុងទីក្រុងព្រុចសែល បែលហ្ស៊ិក អ្នកសារព័ត៌មាន បានសួរសំណួរប្រធានាធិបតីអាម៉េរិក ជុំវិញចំណាត់ការលើចិន ក្នុងករណីក្រុងប៉េកាំងផ្តល់ជំនួយយោធាទៅក្រុងមូស្គូ ដើម្បីបន្តវាយប្រហារលើទីក្រុងកៀវ។ 
 
ជាការឆ្លើយតប មេដឹកនាំអាម៉េរិកដ៏ចាស់វស្សារូបនេះ បានអះអាងថា លោកបានប្រាប់លោកស៊ីយ៉ាងច្បាស់ ដើម្បីធ្វើឱ្យលោកស៊ី ជិនភីង ប្រធានាធិបតីចិន បានយល់ច្បាស់ពីវិបាក ប្រសិនបើចិនជួយរុស្ស៊ី ដូចមានរបាយការណ៍ចេញផ្សាយ។ 
 
«ខ្ញុំមិនបានគំរាមកំហែងអ្វីឡើយ ប៉ុន្តែខ្ញុំបានបង្ហាញថា ក្រុមហ៊ុនអាម៉េរិក និងបរទេសជាច្រើន បានចេញពីរុស្ស៊ី ដោយសារសកម្មភាពដ៏ឃោរឃៅ»។ លោកបៃឌិន បានសង្កត់ធ្ងន់បែបនេះ ដោយរំលឹកឡើងវិញថា លោក និងលោកស៊ី បានជជែកគ្នា ក្នុងរយៈពេលយ៉ាងយូរអំពើផលប្រយោជន៍របស់មេដឹកនាំចិន នៅក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចជាមួយសហភាពអឺរ៉ុប និងអាម៉េរិក។ 
 
បើតាមលោកបៃឌិន លោកស៊ី កំពុងដាក់ខ្លួនឯង និងផលប្រយោជន៍ទាំងនោះ ក្នុងស្ថានភាពគ្រោះថ្នាក់ ប្រសិនបើផ្តល់ជំនួយអាវុធទៅរុស្ស៊ី។ 
 
នៅថ្ងៃទី១ ខែមេសាខាងមុខ ប្រធានាធិបតីចិន នឹងជួបជាមួយមេដឹកនាំសហភាពអឺរ៉ុប ដើម្បីជជែកពីពាណិជ្ជកម្ម ជម្លោះរុស្ស៊ី-អ៊ុយក្រែន និងបញ្ហាផ្សេងទៀត។ ទាក់ទិននឹងជំនួបនោះ លោកបៃឌិន បានលើកឡើងថា អាម៉េរិក បានពិភាក្សាជាមួយសម្ព័ន្ធមិត្តរួចហើយ ជុំវិញកិច្ចពិភាក្សារវាងសហភាពអឺរ៉ុប និងចិន។ 
 
គួររម្លឹកថា​ កន្លងមកសារព័ត៌មានមួយចំនួន បានចុះផ្សាយថា រុស្ស៊ីបានសុំជំនួយយោធាពីចិន ដើម្បីបន្តប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។ ប៉ុន្តែរបាយការណ៍នោះ ត្រូវបានចិនបដិសេធ និងអះអាងថា រុស្ស៊ី មិនបានស្នើសុំបែបនោះឡើយ៕ 
 

Tag:
 អាម៉េរិក
  ចិន
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com