កីឡាអន្តរជាតិ
អន្តរជាតិ
Lomachenko កំពូលអ្នកប្រដាល់អ៊ុយក្រែន មិនទៅប្រកួតដណ្តើមខ្សែក្រវាត់ ដើម្បីនៅការពារប្រទេស
26, Mar 2022 , 10:29 am        
រូបភាព
Vasiliy Lomachenko កំពូលអ្នកប្រដាល់ និងជាម្ចាស់ខ្សែក្រវាតពិភពលោកសញ្ជាតិអ៊ុយក្រែន បដិសេធមិនចូលរួមការប្រកួតដណ្តើមខ្សែក្រវាត់នៅក្រៅប្រទេស ដើម្បីនៅជាមួយគ្រួសារ និងការពារប្រទេសរបស់ខ្លួនដែលរងការបំពានពីរុស្ស៊ី។


 
ជាម្ចាស់មេដាយមាសអូឡាំពិកពីរសម័យកាលក្នុងក្រុងប៉េកាំងឆ្នាំ២០០៨ និងក្រុងឡុងដ៏ឆ្នាំ២០១២ ផង Lomachenko ធ្លាប់បានយល់ព្រមលើកិច្ចព្រមព្រៀងមួយកាលពីខែកុម្ភៈ ដើម្បីឡើងសង្វៀនប្រកួតដណ្តើមខ្សែក្រវាតប្រភេទទម្ងន់ស្រាលពីកីឡាករអូស្ត្រាលី George Kambosos Jr.។ បើតាមការផ្សាយរបស់កាសែត Marca ជំនួបនេះគ្រោងធ្វើឡើងនៅទីក្រុង Melbourne នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ 
 
ប៉ុន្តែដោយសារការលុកលុយរបស់រុស្ស៊ីលើប្រទេសរបស់ខ្លួនអ៊ុយក្រែន Lomachenko បានសម្រេចផ្លាស់ប្តូរគំនិតវិញ ដោយសុខចិត្តនៅការពារទឹកដី និងនៅជួយជុំក្រុមគ្រួសារ។
អ្នកប្រដាល់សញ្ជាតិអ៊ុយក្រែន វ័យ៣៤ឆ្នាំរូបនេះ សព្វថ្ងៃបានចូលរួមក្នុងកងវរសេនាតូចដើម្បីការពារទឹកដី បន្ទាប់ពីរូបគេសម្រេចចាកចេញពីប្រទេសក្រិក ត្រឡប់ទៅប្រទេសកំណើតខ្លួន ស្របពេលកំពុងកើតសង្គ្រាម។
 
លោក Lou DiBella ដែលជាភ្នាក់ងារកីឡារបស់ Lomachenko បានប្រាប់ ESPN នៅថ្ងៃទី២២ ខែមីនាថា Lomachenko បានជ្រើសរើសស្នាក់នៅក្នុងប្រទេសអ៊ុយក្រែន ជាជាងចាកចេញពីប្រទេសអំឡុងពេលហ្វឹកហាត់។
 
«យើងសរសើរគាត់។ យើងគិតថាការសម្រេចចិត្តរបស់គាត់គឺធំជាងប្រដាល់ទៅទៀត។ យើងសួមឱ្យព្រះជួយគាត់ និងក្រុមគ្រួសារគាត់ រួមជាមួយប្រជាជនអ៊ុយក្រែន។ ជាការពិតអ្វីដែលពួកគេកំពុងឆ្លងកាត់គឺសំខាន់ជាងការប្រកួតប្រដាល់»។ នេះជាការលើកឡើងរបស់លោក DiBella។
 
ក្រោយរុស្ស៊ីបើកការវាយលុបទ្រង់ទ្រាយធំលើអ៊ុយក្រែន ប្រទេសនេះបានកំណត់ច្បាប់អាជ្ញាសឹកដោយតម្រូវឱ្យបុរសដែលមានអាយុចន្លោះពី១៨ ទៅ៦០ឆ្នាំមិនអាចចាកចេញពីប្រទេសឡើយ។ យ៉ាងណាមានការស្នើពីស្ថាប័នកីឡា ដើម្បីអនុញ្ញាតឱ្យអត្តពលិកល្បីអាចចាកចេញបាន។
 
Lomachenko ដែលមានប្រវត្តិប្រកួត១៨លើក ឈ្នះ១៦ ចាញ់២លើក បច្ចុប្បន្នកាន់ខ្សែក្រវាតពិភពលោកចំនួន៣ រួមមាន WBA, WBO និង WBC៕
 

Tag:
 Vasiliy Lomachenko
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com