ជាតិ
ទោះមិនរៀបចំព្រឹត្តិការណ៍សង្រ្កាន្តនៅប្រាសាទព្រះវិហារ និងកោះកេរ តែអាជ្ញាធររំពឹងថា នៅតែមានភ្ញៀវទេសចរច្រើន
26, Mar 2022 , 11:07 am        
រូបភាព
ដោយ:
អាជ្ញាធរជាតិព្រះវិហារ នឹងមិនរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ឬកម្មវិធីធំដុំ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនោះទេ ព្រោះបារម្ភពីការរីករាលដាលនៃជំងឺកូវីដ-១៩ ។ យ៉ាងណាមិញ លោក គង់ ពុទ្ធិការ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ រំពឹងថាភ្ញៀវទេសចរនឹងបន្តទៅទស្សនាប្រាសាទព្រះវិហារ និង រមណីយដ្ឋានប្រាសាទកោះកេរ ច្រើន។


 
អាជា្ញធរជាតិព្រះវិហារ ឱ្យអ្នកពាក់ព័ន្ធដែលបម្រើការក្នុងសេវាកម្មទេសចរណ៍នៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ បន្តយកចិត្តទុកដាក់ អនុវត្តវិធានសុខាភិបាល ដើម្បីសាងទំនុកចិត្តទេសចរថាមកលេងប្រាសាទទាំងពីរនេះនឹងឆ្លងជំងឺកូវីដ-១៩នោះទេ។ ដោយបារម្ភពីការរីករាលដាលនៃជំងឺកូវីដ-១៩ អាជ្ញាធរជាតិព្រះវិហារ ក៏សម្រេចមិនរៀបចំព្រឹត្តិការណ៍ ឬ កម្មវិធីណាមួយក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះដែរ។ 

ប្រាសាទកោះកេរ
 
លោក គង់ ពុទ្ធិការ បញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey25 តាមបណ្ដាញសង្គមតេឡេក្រាមដូច្នេះ៖ « វិធានការដ្ឋាភិបាលគឺមិនឱ្យមានការប្រមូលផ្ដុំ និងត្រូវអនុវត្ត៣កុំ៣ការពារ។ យើងអត់មានរៀបចំព្រឹត្តិការណ៍ធំដុំ នៅរមណីយដ្ឋានប្រាសាទព្រះវិហារ និង ប្រាសាទកោះកេរ ទេ។ ប៉ុន្តែយើងរៀបចំតុបតែង តាមរមណីយដ្ឋានដើម្បីទទួលស្វាគមទេសចរ សម្រាប់ថ្ងៃសម្រាកបុណ្យចូលឆ្នាំ» ។ 


លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ

យ៉ាងណាមិញអគ្គនាយកអាជ្ញាធរជាតិព្រះវិហាររូបនេះរំពឹងថា ទេសចរនឹងទៅកម្សាន្តនៅតំបន់ប្រាសាទព្រះវិហារ និងប្រាសាទកោះកេរច្រើន ព្រោះទេសចរដែលធ្វើដំណើរក្នុងខេត្តសៀមរាប អាចបន្តទៅកម្សាន្តនៅខេត្តព្រះវិហារ ដោយសារផ្លូវងាយស្រួល។ លើសពីនេះ ប្រជាពលរដ្ឋនៅតំបន់កោះកេ នឹងមានលក់ផ្លែឈើប្រចាំតំបន់ ក្នុងរដូវបុណ្យចូលឆ្នាំ ហើយនេះក៏ការទាក់ទាញទេសចរផងដែរ ៕
 


Tag:
 ប្រាសាទព្រះវិហារ
  ប្រាសាទកោះកេរ
© រក្សាសិទ្ធិដោយ thmeythmey.com