ជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ជំរុញឱ្យខេត្តនានារៀបចំព្រឹត្តិការណ៍សង្រ្កាន្ត តាមលទ្ធភាពរៀងខ្លួន
26, Mar 2022 , 8:59 pm        
រូបភាព
កម្មវិធីសង្រ្កាន្ត ក្នុងវិទ្យាល័យសុខអាន ត្រាំខ្នារ កាលពីឆ្នាំ២០១៩។ រូបភាព៖ KH8 Media
កម្មវិធីសង្រ្កាន្ត ក្នុងវិទ្យាល័យសុខអាន ត្រាំខ្នារ កាលពីឆ្នាំ២០១៩។ រូបភាព៖ KH8 Media
ដោយ:
លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ ជំរុញឱ្យខេត្តនីមួយៗរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ឬ កម្មវិធីណាមួយ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា តាមលក្ខខណ្ឌសមស្រប ដោយមិនបង្កហានិភ័យនៃជំងឺកូវីដ-១៩។


 
មុនការរីករាលដាលនៃជំងឺកូវីដ-១៩ ខេត្តមួយចំនួនបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តទ្រង់ទ្រាយធំ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងទាក់ទាញទេសចរជាតិ-អន្តរជាតិ ។ ប៉ុន្តែព្រឹត្តិការណ៍ទាំងនេះ ត្រូវបានផ្អាករយៈពេល២ឆ្នាំ ព្រោះជំងឹកូវីដ-១៩។ ជាមួយគ្នានេះ ក្នុងពិធីឆ្នាំខ្មែរក្នុងឆ្នាំ២០២២នេះ លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍បានលើកទឹកចិត្តឱ្យខេត្តនីមួយរៀបចំកម្មវីធី ឬសង្ក្រាន្ត តាមលទ្ធភាព ដើម្បីទាក់ទាញទេសចរឡើងវិញ។
 
លោក តុប សុភ័ក បញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey25 ដូច្នេះ៖ « ជាទស្សនផ្ទាល់ខ្លួនរបស់ខ្ញុំចូលឆ្នាំ ឆ្នាំនេះអាចមានផលល្អច្រើនជាងមុន ដោយសារស្ថានភាពនៃការគ្រប់គ្រងជំងឺកូវីដ-១៩ របស់យើងបានល្អ អ៊ីចឹងទោះមិនមានរៀបចំព្រឹត្តិការណ៍អីធំដុំ តែខ្ញុំជឿថានឹងមានការរៀបចំកម្មវិធីតាមខេត្តដូចពីកាលចូលឆ្នាំសាកលកន្លងទៅ។ តាមខេត្តនីមួយៗ អាចរៀបចំព្រឹត្តិការណ៍សមស្រប ព្រោះស្ថានភាពកូវីដ-១៩ ខុសៗគ្នា។ តែយ៉ាងណា យើងគួររៀបចំព្រឹត្តិការណ៍ឱ្យមានភាពទាក់ទាញ ដើម្បីសេដ្ឋកិច្ចសង្គមស្របទៅតាមការបើកប្រទេសឡើងវិញ »។

លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍
 
លើសពីនេះ លោក តុប សុភ័ក ក៏បានអំពាវនាវឱ្យអាជីវករក្នុងវិស័យទេសចរណ៍ទាំងអស់រក្សាគុណភាពសេវាកម្ម ព្រោះវិស័យទេសចរណ៍ ពឹងផ្អែកទាំងស្រុងលើសេវាកម្ម អនាម័យ បដិសណ្ឋារកិច្ច និងផលិតផល ដើម្បីត្រៀមទទួលទេសចរក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។ បើសិនសេវាកម្មល្អ ទេសចរនឹងមានកំណើន ហើយអាជីវករនឹងមានចំណូល។
 
គិតមកទល់ពេលនេះ តាមសាលារៀន និង ខេត្តមួយចំនួន កំពុងសិក្សាពីលទ្ធភាពនៃការរៀបចំកម្មវិធីអបអរចូលឆ្នាំប្រពៃណីខ្មែរ។ ជាក់ស្ដែងលោក ទៀ សីហា អភិបាលខេត្តសៀមរាប បានប្រាប់សារព័ត៌មានThmeyThmey25 ដែរថា សង្រ្កាន្តសៀមរាប អាចនឹងរៀបចំតាមដងស្ទឹងសៀមរាប និងតំបន់ផាប់ស្ទ្រីត រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ឆ្នាំ២០២២។ កម្មវិធីអង្គរសង្រ្កាន្តនេះ មានទំហំនៃការរៀបចំតិចជាងអង្គរសង្រ្កាន្ត ហើយកម្លាំងមន្រ្តី និងយុវជន មានចំនួនកំណត់ រួមទាំងការកាត់បន្ថយទីតាំងនៃកម្មវិធីផងដែរ៕
 
 

Tag:
 ThmeyThmey25
  ព្រឹត្តិការណ៍សង្ក្រាន្ត
  ចូលឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com