កីឡាជាតិ
ជាតិ
AFF Futsal៖ កម្ពុជាប្រមូលផ្ដុំហ្វឹកហាត់នៅថៃ ខណៈម្ចាស់ផ្ទះ ជឿជាក់ខ្លាំងក្នុងការការពារជើងឯក
26, Mar 2022 , 10:59 pm        
រូបភាព
ក្រុមជម្រើសជាតិ Futsal កម្ពុជា រូបពីសហព័ន្ធកីឡាបាល់ទាត់ជាតិ
ក្រុមជម្រើសជាតិ Futsal កម្ពុជា រូបពីសហព័ន្ធកីឡាបាល់ទាត់ជាតិ
កម្ពុជាបានប្រមូលផ្ដុំកីឡាករជម្រើសជាតិ សម្រាប់ប្រកួត Futsal នៅប្រទេសថៃ ដែលនឹងប្រកួតនៅថ្ងៃទី២-១០ ខែមេសា ឆ្នាំ២០២២ នៅកីឡដ្ឋាន Huamark ទីក្រុងបាងកក ខណៈ ម្ចាស់ផ្ទះ មានការជឿជាក់ខ្លាំងចំពោះការការពារតំណែងជើងឯក ។


 
ការទទួលឈ្នះជើងឯក១៥ សម័យកាល ក្នុងចំណោមការប្រកួត១៦ សម័យកាល ធ្វើឲ្យគ្រូបង្វឹកថៃ លោក Carlos Cesar មានជំនឿជាខ្លាំងទៅលើកីឡាករខ្លួន ក្នុងការក្លាយជាជើងឯកមួយសម័យកាលទៀត ។ ការបង្ហាញនៅភាពជឿជាក់នេះ ដោយសារក្រុមខ្លួនបានប្រកួតឈ្នះ អ៊ីរ៉ង់ ដែលជាក្រុមខ្លាំងក្នុងតំបន់អាស៊ី ក្នុងលទ្ធផល ៣-០ ។ 
 
«យើង បានឃើញការពង្រឹង និងអភិវឌ្ឍន៍របស់ក្រុម ហើយសមាជិកក្រុមទាំងអស់ធ្វើបានល្អ ចំពោះការប្រកួត NSDF Futsal Invitation Championship Thailand 2022» ។ នេះជាការលើកឡើងរបស់លោក Carlos Cesar ដែលចាត់ទុកការប្រកួតនេះ ជាការកម្ដៅសាច់ដុំក្នុងដំណើរធ្វើជាម្ចាស់ផ្ទះ ប្រកួត AFF Futsal Championship 2022 ។ 
 
សម្រាប់ការប្រកួត AFF Futsal Championship ប្រទេសការពារដំណែងជើងឯក ថៃ ត្រូវប្រកួតជាមួយ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ព្រុយណេ និង កម្ពុជា នៅក្នុងពូល A ខណៈ ពូលB មាន វៀតណាម មីយ៉ាន់ម៉ា ទីម័រខាងកើត និងអូស្ត្រាលី ។
 
សម្រាប់កម្ពុជា ក៏បានប្រមូលកីឡាករជម្រើសជាតិ ២៥នាក់ មកពីក្លិបចំនួន៨ ដើម្បីហ្វឹកហាត់ត្រៀមប្រកួត AFF Futsal Championship នៅទីក្រុងបាងកក ។ ក្នុងចំណោម២៥នាក់នោះ ត្រូវហ្វឹកហាត់ នឹងជម្រុះបន្ដទៀត ដោយផ្អែកលើបច្ចេកទេស និងស្មារតីក្រុម ។ ការហ្វឹកហាតជម្រើសជាតិនេះ ធ្វើរហូតដល់ថ្ងៃទី៣០ ខែមីនា ។
 កីឡាករជម្រើសជាតិកម្ពុជារួមមាន ៖ 
 
មកពីក្លិបបាលទាត់ ឱម៉ាល់ ៣រូប៖ នួន វាសនា, ញឹក ថាលីដា និង ឡាក់ ភីរុណ។ 
ក្លិបបាល់ទាត់ ឃ្មុំ ១រូប៖ ហេង យុត្យា ។
ក្លិបបាល់ទាត់ Alpha FT ៥ រូប៖ សារ៉ាយ ដានិទ្ធ, អោកចាន់ សេរីវង្ស, អេង វត្តត្រា, រស់ ស៊ីវត្តត្រា និង រស់ ស៊ីចំរើន ។
ក្លិប Young Gun FT ២រូប៖ ភឿន ចាន់វាសនា, លន់ សុធីតារ័ត្ន 
ក្លិប Avatar FC ២រូប៖ គឹម ប៊ុនរ៉ុង និង តាត់ ផាត់ឌី 
ក្លិបនគរខ្មែរ ១រូប៖ ទី តូនី
ក្លិប The Blue Warrior FC ៥រូប៖ គន្ធ លន់ដារ៉ូត, កែវ ជាតួ, កែវ សុចិត្រា, តុង ច័ន្ទមុនី និង អ៊ុល ច័ន្ទបូរ៉ា
ក្លិប Tai Chi FT ៥រូប៖ ឌុក សុផាត, ធឿន បញ្ញា, សរ សុនស័ក្កសារ៉ាវុធ, ព្រំ ឌីយ៉ាម៉ង, ណុប ពិសិដ្ឋ
ក្លិប C-Light FT ១រូប៖ កែ កុសលរតនា ៕
 

Tag:
 បាល់ទាត់
  Futsal
  AFF Futsal Championship
© រក្សាសិទ្ធិដោយ thmeythmey.com