ជាតិ
សិល្បះ
រៀនត្រឹមកម្រិតមធ្យមសិក្សា តែព្រឹទ្ធាចារ្យ ជិត ជន អាចបង្រៀនថ្នាក់បរិញ្ញាបត្រភាសាបាលី
28, Mar 2022 , 8:59 am        
រូបភាព
ភ្នំពេញ​៖ ត្រឹម​តែ​រយៈ​ពេល​៤​ថ្ងៃប៉ុណ្ណោះ​ នៃ​ការ​បង្រៀន​ផាត់​មុខ​ បែប​ពិសេស (Special Effect) ដល់​យុវជនខ្មែរ​​ចំនួន​៨​រូប​ អ្នក​នាង​ ឌូ ពុធមូលីតា​ ទទួល​បាន​លទ្ធផល​យ៉ាង​គាប់​ចិត្ត​។ គាត់​ចិត្ត​ ក៏​ព្រោះ​តែ​សិស្ស​ទាំង​៨​រូប​ ធ្វើ​បាន​យ៉ាង​ល្អ​លើស​ពី​ការ​រំ​ពឹង​ទុក ​របស់​អ្នក​នាង​​។


 
ក្នុង​ដំណើរពី​អាមេរិក ​មក​លេង​គ្រួសារ​ និង​ចូល​រួម​ពិធី​មង្គល​ការ​របស់​ប្អូន នៅ​​ប្រទេស​កម្ពុជា អ្នក​នាង ឌូ ពុធមូលីតា បាន​ចំណាយ​ពេល​​៤ថ្ងៃ ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង​ផាត់​មុខ​បែប​ពិសេស( Special Effect) ពី​ Hollywood  ដល់​អ្នក​ផាត់​មុខ​បែប​ស្អាត​នៅ​កម្ពុជា​។ ៤​ថ្ងៃ​នេះ អ្នក​នាង មូលីតា អះ​អាង​ថា​ សិស្ស​របស់​អ្នក​នាងទាំង​៨​នាក់​ ពិត​ជា​ធ្វើ​បាន​ល្អ​ លើស​ពី​ការ​រំពឹង​ទុក​របស់​អ្នក​នាង​។
 
សូមទស្សនាវីដេអូសម្ភាសខាងក្រោមនេះ៖

 
 
ស្ថិត​ក្នុង​កម្ម​វិធី​បិទ​បញ្ចប់​វគ្គ​ផាត់​មុខ​បែប​ពិសេស អ្នក​នាង​ ឌូ ពុធមូលីតា អះ​អាង​៖«​មក​លើក​នេះ​ ខ្ញុំ​ឆ្លៀត​មែន​ទែន ​មក​បង្រៀន​ពួក​គាត់​ ព្រោះ​នេះ​ជា​បំណង​របស់​ខ្ញុំ​តាំង​ពី​យូរ​មក​ហើយ​ ដែល​ថា​ពេល​ដែល​ខ្ញុំ​មាន​ឱកាស​ ខ្ញុំ​នឹង​ចែក​រំលែក​ចំណេះ​ទាំង​នេះទៅ​កាន់​កូន​ខ្មែរ។ ដើម្បី​ឱ្យឧស្សាហកម្ម​ភាព​យន្ត​ក្នុង​ប្រទេស​យើង​កាន់​តែ​រីក​ចម្រើន​។ រយៈ​ពេល​ខ្លី​មែន​ទែន​ ប៉ុន្តែ​ពួក​គាត់​អាច​ធ្វើ​បាន​ល្អ​ខ្លាំង​ ខ្ញុំ​ពិត​ជា​រំភើប​ចិត្ត​។ ខ្ញុំ​រៀន​រាប់​ឆ្នាំ តែ​គាត់​រៀន​៤​ថ្ងៃ​ គាត់​អាច​ធ្វើ​បាន​។ កូន​ខ្មែរ​យើង​មិន​ធម្មតា​ទេ ឱ្យ​តែ​មាន​សម្ភារ​គ្រប់​គ្រាន់​ ពួក​គាត់​អាច​ធ្វើ​បាន​ទាំង​អស់​»។ 




អ្នក​នាង ឌូ ពុធមូលីតា ទទួល​កម្រង​ផ្កា​ពីសិស្ស ក្នុង​ថ្ងៃបិទវគ្គ​ផាត់​មុខ Special Effect
 
ចំណែក​លោក វ៉ាត វ៉ាន់ គឺ​ជា​អ្នក​ផាត់​មុខ​បែប​ស្អាត​មួយ​រូប​ គឺ​ជា​សិស្ស​​ផ្នែក​ផាត់​មុខ​បែប​ពិសេស​ របស់​អ្នកនាង​ ​ឌូ ពុធមូលីតា​។ ស្នាដៃ​ក្រោយ​បញ្ចប់​វគ្គ​សិក្សា​រយៈ​ពេល​៤​ថ្ងៃ វ៉ាន់​ បង្កើត​បាន​ជា​តួអង្គ​មួយ​ ដែល​មាន​មុខ​ដូច​សត្វឆ្មាបន្តិច ដូចសត្វ​​​ខ្លា​បន្តិច ដូច​សត្វ​តោបន្តិច ហើយ​មាន​ស្នែង​វែង​ដូច​សត្វ​អ្វី​មួយ​ផ្សេង​ទៀត​។ ស្នាដៃ​ដែល​បង្កើត​ឡើង ត្រូវ​បាន​ វ៉ាន់​ ផ្សារ​ភ្ជាប់​ជាមួយ​សាច់​រឿង​យ៉ាង​ច្បាស់​។ 
 
តួអង្គ​ដែល​ វ៉ាន់​ បង្កើត​ឡើង​ មាន​រឿង​រ៉ាវ​នៅ​ពី​ក្រោយ​យ៉ាង​ចាប់​អារម្មណ៍​។ ដំបូង​ឡើយ​​មានគូស្វាមី​ភរិយា​មួយ​គូស្រឡាញ់​គ្នា​យ៉ាង​ខ្លាំង​​។ ពួក​គេ​បាន​ស្បត់​សច្ចានឹង​គ្នា​​ថា ពួក​គេ​នឹង​មិន​បែក​គ្នា​ឡើយ​។ ប៉ុន្តែ​បើ​ថ្ងៃ​ណា​មួយ​ ពួក​គេ​ត្រូវ​បែក​គ្នា​មែន ហើយ​បើ​នរណា​ម្នាក់​ ទៅ​​ស្រឡាញ់​អ្នក​ផ្សេង​ នោះ​កូន​ដែល​នឹង​កើត​មក​ នឹង​ត្រូវ​មាន​រូប​រាង​អាក្រក់​ខុស​ពី​មនុស្ស​ធម្មតា​​។
 

លោក វ៉ាត វ៉ាន់ បង់​កក្រមា
 
នៅ​ទី​បំផុត​គូស្នេហ៍​មួយ​គូ​នោះ​ បាន​បែក​គ្នា​។ ភាគី​ខាង​ស្រី បាន​ទៅ​ស្រឡាញ់​បុរស​ម្នាក់​ទៀត។ មិន​យូរ​ប៉ុន្មាន​ពួក​គេ​បង្កើត​បាន​កូន​ស្រី​ម្នាក់​ ប៉ុន្តែ​កូន​ស្រី​នោះ​ មាន​រូប​រាង​មិនដូច​មនុស្ស​ធម្មតា គឺ​សដូច​ដែល​បាន​រៀប​រាប់​ខាង​លើមក​នោះ​​​។ 
 
«យើង​ឃើញ​ទឹក​មុខ​របស់​គាត់​ ហាក់​ដូច​ជា​មាន​កង្វល់​ខ្លាំង​ណាស់​ គឺ​មក​ពី​គាត់​មាន​រូប​រាង​មិន​ដូច​មនុស្ស​ធម្មតា​។ ហើយ​រឿង​ទាំង​នោះ​ គឺ​បណ្ដាល​មក​ពី​ពាក្យ​សម្បថ​របស់​ម្ដាយ​ឪពុក​របស់​គាត់​»។ នេះ​ជា​ការ​ពន្យល់​របស់​លោក វ៉ាត វ៉ាន់​។ 
 
មិន​ខុស​គ្នា​ឡើយ​ អ្នក​នាង កែវ ណាវី​ ដែល​ជា​អ្នក​និពន្ធ​ឯករាជ​មួយ​រូប​ ក៏​បាន​បង្កើត​សាច់​រឿង​របស់​ខ្លួន ដើម្បី​បង្កើត​ស្នាដៃ​ផាត់​មុខ​ដ៏​អស្ចារ្យ​ផង​ដែរ។ រឿង​របស់​ ណាវី ផ្ដើម​ចេញ​ពី​អំបូរ​សត្វ​តោ​ភ្លើង ដែល​ត្រូវ​បាន​គេ​តាម​ប្រមាញ់​ ព្រោះ​មនុស្ស​មាន​ជំនឿ​ថា ការ​បាន​ផឹក​ឈាម​របស់​សត្វ​មួយ​ប្រភេទ​​នេះ នឹង​ធ្វើ​ឱ្យ​ពួក​គេ​មាន​ជីវិត​អមៈ​។ ព្រោះ​តែ​ការយាយី​ពី​មនុស្ស​ សត្វ​តោភ្លើង​ ដែល​សល់​តែ​មួយ​ក្បាល​ នៅ​លើ​ផែន​ដី​ បាន​បង្ខំ​ចិត្ត​ រត់​ចេញ​ពី​ដែន​ដី​របស់​ខ្លួន​ ដើម្បីរក្សា​ជីវិត​។ 
 

 អ្នក​នាង កែវ ណាវី កាន់​លិខិតបញ្ជាក់​ការ​សិក្សា​
 
ប៉ុន្តែ​ការ​រត់​គេច​នេះ បាន​ធ្វើ​ឱ្យ​សត្វ​តោ​ភ្លើង​ត្រូវ​ជាប់​បណ្ដាសា ដែល​ត្រូវ​មាន​ខ្លួន​ជា​មនុស្ស​ តែ​មុខ​ដូច​ជា​សត្វ​តោ​ទៅ​វិញ​។ រៀង​រាល់​ថ្ងៃ​ពេញ​បូណ៌​មី​ តោភ្លើង​នេះ​ប្រែ​ក្លាយ​ជាសត្វ​តោ​ពេញ​លក្ខណៈ​ ហើយ​ទៅ​ចាប់​មនុស្ស​ហត់​ឈាម​ បូជា​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​វង់​ ដើម្បី​ឱ្យ​គេ​មាន​រូប​រាង​ជា​មនុស្ស​ពេញ​លក្ខណៈ​។ 
 
អ្នក​និពន្ធឯករាជ​ ណាវី បន្ថែម​៖«​ប្រហែល​ជា​គេ​គិត​ថា​ អ្នក​និពន្ធ​នឹង​អ្នក​ផាត់​មុខ​ មិន​ជាប់​ទាក់​ទង​គ្នា​ទេ​ ប៉ុន្តែ​តាម​ពិត​គឺ​ជាប់​។ បើ​អ្នក​និពន្ធ​មិន​បាន​យល់​ដឹង ​ពី​បុគ្គលិកលក្ខណៈ​របស់​តួច្បាស់​ ក៏​ពិបាក​នឹង​ស្រមៃ​ឱ្យ​ចេញ​ជា​រឿង​ដែរ​។ ការ​ផាត់​មុខ​ ក៏​អ្នក​និពន្ធ​ត្រូវ​តែ​ដឹង​ដែរ ដើម្បី​យើង​អាច​ស្រមៃ​ចេញ​រូប​ភាពដែល​ខ្លួន​ចង់​បាន​។ ទាំង​អារម្មណ៍​ ទាំង​សម្លៀក​បំពាក់​ ទាំង​ស្បែក​ជើង​ និយាយ​រួម ស្ទើរ​តែ​គ្រប់​ផ្នែក​ អ្នក​និពន្ធ​ត្រូវ​តែ​មាន​ចំណេះ​ដឹងទាំង​អស់​ បើ​មិន​បាន​ច្រើន​ ក៏​បាន​ខ្លះ​ៗ​ដែរ ដើម្បី​ឱ្យ​ការ​ងារ​ចេញ​លទ្ធផល​បាន​ល្អ​»។
 
វិល​មក​អ្នក​ ពុធមូលីតា​ វិញ អ្នក​នាង​ថា នេះ​គឺ​ជា​លើក​ទី​មួយ​ដែល​ខ្លួន​បង្រៀន​ផាត់​មុខ​បែប​ពិសេរស​ដោយ​ផ្ទាល់​ទៅ​កាន់​សិស្ស​។ ហើយ​ទៅ​ថ្ងៃ​មុខ​ អ្នក​នាង​នៅ​តែ​បន្ត​បង្រៀន​ និង​ចែក​រំលែក​ទៅ​កាន់​កូន​ខ្មែរ​ផ្សេង​ៗ​ទៀត​។ 
 
និយាយ​ប្រកប​ដោយ​ស្នាម​ញញឹម​ អ្នក​នាង មូលីតា បន្ថែម​៖«​ពី​មុខ​ខ្ញុំ​ធ្លាប់​បង្រៀន​ដែរ តែ​បែប​ផាត់​មុខ​ស្អាត​ធម្មតា​។ ក៏​មាន​ដែរ​បង្រៀន​តាម​អនឡាញ​ ប៉ុន្តែ​បង្រៀន​ផាត់​បែប​ពិសេស ហើយ​បង្រៀន​ផ្ទាល់​​ នេះ​គឺ​ជា​លើក​ទី​មួយ​។ ខ្ញុំ​នឹង​បង្រៀន​បន្ត​ទៀត ខ្ញុំ​មិន​​លាក់​ចំណេះ​ទេ ព្រោះ​ដើម្បី​វិស័យ​​កុន​នៅ​ប្រទេស​យើង​រីក​ចម្រើន​ដូច​ប្រទេស​គេ​ដែរ​»។


ស្នាដៃ​របស់​​សិក្ខាកាម​
 
សូម​បញ្ជាក់​ថា នៅ​កម្ពុជា អ្នក​មាន​ជំនាញ​ផាត់​មុខ​បែប​ពិសេស ( Special Effect) ពុំ​សូវ​មាន​ច្រើន​ឡើយ​​។ ដែល​មាន​ច្រើន​នោះ​ គឺ​អ្នក​ផាត់​មុខ​បែប​ស្អាត​ ឬ​បែប​ធម្មជាតិ​។ ទោះ​ជា​យ៉ាង​ណា ក្រោយ​ពី​បង្រៀន​សិស្ស​បាន​៨​រូប​ក្នុង​វគ្គ​ខ្លី​នេះ អ្នក​នាង ឌូ ពុធមូលីតា សង្ឃឹម​ថា សិស្ស​របស់​ខ្លួន​ទាំង​អស់​ នឹង​យក​ចំណេះ​នេះ​ ទៅ​ចែក​រំលែក​បន្ត​ទៀត ដើម្បី​ឱ្យ​មាន​អ្នក​ចេះ​ជំនាញ​នេះ​កាន់​តែ​ច្រើន​ ក្នុង​ប្រទេស​កម្ពុជា៕
 
 

Tag:
 ផាត់​មុខ​
  Hollywood
  សិស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com