ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន៖ កម្ពុជា មិនអាចប្រកាន់ជំហរអព្យាក្រឹត្យ លើការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន បានទេ
28, Mar 2022 , 9:08 am        
រូបភាព
ភ្នំពេញ៖ ការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន មិនអាចឱ្យកម្ពុជា ប្រកាន់ជំហរអព្យាក្រឹត្យបានទេ។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបានពន្យល់ពីមូលហេតុកម្ពុជា បោះឆ្នោតប្រឆាំងរុស្ស៊ី ដែលបានឈានពានអ៊ុយក្រែននេះថា កម្ពុជាអនុវត្តនយោបាយការបរទេស ផ្អែកលើច្បាប់អង្គការសហប្រជាតិ ដោយមិនគាំទ្រការប្រើប្រាស់កម្លាំងយោធាទេ។


 
«ខ្ញុំនៅតែរក្សាជំហររបស់ខ្ញុំ ទោះមានសេចក្តីសម្រេចចិត្ត(ការបោះឆ្នោតរបស់អង្គការសហប្រជាជាតិ)ប៉ុន្មានទៀតក៏ដោយ ក៏ខ្ញុំនៅឈរខាងអ៊ុយក្រែន»។ សម្ដេច ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នៅព្រឹកថ្ងៃទី២៨ មីនា។ 
 


ប្រមុខរដ្ឋាភិបាល បានប្រកាសថា កម្ពុជាមិនគាំទ្ររាល់សកម្មភាពឈ្លានពានទាំងឡាយឡើយ ព្រោះកម្ពុជាធ្លាប់រងគ្រោះដោយសារការឈ្លានពានពីបរទេសជាច្រើនទសវត្សមកហើយ។ សម្រាប់សម្ដេច ហ៊ុន សែន កម្ពុជាមិនអាចប្រកាន់នយោបាយការបរទេសអព្យាក្រឹត្យ ចំពោះសកម្មភាពរុស្ស៊ី ឈ្លានពានលើអ៊ុយក្រែនបានឡើយ ។
 
ក្នុងន័យនេះសម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា កម្ពុជា ប្រកាន់ជំហរគោរពគោលការណ៍ច្បាប់ ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដែលចែងអំពីការហាមប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ និងឈ្លានពានទៅលើប្រទេសដទៃទៀត។ ដូច្នេះកម្ពុជា ចេញមុខថ្កោលទោសរុស្ស៊ីនេះ គឺវាសមស្របតាមស្ថានភាពជាក់ស្ដែង និងច្បាប់អន្តរជាតិ។«យើងប្រឆាំង មិនថាប្រទេសរុស្ស៊ីទេ ប្រទេសណាក៏ដោយ លើកទ័ពពីប្រទេសមួយ ទៅឈ្លានពានប្រទេសមួយ យើងត្រូវតែថ្កោលទោស ។ អាហ្នឹងខ្ញុំសូមបញ្ជាក់ ជំហរផ្លូវការរបស់យើង គឺយើងប្រឆាំងដាច់ខាត ជាមួយនឹងការប្រើប្រាស់កម្លាំង ឬការគំរាមប្រើប្រាស់កម្លាំងប្រឆាំងនឹងប្រទេសមួយផ្សេងទៀត ក្នុងទំនាក់ទំនងអន្តរជាតិ។ យើងត្រូវតែគោរពអធិបតេយ្យ ឯករាជ្យរបស់ប្រជាជាតិនានា ។ ការគោរពអធិបតេយ្យរបស់អ៊ុយក្រែន មានតម្លៃស្មើនឹងការគោរពឯករាជ អធិបតេយ្យរបស់កម្ពុជាដូចគ្នា»។ នេះបើតាមការបកស្រាយរបស់ប្រមុខរដ្ឋាភិបាល។
 
ការបកស្រាយរបស់លោកនាយករដ្ឋមន្រ្តី នៅពេលនេះ គឺឆ្លើយតបទៅនឹងអ្នកតាមដានភូមិសាស្រ្តនយោបាយ និងមតិសាធារណជនមួយចំនួន ដែលវាយតម្លៃលើជំហររបស់កម្ពុជា ចំពោះការបោះឆ្នោតគាំទ្រអង្គការសហប្រជាជាតិ ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសរុស្ស៊ី។ កម្ពុជា បានបោះឆ្នោតថ្កោលទោសរុស្ស៊ីនេះ ២លើកមកហើយ។ 
 
បើតាមសម្ដេច ហ៊ុន សែន រុស្ស៊ីមិនអាចប្រើប្រាស់កម្លាំងយោធាវាយយកអ៊ុយក្រែនបានទេ ហើយក៏មិនអាចរំលាយរដ្ឋបាលប្រទេសមួយនេះដែរ។ សម្រាប់ប្រមុខរដ្ឋាភិបាលកម្ពុជា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន មិនអាចយកសង្គ្រាម ទៅបញ្ចប់សង្គ្រាមនោះទេ ពោលគឺមានតែការចរចាប៉ុណ្ណោះ ទើបអាចបញ្ចប់ភ្លើងសង្គ្រាមនេះបាន។
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com