ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី អះអាងថា អ្នករៀបចំវេទិកាពិភពលោកនៅអាល្លឺម៉ង់ សោកស្តាយដែលលោក កឹម សុខា មិនបានទៅចូលរួម
28, Mar 2022 , 10:53 am        
រូបភាព
លោក កឹម សុខា ជួបអ្នកស្រី ផេត្រា ស៊ីហ្គមុន (Petra Sigmund) មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសអាល្លឺម៉ង់ ក្នុងឱកាសដែលអ្នកស្រី មកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីចុងខែមករា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា
លោក កឹម សុខា ជួបអ្នកស្រី ផេត្រា ស៊ីហ្គមុន (Petra Sigmund) មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសអាល្លឺម៉ង់ ក្នុងឱកាសដែលអ្នកស្រី មកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីចុងខែមករា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា
សហមេធាវីរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ អះអាងក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ថា អ្នករៀបចំវេទិកាគោលនយោបាយពិភពលោក (World Policy Forum) ស្តីពីដំណោះស្រាយសាកល (Global Solution Summit) នៅទីក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់ បង្ហាញការសោកស្តាយ ដែលលោក កឹម សុខា មិនអាចអញ្ជើញទៅចូលរួមក្នុងវេទិកានេះ ពីព្រោះតុលាការកម្ពុជា មិនអនុញ្ញាត។ តាមរយៈសំណេរលើព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លោក កឹម សុខា ខ្លួនឯង ក៏បង្ហាញការសោកស្តាយដែរ។


 
ថ្វីបើមិនបានទៅចូលរួម លោក កឹម សុខា នៅតែថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ និងវេទិកាគោលនយោបាយពិភពលោក ដែលបានផ្តល់កិត្តិយសដល់លោក ដោយអញ្ជើញលោក ឲ្យទៅចូលរួមធ្វើបាឋកថាចែករំលែកទស្សនៈ។ លោក លើកឡើងថា អ្នករៀបចំវេទិកានេះ រំពឹងទុកថា ការចូលរួមរបស់លោក នឹងអាចផ្តល់ផលប្រយោជន៍ដល់ពិភពលោក ហើយក៏ជាកិត្តិយសរបស់កម្ពុជាផងដែរ។
 
មេដឹកនាំប្រឆាំង ដែលកំពុងទាក់ដៃជើងដោយសារក្តីក្តាំនៅតុលាការរូបនេះ បានបួងសួងដូច្នេះថា«សូមឲ្យមនុស្សជាតិទាំងឡាយ មានសិទ្ធិសេរីភាព មានយុត្តិធម៌ និងមានព្រហ្មវិហារធម៌ ដើម្បីឲ្យពិភពលោកមានសន្តិភាពពិត»។
 
សេចក្តីថ្លែងការណ៍របស់ក្រុមមេធាវី បានឲ្យដឹងថា តុលាការ បានអនុញ្ញាតឲ្យលោក កឹម សុខា ចូលរួមថ្លែងបាឋកថាតាមប្រព័ន្ធអនឡាញ ពីកម្ពុជា ទៅកាន់វេទិកាគោលនយោបាយពិភពលោក។ ប៉ុន្តែ លោក មិនអាចចូលរួមបានឡើយ ទោះតាមប្រព័ន្ធអនឡាញក៏ដោយ។ ក្រុមមេធាវី បញ្ជាក់ថា អ្នកសម្របសម្រួលវេទិកានេះ កំណត់កម្មវិធីរួចរាល់ហើយ សម្រាប់លោក កឹម សុខា ជាវាគ្មិនកិត្តិយស ដែលត្រូវឡើងធ្វើបាឋកថាដោយផ្ទាល់ ដោយមិនអាចប្តូរមកធ្វើពីចម្ងាយតាមប្រព័ន្ធអនឡាញនោះទេ។
  
លោក ចាន់ ចេន មេធាវីម្នាក់ ក្នុងចំណោមមេធាវីទាំង៤នាក់របស់លោក កឹម សុខា ប្រាប់ក្រុមអ្នកកាសែត កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅមុខតុលាការភ្នំពេញ ក្រោយចេញពីសវនាការថា លោក កឹម សុខា ទទួលបានការអញ្ជើញ តាំងពីចុងខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីទៅចូលរួមវេទិកាគោលនយោបាយពិភពលោកនៅអាល្លឺម៉ង់។ វេទិកាកម្រិតពិភពលោកនេះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។
 
គួររម្លឹកថា លោក កឹម សុខា ត្រូវបានតុលាការ ដាក់បម្រាមមិនឲ្យចេញទៅក្រៅប្រទេស ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៨ ពោលគឺ តុលាការ ដាក់បម្រាមនេះលើលោក ចាប់តាំងពីលោក ត្រូវបានដោះលែងពីពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃ្មុំ ឲ្យទៅរស់នៅក្នុងគេហដ្ឋាន នៅរាជធានីភ្នំពេញវិញ។ ការមិនឲ្យធ្វើសកម្មភាពនយោបាយ ក៏ជាបម្រាម ដែលតុលាការ ដាក់ទៅលើលោកដែរ ហើយលោក នៅជាប់បម្រាមនេះ មកដល់បច្ចុប្បន្ន៕  
 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com