កីឡាជាតិ
ជាតិ
ភ្នំពេញក្រោនមិនទាន់ស្គាល់ឈ្នះ ខណៈព្រះខ័នរាជស្វាយរៀងបន្តបាន៣ពិន្ទុពេញ
28, Mar 2022 , 11:20 am        
រូបភាព
Marcus Haber (អាវក្រហម) របស់ព្រះខ័នរាជស្វាយរៀង ប្រជែងយកបាល់ជាមួយ ទេព ហ្វីលីព របស់ Tiffy Army។ រូបថត CPL
Marcus Haber (អាវក្រហម) របស់ព្រះខ័នរាជស្វាយរៀង ប្រជែងយកបាល់ជាមួយ ទេព ហ្វីលីព របស់ Tiffy Army។ រូបថត CPL
ដោយ: រួបរួម
ម្ចាស់ការពារតំណែងជើងឯកភ្នំពេញក្រោន មិនទាន់ស្គាល់ជ័យជម្នះឡើយ ខណៈការប្រកួតក្របខណ្ឌខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ ឈានដល់សប្តាហ៍ទី៤។ ពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយវិសាខា ស្របពេលដែលព្រះខ័នរាជស្វាយរៀង បន្តទទួលបាន៣ពិន្ទុចំនួន៤ប្រកួតជាប់គ្នា ក្រោយបំបាក់ម្ចាស់ផ្ទះ កងយោធពលខេមរភូមិន្ទ ៣-១។



ជំនួបសប្តាហ៍ទី៤ កាលពីថ្ងៃសៅរ៍នៅកីឡដ្ឋានស្មាត អ.អេស.អិន រវាងភ្នំពេញក្រោន និងវិសាខា បានបញ្ចប់ដោយគ្មានការស៊ុតបាល់បញ្ចូលទី។ ម្ចាស់ការពារជើងឯកភ្នំពេញក្រោន នៅតែមិនទាន់ស្គាល់ជ័យជម្នះរបស់ខ្លួនឡើយនៅរដូវកាលនេះ ដោយចាញ់២ប្រកួត និងស្មើ២ប្រកួត ខណៈវិសាខា ឈ្នះ១ប្រកួត ចាញ់១ប្រកួត និងស្មើ១ប្រកួត។



នៅស្តាតចាស់ឯណោះវិញ ព្រះខ័នរាជស្វាយរៀង បន្តរដូវកាលដ៏អស្ចារ្យរបស់ខ្លួន ដោយឈ្នះ៤ប្រកួតជាប់គ្នា។ ក្នុងជ័យជម្នះ ៣-១ លើម្ចាស់ផ្ទះ កងយោធពលខេមរភូមិន្ទ (Tiffy Army) ខ្សែប្រយុទ្ធកាណាដា Marcus Haber រកបានគ្រាប់បាល់បញ្ចូលទី៣គ្រាប់តែម្នាក់ឯង មុនពេលខ្សែប្រយុទ្ធកូតឌីវ័រ Ibrahim Abou Dicko វាយបកបាន១គ្រាប់សម្រាប់ទ័ព។

នៅកីឡដ្ឋានព្រីនស៍ឯណោះវិញ ណាហ្គាវើលដ៍ បានប្រើប្រាស់ជាទឹកដីសម្រាប់ជំនួបជាមួយគិរីវង់សុខសែនជ័យ។ អ៊ាន ពន្លឺ រកបានគ្រាប់បាល់នាំមុខសម្រាប់ក្រុមខេត្តតាកែវ ប៉ុន្តែណាហ្គាវើលដ៍បានវាយបកវិញ២គ្រាប់ដែលសម្រេចបានដោយខ្សែប្រយុទ្ធប្រេស៊ីល Da Cruz និង Dos Santos Christian។ លទ្ធផល ២-១ ដែលកើតឡើងតាំងពីតង់ទីមួយ ត្រូវបានរក្សារហូតដល់បញ្ចប់ការប្រកួត។

រីឯការប្រកួតគូដំបូងប្រចាំសប្តាហ៍ទី៤នៅកីឡដ្ឋានខេមបូឌាអ៊ែវេ ម្ចាស់ផ្ទះបឹងកេត បានយកឈ្នះអង្គរថាយហ្គឺរ ២-០។ ម៉ាត់ ណូរុន បានរកគ្រាប់បាល់បញ្ចូលទីនៅនាទី៥៤ ពោលគឺប៉ុន្មានវិនាទីប៉ុណ្ណោះ ក្រោយបង្ហាញវត្តមាននៅលើទីលាន ហើយគ្រាប់បាល់ទី២ពីការភ្លាត់ស្នៀតធ្វើឲ្យចូលទីខ្លួនឯងរបស់ខ្សែការពារអង្គរថាយហ្គឺរ ម៉ុត សត្យា។

គិតមកដល់ពេលនេះ ព្រះខ័នរាជស្វាយរៀង បន្តឈរលើកំពូលតារាងដោយមាន១២ពិន្ទុពេញ តាមពីក្រោយដោយ ណាហ្គាវើលដ៍ (៩ពិន្ទុ), វិសាខា (៧ពិន្ទ), បឹងកេត (៦ពិន្ទុ)។ អង្គរថាយហ្គឺរ និងកងយោធពលខេមរភូមិន្ទ មាន៤ពិន្ទុដូចគ្នា ខណៈភ្នំពេញក្រោនមាន២ពិន្ទុ និងគិរីវង់សុខសែនជ័យ មាន១ពិន្ទុ។

លីគ២៖ កោះកុង និងអគ្គិសនី ឈរលើកំពូលតារាង
នៅការប្រកួតជម្រើសជើងឯកលីគ២ កាលពីថ្ងៃអាទិត្យ ព្រៃវែងអេហ្វស៊ី ឈ្នះខេត្តត្បូងឃ្មុំ ៨-១, សាលាកីឡាបាល់ទាត់ជាតិឈ្នះម្ចាស់ផ្ទះ បន្ទាយមានជ័យ ៧-០, សៀមរាបអែហ្វស៊ី ឈ្នះណិចស្តិបអេហ្វស៊ី ១-០, កោះកុងអេហ្វស៊ី ឈ្នះនគរបាលជាតិ ៤-១, អគ្គិសនីកម្ពុជាឈ្នះ អាយអេសអាយ ដង្កោសែនជ័យ ៣-០ និងអាស៊ីអឺរ៉ុបយូណាយធីត ឈ្នះ សូលទីឡូអង្គរ ២-១។

ក្រោយប្រកួតបាន៤សប្តាហ៍ កោះកុង និងអគ្គិសនី ឈរលើកំពូលតារាងដោយមាន១០ពិន្ទុស្មើគ្នា តាមប្រកៀកពីក្រោយដោយព្រៃវែង និងអាស៊ីអឺរ៉ុប (៩ពិន្ទុដូចគ្នា)។ នគរបាលជាតិមាន៧ពិន្ទុ, សាលាបាល់ទាត់ជាតិ និងដង្កោសែនជ័យ មាន៦ពិន្ទុដូចគ្នា។

បន្ទាយមានជ័យស្ថិតនៅលេខ៨ ដោយមាន៤ពិន្ទុ រីឯត្បូងឃ្មុំ, សៀមរាប និងណិចស្តិប មាន៣ពិន្ទុរៀងៗខ្លួន។ សូលទីឡូ មិនទាន់ស្គាល់ជ័យជម្នះឡើយ ក្រោយប្រកួតបាន៤លើក៕



© រក្សាសិទ្ធិដោយ thmeythmey.com