ជាតិ
សម្ដេច ហ៊ុន សែន៖ មន្ត្រីអក្ខរកម្មព័ត៌មានវិទ្យា មិនអាចតែងតាំងឱ្យកាន់តំណែងធំៗឡើយ
28, Mar 2022 , 11:39 am        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានណែនាំឱ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ចៅហ្វាយខេត្ត-ក្រុង និងមន្រ្តីទាំងអស់ ត្រូវរៀនសូត្រពីព័ត៌មានវិទ្យា ដើម្បីប្រជុំ និងទំនាក់ទំនងឱ្យបានប្រសើរជាងមុន។ សម្ដេច ហ៊ុន សែន អះអាងថា បើមន្ត្រីណាមិនចេះប្រើប្រាស់បណ្ដាញសង្គមសម្រាប់ទំនាក់ទំនងនោះ សម្ដេចមិនអាចតែងតាំងពួកគេឱ្យកាន់តំណែងធំៗឡើយ។

 
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឱ្យមន្រ្តីទាំងអស់ត្រូវចេះប្រើប្រាស់ទូរស័ព្ទ សម្រាប់ទំនាក់ទំនង និងប្រជុំផ្សេងៗ។ សម្ដេច ហ៊ុន សែន ថ្លែងថា ក្នុងសម័យបច្ចេកវិទ្យានេះ មន្រ្តីទាំងអស់ មិនអាចបន្តទំនាក់ទំនងតាមការហៅទូរស័ព្ទ (Call) ទៀតនោះទេ។ សម្ដេច ទំនងជារំខានអារម្មណ៍ជាមួយមន្រ្តីដែលអក្ខរកម្មព័ត៌មានវិទ្យា។
 
«ទេ សម័យនេះហើយ! អស់លោកឧបនាយករដ្ឋមន្រ្តី អស់លោករដ្ឋមន្រ្តី អស់លោកទាំងឡាយ     មន្រ្តីកម្ពុជា ទាំងអស់ ត្រូវតែរៀនសូត្រ (ព័ត៌មានវិទ្យា)។ ពីមុនខ្ញុំប្រើពាក្យថា អក្ខរកម្មកុំព្យូទ័រ។ ឥឡូវ ខ្ញុំប្រើពាក្យអក្ខរកម្មព័ត៌មានវិទ្យា»។ នេះបើតាមសម្ដេច ហ៊ុន សែន​ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នៅព្រឹកថ្ងៃទី២៨ មីនា។ 
 


លោកនាយករដ្ឋមន្រ្តី ក៏បានស្នើសុំឱ្យមន្រ្តីទាំងអស់ ចេះប្រើទូរស័ព្ទសម្រាប់ប្រជុំតាមប្រព័ន្ធអឺនធឺណេត និងទំនាក់ទំនងការងារផ្លូវការ ព្រោះការហៅទូរស័ព្ទដោយផ្ទាល់ ហាក់មិនមានសុវត្ថិភាព។ 
 
«មិនបាច់ចេះអីច្រើនទេ! ចេះតែប្រើជុំវិញប្រព័ន្ធទូរស័ព្ទហ្នឹង។ បើអ្នក មិនចេះទេ ខ្ញុំមិនអាចតែងតាំងបានទេ។ ព្រោះឧទាហរណ៍ បើឱ្យធ្វើអភិបាលខេត្ត អត់ចេះប្រើ WhatApp, Telegram, Viber, Line, Wechat ស្អីផង។ ឬក៏ប្រើ Zoom សម្រាប់ការប្រជុំផង តែងតាំងលោក លោកប្រជុំជាមួយគេយ៉ាងមិច? អ៊ីចឹង អត់តែងតាំងទេ»។ នេះជាការថ្លែងរបស់សម្ដេច ហ៊ុន សែន៕ 

Tag:
 ហ៊ុន សែន
  មន្រ្តីរាជការ
© រក្សាសិទ្ធិដោយ thmeythmey.com