អន្តរជាតិ
លោក ហ្សេលេនស្គី៖ អ៊ុយក្រែន អាចពិចារណាបញ្ហាអព្យាក្រឹតភាព និងសន្តិសុខជាមួយរុស្ស៊ី
28, Mar 2022 , 2:52 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (ខាងឆ្វេង) ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ AFP
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (ខាងឆ្វេង) ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ AFP
អ៊ុយក្រែន និងរុស្ស៊ី នឹងបន្តកិច្ចចរចារបស់ខ្លួននៅក្រុងអ៊ីស្តង់ប៊ុល ទឹកដីតួកគី ក្នុងសប្តាហ៍នេះ។ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់តួកគី។ មុនជំនួបចរចានេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកអាចពិចារណាប្រកាសអព្យាក្រឹតភាព និងការធានាសន្តិសុខជាមួយរុស្ស៊ី។

 
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងសមភាគីតួកគីតៃយីប អ៊ែរដូហ្កាន់ នៅថ្ងៃទី២៧ ខែមីនា បានពិភាក្សាតាមទូរសព្ទ ជុំវិញការវិវដ្តចុងក្រោយនៃសង្រ្គាមអ៊ុយក្រែន និងបទឈប់បាញ់ជាដើម។ ក្នុងជំនួបនោះ មេដឹកនាំប្រទេសទាំងពីរ បានឯកភាពរៀបចំកិច្ចចរចារវាងអ៊ុយក្រែន និងរុស្ស៊ី នៅទីក្រុងអ៊ីស្តង់ប៊ុលនៅសប្តាហ៍នេះផងដែរ។ នេះបើតាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយទីភ្នាក់ងាររដ្ឋាភិបាលតួកគីនៅថ្ងៃទី២៧ ខែមីនា។ 
 
ទាក់ទងជំនួបនេះ រុស្ស៊ី និងអ៊ុយក្រែនបង្ហាញកាលបរិច្ឆេទខុសគ្នា។ លោក David Arakhamia សមាជិកតំណាងអ៊ុយក្រែន បានបញ្ជាក់នៅក្នុងបណ្តាសង្គម Facebook នៅថ្ងៃទី២៧ ខែមីនាថា ការចរចា ធ្វើចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា»។យ៉ាងណាមិញ លោក Vladimir Medinsky ប្រមុខតំណាងចរចារុស្ស៊ី បានលើកឡើងថា កិច្ចប្រជុំជួបផ្ទាល់ នឹងធ្វើឡើងនៅថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមីនា។ 
 
កន្លងមក រុស្ស៊ី​ បានទាមទារឱ្យអ៊ុយក្រែនបញ្ឈប់ការចូលរួមក្នុងសម្ព័ន្ធយោធាណាតូ ប្រកាន់អព្យាក្រឹតភាព និងទទួលស្គាល់តំបន់ផ្តាច់ខ្លួននៅភាគខាងកើតអ៊ុយក្រែនជាដើម។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី២៧ ខែមីនា បានបញ្ជាក់យ៉ាងច្បាស់ថា ចំណុចទាក់ទិននឹងអព្យាក្រឹតភាព កំពុងត្រូវបានពិភាក្សា និងសិក្សាយ៉ាងម៉ត់ចត់។
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានរុស្ស៊ី លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា រដ្ឋាភីបាលអ៊ុយក្រែនបច្ចុប្បន្ន អាចពិចារណាប្រកាសអព្យាក្រឹត និងផ្តល់ការធានាសន្តិសុខសម្រាប់រុស្ស៊ីដោយក្នុងនោះ រួមទាំងការដាក់អ៊ុយក្រែនជាប្រទេសគ្មានអាវុធនុយក្លេអ៊ែរផង។ បញ្ហាទាំងនេះ  អាចនឹងដាក់ក្នុងការធ្វើប្រជាមតិ ដែលធ្វើឡើងដោយប្រជាជនអ៊ុយក្រែន បន្ទាប់ពីយោធារុស្ស៊ីដកចេញពីប្រទេស។ 
 
បន្ទាប់ពីកិច្ចសម្ភាសនោះ រុស្ស៊ីបានហាមឃាត់ការចុះផ្សាយកិច្ចសម្ភាសពីសំណាក់សារព័ត៌មានរុស្ស៊ីភ្លាមៗ ហើយថែមទាំងព្រមានពីចំណាត់ការមួយចំនួនលើប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថែមទៀត។ 
 
ទាក់ទងនេះដែរ ក្រុងមូស្គូ នៅក្នុងខែមីនានេះ បានស្នើក្រុងកៀវឱ្យអនុវត្តអព្យាក្រឹតដូចស៊ុយអែត និងអូទ្រីស រួមទាំងការធានាសន្តិសុខ និងគ្មានមូលដ្ឋានយោធាបរទេសនៅអ៊ុយក្រែន។  ប៉ុន្តែសំណើនោះត្រូវបានក្រុងកៀវបដិសេធ ដោយអះអាងថា មានតែប្រជាជនអ៊ុយក្រែនប៉ុណ្ណោះ ដែលអាចធានាសន្តិសុខរបស់ខ្លួនបាន។ 
 
គួររម្លឹកថា តំណាងក្រុងកៀវ និងក្រុងមូស្គូ បានចរចាជាច្រើនលើកនៅបេឡារុស មុននឹងចរចាតាមប្រព័ន្ធវីដេអូ។ ប៉ុន្តែកិច្ចចរចាទាំងនោះ មិនទទួលបានលទ្ធផលធំដុំអ្វីឡើយ តែបានឯកភាពបន្តកិច្ចចរចាតទៅទៀត។ មិនតែប៉ុណ្ណោះ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន និងរុស្ស៊ី ក៏ធ្លាប់ជួបគ្នាម្តងដែរ នៅតួកគី ប៉ុន្តែវាមិនមានលទ្ធផលដូចគ្នា៕ 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
  តួកគី
© រក្សាសិទ្ធិដោយ thmeythmey.com