អន្តរជាតិ
អាម៉េរិក និងហ្វីលីពីន ចាប់ផ្តើមសមយុទ្ធយោធារួមគ្នាដ៏ធំ
28, Mar 2022 , 9:29 pm        
រូបភាព
អាម៉េរិក និងហ្វីលពីន បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាមួយដ៏ធំ នៅហ្វីលីពីន ក្នុងថ្ងៃទី២៨ ខែមីនា ដើម្បីពង្រឹងទំនាក់ទំនងការពារជាតិទ្វេភាគី ស្របពេលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងមានជម្លោះដែនទឹកជាមួយចិន នៅក្នុងសមុទ្រចិនខាងត្បូង។ សមយុទ្ធយោធា ដែលមានទាហានចូលរួមជិត ៩ពាន់នាក់នេះ នឹងប្រព្រឹត្តទៅរយៈពេល ១២ថ្ងៃ។

 
ទាហានចំនួនជិត ៩ពាន់នាក់ ដែលក្នុងនោះមានយោធាហ្វីលីពីនចំនួន ៣៨០០នាក់ និងយោធាអាម៉េរិកចំនួន ៥១០០នាក់ ត្រូវចូលរួមក្នុងសមយុទ្ធយោធារយៈពេល ១២ថ្ងៃ នៅលើកោះ Luzon។ សមយុទ្ធយោធាប្រចាំឆ្នាំ Balikatan  នឹងផ្តោតលើសន្តិសុខលើដែនសមុទ្រ, កិច្ចប្រតិបត្តិការរវាងទ័ពជើងគោក និងជើងទឹក, ការបាញ់គ្រាប់ពិត, ការប្រឆាំងភេរវកម្ម, ជំនួយមនុស្សធម៌ និងការជួយសង្រ្គោះពីគ្រោះមហន្តរាយជាដើម។ 
 
«យោធាអាម៉េរិក និងហ្វីលីពីន នឹងហ្វឹកហ្វឺនរួមគ្នា ដើម្បីអភិវឌ្ឍយុទ្ធសាស្រ្ត បច្ចេកទេស និងនីតិវិធី ដែលពង្រឹងសមត្ថភាពឆ្លើយតប រួមទាំងការត្រៀមខ្លួនរួចរាល់ ចំពោះការគំរាមកំហែងបច្ចុប្បន្ន»។ ឧត្តមសេនីយ៍ទោ Jay Bargeron មេបញ្ជាការកងពលទីបីនៃកងម៉ារីនអាម៉េរិក បានបញ្ជាក់បែបនេះ ដោយបន្ថែមថា ហ្វីលីពីន នៅតែជាដៃគូនៃកម្លាំង និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ 
 
នៅក្នុងពិធីចាប់ផ្តើមសមយុទ្ធយោធាក្នុងថ្ងៃទី២៨ ខែមីនា​ អគ្គសេនាធិការយោធាហ្វីលីពីន Andres Centino បានថ្លែងថា សមយុទ្ធ Balikatan នឹងបង្ហាញពីសម្ព័ន្ធភាពដ៏ស៊ីជម្រៅរវាងប្រទេសទាំងពីរ។ 
 
ពាក់ព័ន្ធនឹងសមយុទ្ធយោធានេះ អាជ្ញាធរតំបន់លើកោះ Luzon បានជំទាស់នឹងសមយុទ្ធបាញ់គ្រាប់ពិត ដោយសារក្តីបារម្ភថាវាអាចធ្វើឱ្យចិនផ្ទុះកំហឹង។ ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន AP អភិបាលខេត្ត Cagayan ដែលជាកន្លែងកងទ័ពជើងទឹក និងជើងគោក ត្រូវធ្វើប្រតិបត្តិការយោធារួមគ្នា លោក Manuel Mamba អះអាងថា ហ្វីលីពីន ត្រូវតែភ្ជាប់ទំនាក់ទំនងជាមួយចិន មិនមែនសង្រ្គាមឡើយ។ 
 
កន្លងមក ចិនបានបង្ហាញការចាប់អារម្មណ៍ក្នុងការវិនិយោគក្នុងខេត្ត Cagayan ដែលមានការអភិវឌ្ឍយឺតលើវិស័យកសិកម្ម និងឧស្សាហកម្ម។ 
 
ក្នុងជម្លោះនៅសមុទ្រចិនខាងត្បូងនេះ រដ្ឋាភិបាលក្រុងប៉េកាំង បានទាមទារសមុទ្រចិនខាងត្បូងស្ទើរតែ ៩០ភាគរយ ដោយផ្អែកលើភស្តុតាងប្រវត្តិសាស្រ្ត និងច្បាប់អន្តរជាតិ។ ហ្វីលីពីនដែលជាភាគីជម្លោះមួយដែរនោះ ហាក់ប្រកាន់ជំហរទន់ភ្លន់ក្នុងអាណត្តិលោក រូ៉ឌ្រីហ្គោ ឌូទើតេ ៕
 

Tag:
 អាម៉េរិក
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com