កីឡាជាតិ
ជាតិ
បញ្ចប់ការប្រកួតកីឡាការ៉ាតេអាស៊ីអាគ្នេយ៍ដោយជោគជ័យ ជាសញ្ញាណវិជ្ជមានដល់ការរៀបចំស៊ីហ្គេម ២០២៣
28, Mar 2022 , 5:59 pm        
រូបភាព
Arivalagan Ponniyah នាយកបច្ចេកទេសជម្រើសជាតិម៉ាឡេស៊ី រូបពី Camsoc
Arivalagan Ponniyah នាយកបច្ចេកទេសជម្រើសជាតិម៉ាឡេស៊ី រូបពី Camsoc
ការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍លើកទី៩ នាថ្ងៃទី២៥-២៧ ខែមីនា ត្រូវបានបញ្ចប់ទៅដោយជោគជ័យ ដោយកម្ពុជា ទទួលបានការសរសើរពីប្រទេសសមាជិកចូលរួម ។ ការធ្វើជាម្ចាស់ផ្ទះជើងឯកអាស៊ីអាគ្នេយ៍លើកទី៩ ដោយជោគជ័យនេះ ធ្វើឲ្យ ប្រតិភូពីបណ្ដាលប្រទេសចូលរួម យល់ថា កម្ពុជា នឹងរៀបចំស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ បានដោយល្អប្រសើរជាក់ជាមិនខាន ។



សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានទទួលការសរសើរពីប្រទេសចូលរួម ចំពោះការរៀបចំដ៏ល្អ ទាំងបដិសណ្ឋារកិច្ច ការហូបចុក ជាពិសេសការទប់ស្កាត់ និងការពារពីកូវីដ-១៩ ។ លោក Arivalagan Ponniyah នាយកបច្ចេកទេសក្រុមការ៉ាតេជម្រើសជាតិម៉ាឡេស៊ី បានបង្ហាញនូវការពេញចិត្ត និងសប្បាយចិត្តក្នុងការមកដល់ប្រទេសកម្ពុជា ជាលើកទី១ របស់ខ្លួន ។ 

ជម្រើសជាតិកម្ពុជា និងប្រតិភូ ចូលរួមប្រកួតផ្សេងទៀត រូបពី Camsoc
 
យោងតាមគេហៈទំព័ររបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (CAMSOC) នាយកបច្ចេកទេសរូបនេះ បាននិយាយថា៖«ខ្ញុំយល់ឃើញថា កម្ពុជាកំពុងត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ហើយខ្ញុំគិតថា កម្ពុជានឹងរៀបចំព្រឹត្តិការណ៍កីឡានេះ បានល្អប្រសើរជាក់ជាមិនខាន បើទោះបីជាកម្ពុជាទើបតែរៀបចំការប្រកួតស៊ីហ្គេម ជាលើកដំបូងសម្រាប់កម្ពុជាក្តី។ ខ្ញុំមើលឃើញថា ការរៀបចំជាច្រើនរបស់កម្ពុជា កំពុងត្រូវបានធ្វើឡើង ហើយខ្ញុំពិតជារីករាយខ្លាំងណាស់ ដែលនឹងមានឱកាសវិលត្រឡប់កម្ពុជាម្តងទៀត សម្រាប់ស៊ីហ្គេម នាឆ្នាំក្រោយ»។
 
គួរបញ្ជាក់ផងដែរថា ក្នុងចំណោម៩ប្រទេស ចូលរួមនេះ ម្ចាស់ផ្ទះកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៤ ដោយឈ្នះ មេដាយមាស១ ប្រាក់១ សំរឹទ្ធ៥ ខណៈ ប្រទេសវៀតណាម ចំណាត់ថ្នាក់លេខ១ ឈ្នះមេដាយមាស៥ ប្រាក់៥ សំរឹទ្ធ៣, ឥណ្ឌូនេស៊ី លេខ២ មេដាយមាស៥ ប្រាក់៣ សំរឹទ្ធ៦ ។ ដោយឡែក ម៉ាឡេស៊ី ចំណាត់ថ្នាក់លេខ៣ ឈ្នះមេដាយមាស ៥ ប្រាក់៣ សំរឹទ្ធ៤ ៕
 
 

Tag:
 ការ៉ាតេ
© រក្សាសិទ្ធិដោយ thmeythmey.com